ទោះបីជួបព្យុះភ្លៀង បក្សសង្គ្រោះជាតិប្រកាសធ្វើសមាជថ្ងៃ២៦មីនា
រាជធានីភ្នំពេញ ៖ បើគ្មានអ្វីប្រែប្រួលទេ គណបក្សសង្គ្រោះជាតិនឹងរៀបចំសមាជដ៏ធំមួយ ដែលមានការចូលរួមពីសមាជិកសមាជិកាជាង១.៥០០នាក់ ហើយនៅក្នុងសមាជនោះ…
រាជធានីភ្នំពេញ ៖ បើគ្មានអ្វីប្រែប្រួលទេ គណបក្សសង្គ្រោះជាតិនឹងរៀបចំសមាជដ៏ធំមួយ ដែលមានការចូលរួមពីសមាជិកសមាជិកាជាង១.៥០០នាក់ ហើយនៅក្នុងសមាជនោះ…
រាជធានីភ្នំពេញ ៖ បើគ្មានអ្វីប្រែប្រួលទេ គណបក្សសង្គ្រោះជាតិនឹងរៀបចំសមាជដ៏ធំមួយ ដែលមានការចូលរួមពីសមាជិកសមាជិកាជាង១.៥០០នាក់ ហើយនៅក្នុងសមាជនោះគណបក្សនេះនឹងលើកយកបញ្ហាសំខាន់ៗមួយចំនួនមកពិភាក្សា ។ នេះបើតាមការឱ្យដឹងរបស់អ្នកនាំពាក្យ ។ ការធ្វើសមាជរបស់គណបក្សនេះ ក៏ស្របពេលគ្នាដែលលោក កឹម សុខា ប្រធានបក្សស្ដីទី កំពុងទទួលរងនូវព្យុះបោកបក់ពាក់ព័ន្ធនឹងខ្សែអាត់សំឡេងទាក់ទងស្រីញី ដែលសង្ស័យថា ជារូបលោក ។ ទោះបីជាត្រូវប្រកាន់ «មិន៣» ក៏មិនមានន័យថា ក្រោមទឹកអត់ត្រីនោះទេ ។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្ស សង្គ្រោះជាតិ បានមានប្រសាសន៍នៅថ្ងៃទី២៣ ខែមីនា ថា គណបក្សសង្គ្រោះជាតិគ្រោងរៀបចំសមាជនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៦ ហើយប្រធានបទសំខាន់ៗដែលត្រូវលើកយកមកពិភាក្សាមានដូចជា ស្ថានការណ៍នយោបាយ របស់គណបក្ស គោលនយោបាយ និងផែនការ ក៏ដូចជាសកម្មភាពដែលគណបក្សនឹងធ្វើនាពេលខាងមុខ ដើម្បីត្រៀមខ្លួនក្នុងការបោះឆ្នោតនាពេលខាងមុខនេះផងដែរ ។ ពិសេសរបាយការណ៍សកម្មភាពការងារដែលបានធ្វើក្នុងរយៈពេល២ឆ្នាំកន្លងមក ។
អ្នកនាំពាក្យរូបនេះបញ្ជាក់ថា «បើគ្មានអ្វីមករារាំងទេនោះ ការធ្វើសមាជរបស់គណបក្សសង្គ្រោះជាតិនឹងទទួលបានជោគជ័យ ហើយនៅក្រោយពីធ្វើសមាជនេះរួច តាមផែនការគណបក្សសង្គ្រោះជាតិនឹងចុះទៅជំរុញឱ្យប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោត និងការបង្កើនសកម្មភាពជួបជាមួយម្ចាស់ឆ្នោត ដើម្បីបញ្ជូនសារនយោបាយរបស់គណបក្សទៅកាន់ម្ចាស់ឆ្នោត ឈានទៅរកការបោះឆ្នោតឃុំ-សង្កាត់ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០១៨»។
លោក យឹម សុវណ្ណ សង្កត់ធ្ងន់ថា បច្ចុប្បន្ននេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)ដែលទើបបង្កើតថ្មី គឺបានបំពេញកិច្ចការងាររបស់ខ្លួនយ៉ាងត្រឹមត្រូវ ហើយលោកជឿថា នៅក្នុងការបោះឆ្នោតខាងមុខ គណបក្សសង្គ្រោះជាតិនឹងឈ្នះ បើសិនជាការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ព្រោះពេលនេះ គេសង្កេតឃើញថា គ.ជ.ប. បាននិងកំពុងដើរលើផ្លូវមួយដ៏ត្រឹមត្រូវ។ ប៉ុន្តែបើទោះជាបែបនេះក្តី ក៏នៅមានអ្នកនយោបាយមួយចំនួននៅតែប្រើប្រាស់បញ្ហាផ្សេងៗ ដើម្បីធ្វើទុក្ខបុកម្នេញរាល់សកម្មភាពរបស់គណបក្សសង្គ្រោះជាតិ យ៉ាងអយុត្តិធម៌បំផុត ។
