រាជធានីភ្នំពេញ ៖ យ៉ាងហោចណាស់មនុស្ស៤៥២នាក់បានស្លាប់និងរបួសធ្ងន់ស្រាល១៥០៨នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍៨៨៧លើកកើតឡើងនៅទូទាំងប្រទេសកម្ពុជាក្នុងរយៈពេល៣ខែ គិតចាប់ពីថ្ងៃទី០១ មករា ដល់ថ្ងៃទី២១ មីនា ២០១៦ ។
តួលេខនេះ បានត្រូវបង្ហាញឡើងនៅក្នុងសិក្ខាសាលាស្តីពីលទ្ឋផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មីប្រចាំត្រីមាសទី១ ឆ្នាំ២០១៦ រៀបចំឡើងដោយគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សហការជាមួយក្រសួងជំនាញពាក់ព័ន្ឋនិងសង្គមស៊ីវិល ប្រព្រឹត្តធ្វើនៅទីស្តីការក្រសួងសាធារណការនិងដឹកជញ្ជូន នាព្រឹកថ្ងៃទី២៤ មីនា ២០១៦ ។
បើតាមរបាយការណ៍ដែលត្រូវបង្ហាញឡើងនៅក្នុងសិក្ខាសាលាខាងលើដដែលបានបញ្ជាក់ទៀតថា បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៥ ចំនួនគ្រោះថ្នាក់ចរាចរណ៍ថយចុះ១១៥លើក ស្មើ១១% ចំនួនអ្នករបួសថយចុះ១៨២នាក់ ស្មើ១១% តែអ្នកស្លាប់កើនឡើងម្នាក់ ។
មូលហេតុដែលបង្កឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ទាំង៨៨៧លើកក្នុងត្រីមាសទី១ឆ្នាំ២០១៦នេះ បណ្តាលមកពីបើកបរលើសល្បឿនកំណត់៤០% ស្រវឹង ១២% មិនប្រកាន់ស្តាំ១១% មិនគោរពសិទ្ឋិអាទិភាព១១% វ៉ាជែង១១% បត់១០% និងកត្តាផ្សេងៗ ២% ៕
ចែករំលែកព័តមាននេះ