ខេត្តត្បូងឃ្មុំ ៖ ទោះបីជាច្បាប់ចរាចរណ៍ថ្មីមានភាពតានតឹងយ៉ាងណាក្តី ក៏គេសង្កេតឃើញមនុស្សមួយចំនួននៅតែធ្វេសប្រហែស និងមិនគោរពច្បាប់ចរាចរណ៍ដោយជិះម៉ូតូមិនពាក់មួកសុវត្ថិភាព ។ ជាក់ស្តែងកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី២៣ មីនា ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៧ ត្រង់ចំណុចភូមិពោន ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូនិងរថយន្តម៉ាកសាំយ៉ុង ពណ៌បៃតងចាស់ ពាក់ស្លាកលេខភ្នំពេញ2AF-8817 បណ្តាលឲ្យអ្នកជិះម៉ូតូមិនពាក់មួកសុវត្ថិភាពម្នាក់ស្លាប់ភា្លមៗនៅកន្លែងកើតហេតុ ។
លោកអនុសេនីយ៍ឯក គង់ សីហុង អធិការរងនគរបាលស្រុកត្បូងឃ្មុំ បានឲ្យដឹងថា ម៉ូតូម៉ាកកូរ៉េ ធុនសេ១០០ ពណ៌ក្រហម មួយគ្រឿង មិនមានស្លាកលេខ បើកបរដោយបុរស ឈ្មោះ រស់ សារិន អាយុ៤៤ឆ្នាំ ជាចុងភៅធ្វើម្ហូបការ មានទីលំនៅភូមិក្រពើ ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ជិះតែម្នាក់ឯង ពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុក៏ត្រូវរថយន្តដឹកអ្នកដំណើរ បើកពីលិចទៅកើតបញ្ច្រាសទិសគ្នា បុកពេញទំហឹងបណ្តាលឲ្យអ្នកបើកបរផ្លោងចេញពីម៉ូតូស្លាប់ភ្លាមៗ ចំណែកម៉ូតូកៀបជាប់នៅពីក្រោមរថយន្តអូសបែកផ្កាភ្លើងព្រាតចម្ងាយ១០០ម៉ែត្រទើបឈប់ ។ ក្រោយកើតហេតុ អ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុករថយន្ត និងអ្នកដំណើរជិះលើរថយន្ត ៕
ចែករំលែកព័តមាននេះ