ការធ្វើសមាជរបស់គណបក្សសង្គ្រោះជាតិ នាថ្ងៃទី២៦ ខែមីនា នឹងមានការចូលរួមពីលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ និងលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ តាមរយៈវីដេអូខនហ្វឺរ៉ិន ពីក្រៅប្រទេស ។
គួរបញ្ជាក់ថា ការធ្វើសមាជរបស់បក្សសង្គ្រោះជាតិនេះ គឺបន្ទាប់ពីកាលពីថ្ងៃទី២២ ខែមីនាកន្លងមក នៅទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានដឹកនាំអង្គប្រជុំពិភាក្សានិងអនុម័តវិធានផ្ទៃក្នុងក្រុមសមាជិកសភាគណបក្សសង្គ្រោះជាតិ ។ ក្នុងឱកាសនោះ គណបក្សសង្គ្រោះជាតិបានបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំក្រុមសមាជិកសភាគណបក្សសង្គ្រោះជាតិ ដែលមានលោក សម រង្ស៊ី ជាប្រធាន និងលោកកឹម សុខា ជាអនុប្រធាន ហើយពេលអវត្តមានប្រធាន លោកកឹម សុខា ជាប្រធានស្ដីទី ។
ជាមួយគ្នានេះដែរ គណបក្សសង្គ្រោះជាតិ ក៏បានបោះឆ្នោតជ្រើសរើសគណៈអភិបាលនៃ ក្រុមសមាជិកសភាគណបក្សសង្គ្រោះជាតិ ដែលមានអភិបាល អភិបាលរង អគ្គលេខាធិការ អគ្គលេខាធិការរង និងហិរញ្ញិក ។ ការបោះឆ្នោតនេះបានជ្រើសរើស ១-លោក សុន ឆ័យ ជាអភិបាល ២-លោក អ៊ូ ច័ន្ទរ័ត្ន ជាអភិបាលរង ៣-លោក គី វណ្ណដារ៉ា អគ្គលេខាធិការ ៤ -លោក កែវ ភីរម្យ អគ្គលេខាធិការរង និង៥-លោក លឹម ប៊ុនស៊ីដារ៉េត ជាហិរញ្ញិក ។
ការបង្កើតឱ្យមានវិធានផ្ទៃក្នុងរបស់ក្រុមសមាជិកសភាគណបក្សសង្គ្រោះជាតិនេះ ក្នុងគោលបំណងពង្រឹងសិទ្ធិអំណាចរបស់អ្នកតំណាងរាស្ដ្រគណបក្សសង្គ្រោះជាតិ ពង្រឹងប្រសិទ្ធភាពការងាររបស់អ្នកតំណាងរាស្ដ្រគណបក្សសង្គ្រោះជាតិ ដើម្បីបម្រើផលប្រយោជន៍ជាតិនិងប្រជាពលរដ្ឋខ្មែរ និងពង្រឹងនូវការរួបរួមឯកភាពអ្នកតំណាងរាស្ដ្រគណបក្សសង្គ្រោះជាតិ ឱ្យស្របតាមគោលនយោបាយរបស់គណបក្សសង្គ្រោះជាតិ។
សូមបញ្ជាក់ថា ការធ្វើសមាជរបស់គណបក្សសង្គ្រោះជាតិនេះ គឺខណៈពេលសំណុំរឿងរបស់លោក កឹម សុខា ប្រធានស្តីទីគណបក្សកំពុងស្ថិតក្នុងដៃអង្គភាពប្រឆាំងអំពើពុករលួយ ក្រោយពីមានពាក្យបណ្តឹងរបស់ក្រុមនិស្សិត ដែលចង់ឱ្យលោក កឹម សុខា បំភ្លឺទាក់ទងនឹងការផ្តល់លុយទិញដី និងផ្ទះ ឱ្យស្រីស្នេហ៍ ។ ជាងនេះទៀត រដ្ឋសភាក៏ស្នើឱ្យលោក កឹម សុខា ចូលបំភ្លឺក្នុងករណីរឿងនេះដែរ ៕
ចែករំលែកព័តមាននេះ