ខេត្តស្ទឹងត្រែង ៖ គិតត្រឹមថ្ងៃទី២៤ មីនា ២០១៦ នេះ គឺរយៈពេលជាងមួយសប្តាហ៍មកហើយ កម្លាំងសមត្ថកិច្ចនៅមិនទាន់មានពន្លឺ ពាក់ព័ន្ធករណីក្រុមមុខសញ្ញាប្លន់ប្រដាប់អាវុធនៅស្រុកសេសាននៅឡើយទេ ចំណែកជនរងគ្រោះក្នុងការបាញ់ប្លន់ ក៏កំពុងស្ថិតនៅមន្ទីរពេទ្យប្រទេសវៀតណាមនៅ ឡើយដែរ ។ ករណីប្លន់ប្រដាប់អាវុធ លើថៅកែដំឡូងមី
គួរបញ្ជាក់ថា កាលពីយប់ថ្ងៃទី១៦ មីនា ២០១៦ កន្លងមក ក្រុមចោរប្លន់ប្រដាប់បានប្រើប្រាស់អាវុធវែង-ខ្លីចំនួន៣ដើម លបចូលទៅបាញ់ប្លន់អ្នកទិញដំឡូងមីយកទ្រព្យសម្បត្តិ បណ្តាលឱ្យតៃកុងរថយន្តម្នាក់ម្នាក់រងរបួសធ្លាយចុងដង្ហើម ទៅក្រោយខ្នង ហើយត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅឯប្រទេសវៀតណាម ។ ក្រោយសកម្មភាពបាញ់ប្លន់រួច ក្រុមចោរបានគេចខ្លួនដោយសុវត្ថិភាព ។
ភ្លាមនោះ កម្លាំងសមត្ថកិច្ចមានគរបាល កងកម្លាំងអាវុធ បានចុះទៅស្ទាក់តាមគោលដៅសំខាន់ ដើម្បីចាប់ខ្លួនក្រុមចោរ តែនៅមិនអាចរកមុខសញ្ញាឃើញ ខណៈឃើញមានវត្តមានអ្នកស្រីព្រះរាជអាជ្ញារង ចុះទៅពិនិត្យទីតាំងកន្លែងកើតហេតុផងដែរ ។
ប្រភពនៅកន្លែងកើតហេតុថា ក្រុមចោរប្លន់មានគ្នា៣នាក់ បានលបដើរចេញពីក្រោយផ្ទះរបស់ជនរងគ្រោះ ដោយពាក់មួកខ្មៅបិទម៉ាស់ ពណ៌ខៀវ មានម្នាក់ប្រដាប់អាវុធវែង១ដើម និង២នាក់ទៀតប្រដាប់អាវុធខ្លី២ដើម បានចូលទៅភ្ជង់ជនរងគ្រោះ ជាអ្នកទិញដំឡូង ខណៈកំពុងអង្គុយទទួលទានអាហាពេលល្ងាចជុំគ្រួសារ ។
ប្រភពដដែលបន្តថា ក្រុមចោរប្លន់ចូលភ្ជង់ និងគំរាមរកលុយ និងដោះខ្សែ.កខ្សែដៃ ក៏បានប្រវាយប្រតប់គ្នារវាងគ្រួសារជនរងគ្រោះ និងក្រុមចោរ ដោយក្រុមចោរបានផ្ទុះអាវុធ១គ្រាប់ ត្រូវតៃកុងរថយន្តម្នាក់ចំចុងដង្ហើមធ្លាយមកក្រោយខ្នង ។ សមត្ថកិច្ចមានការសង្ស័យថា ក្រុមចោរប្លន់ប្រដាប់អាវុធទាំងនោះ អាចមិនមែនជាអ្នកចម្ងាយទេ ហើយមុនពេលធ្វើសកម្មភាព ពួកគេបានសិក្សាពីទីតាំងនិងគោលដៅច្បាស់លាស់ ទើបធ្វើសកម្មនៅពេលយប់យ៉ាងងាយបែបនេះ ដូច្នេះក្រុមចោរអាចជាអ្នកក្បែរទីតាំងផ្ទះជនរងគ្រោះតែ
ម្តង ។
ជនរងគ្រោះដែលរងរបួសមានឈ្មោះលាង សុខឡែន អាយុ២៥ឆ្នាំ ជាតៃកុងរថយន្ត បានរងរបួសដោយគ្រាប់កាំភ្លើងអាកា៤៧មួយគ្រាប់ ចំចុងដង្ហើមធ្លាយទៅក្រោយខ្នង ។ ចំណែកស្ត្រីជាថៅកែទិញដំឡូងបានបាត់បង់ខ្សែ.ក១ខ្សែ, លុយខ្មែរ៥០ម៉ឺនរៀល, ខ្សែដៃតម្លៃ៦៥ម៉ឺនរៀល១ខ្សែ និងកងដៃតម្លៃ៣០ម៉ឺនចំនួន១ ។
ចែករំលែកព័តមាននេះ