ខេត្តកំពង់ឆ្នាំង ៖ ការប្រឡងយកប័ណ្ណបើកបរមិនចាំបាច់បញ្ជាក់ពីសាលានោះទេ ឱ្យតែចេះបើកបរស្ទាត់ជំនាញ មកដាក់ពាក្យប្រឡងនៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ក្នុងនាមជាបេក្ខជនស្វ័យរិនបានហើយ និងចំណាយត្រឹមតែពី៩ម៉ឺនរៀលទៅ៩ម៉ឺន៥ពាន់រៀលប៉ុណ្ណោះ ។
លោក គង់ ឃាង អនុប្រធានមន្ទីរសាធារណការខេត្ត បានមានប្រសាសន៍បែបនេះក្នុងពិធីប្រឡងយកប័ណ្ណបើកបរនៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦ នៅមន្ទីរសាធារណការខេត្ត ។
លោកអនុប្រធានមន្ទីរបានបញ្ជាក់ថា ខាងមន្ទីរបានអំពាវនាវដល់បេក្ខជនដែលត្រូវប្រឡងយកប័ណ្ណបើកបរទាំងអស់ ត្រូវមកដាក់ពាក្យប្រឡងនៅមន្ទីរសាធារណការខេត្តដោយខ្លួនឯង ប្រសើរជាងការដាក់ពាក្យប្រឡងតាមរយៈសាលាបើកបរ ដែលត្រូវចំណាយប្រាក់ច្រើនមិនសមស្រប ។ លោកបានកត់សម្គាល់ថា ក្រោយពីការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ចូលជាធរមានមក ឃើញថា មានប្រជាពលរដ្ឋបានមកបំពេញឯកសារពាក់ព័ន្ធយានយន្ត មានការកើនឡើងទ្វេដង ខុសពីពេលមុនមានត្រឹមតែពី២០ទៅ៣០នាក់ប៉ុណ្ណោះ ។
ចំណែកការប្រឡងយកប័ណ្ណបើកបររថយន្តវិញ ពីមុនក្នុង១ខែប្រឡងបានតែ១វគ្គប៉ុណ្ណោះ ព្រោះបេក្ខជនមានប្រមាណតែ៥០នាក់ ប៉ុន្តែមកដល់ពេលនេះ ការប្រឡងក្នុងមួយវគ្គៗ មានបេក្ខជនប្រមាណជាង១០០នាក់ គិតត្រឹមថ្ងៃ២២ ខែមីនា ឆ្នាំ២០១៦ មន្ទីរបើកវគ្គប្រឡងបានចំនួន៥វគ្គរួចមកហើយ ។ សម្រាប់ការមកដាក់ពាក្យប្រឡងយកប័ណ្ណបើកបរដោយខ្លួនឯងនៅមន្ទីរសាធាណការខេត្ត ក្រសួងកំណត់យកតែ៩ម៉ឺនរៀលចំពោះរថយន្តតូច និង៩ម៉ឺន៥ពាន់រៀលចំពោះរថយន្តធំ ។ ដោយឡែក ចំពោះប្រជាពលរដ្ឋដែលចេះបើកបររួចហើយ ដូចជា អ្នកបើកបររថយន្តដឹកកម្មកររោងចក្រ អ្នកបើកបររថយន្តតាក់ស៊ី តែពុំទាន់មានប័ណ្ណបើកបរ ក៍អាចមកដាក់ពាក្យប្រឡងយកប័ណ្ណបើកបរដោយផ្ទាល់នៅមន្ទីរសាធារណការខេត្តបានដែរ ដោយមិនបាច់មានការបញ្ជាក់ការសិក្សាពីសាលាបើកបរឯកជននោះទេ ៕
ចែករំលែកព័តមាននេះ