វៀតណាម ៖ លោក គុជ ប៊ុណ្ណារ៉ា ដែលទទួលបានអាណិតអាសូរយ៉ាងខ្លាំងពីបណ្តាញអ្នកលេងហ្វេសប៊ុក ទាក់ទងនឹងស្ថានភាពជំងឺកូនស្រី ដែលកើតជំងឺរលាកស្រោមខួរធ្ងន់ធ្ងរ ពេលនេះបានទៅដល់ប្រទេសវៀតណាមហើយ បន្ទាប់ពីទទួលបានការឧបត្ថម្ភទាំងស្រុង ទាំងការចាយវាយ ថ្លៃធ្វើដំណើរ និងថ្លៃព្យាបាលពីបងស្រីអគ្គនាយិកាប្រតិបតិ្តនៃក្រុមហ៊ុនទឹកពិសា វីតាល់។
ការផ្តល់ជាការឧបត្ថម្ភបែបនេះ ត្រូវបានទទួលការសាទរយ៉ាងខ្លាំងពីបងប្អូន បណ្តាអ្នកលេងហ្វេសប៊ុករាប់មឺននាក់ ដែលម្នាក់ៗបានសាទរដល់ក្រុមហ៊ុន វីតាល់ ក៏ដូជាលោកជំទាវ ជឹង សុគន្ធាវី ដែលមានចិត្តសន្តោសប្រណីដ៏ថ្លៃថ្លារាល់សកម្មភាពសង្គមនានានៅប្រទេសកម្ពុជា ។
ដោយទទួលបានការយកចិត្តទុកដាក់នឹងទំនុកបម្រុងយ៉ាងយកចិត្តទុកដាក់ លោក ប៊ុណ្ណារ៉ាសម្តែងការសេចក្តីថ្លែងអំណរគុណជាខ្លាំងដល់លោកជំទាវ ជឹង សុគន្ធាវី ដោយលោកបានបង្ហោះនូវចំណាប់អារម្មណ៍មួយចំនួនក្នុងទំព័រហ្វេសប៊ុករបស់លោកមុននឹងលោកចាកចេញទៅប្រទេសវៀតណាមថា៖ «ដោយមានការអាណិតអាសូរពីលោកជំទាវ ជឹង សុគន្ធាវី ក្រុមប្រឹក្សាភិបាល និងជានាយិកាប្រតិបត្តិរបស់ក្រុមហ៊ុន NVC Corporation (Vital) លោកជំទាវបានផ្តល់ជាថវិកា និងបានផ្តួចផ្តើមបញ្ជូន តីតី ទៅព្យាបាលជំងឺនៅមន្ទីរពេទ្យប្រទេសវៀតណាម ជំនាញផ្នែកខួរក្បាល ។ នេះជាទឹកចិត្តដ៏ថ្លៃថ្លារបស់លោកជំទាវ ដោយបានផ្តល់ឱកាសឱ្យខ្ញុំបានធ្វើនូវរឿងដែលខ្ញុំប្រាថ្នាចង់បញ្ជូនកូន តីតី ទៅព្យាបាលនៅក្រៅប្រទេសជាយូរណាស់មកហើយ ។
សូមជូនពរដល់លោកជំទាវឱ្យជួបនូវភាពជោគជ័យជានិច្ច និងក៏សូមអរគុណដល់បងប្អូនប្រុសស្រី និងមិត្តៗនៅក្នុង Facebook ដែលមានចិត្តអាណិតអាសូរដល់ តីតី ដោយបានធ្វើការ Comment ជូនពរដល់ តីតី ជាហូរហែ ។ លទ្ធផលយ៉ាងណានោះ ខ្ញុំនឹងផ្តល់ជាព័ត៌មាននៅពេលក្រោយទៀត សូមអរគុណ ៕
ចំពោះព័ត៌មានពីស្ថានភាពជំងឺនៅបន្តទៀត យើងនឹងរាយការណ៍ពេលក្រោយ។
ចែករំលែកព័តមាននេះ