ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្ថាធិប្បាយ៖ ​បំណុលវ័ណ្ឌករបស់នាងខ្ញុង! វាំងនន រួតមិនទាន់អស់!

1 ខែ មុន
  • ភ្នំពេញ

ភ្នំពេញ​៖ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ ករណី​ស្ត្រី​អ្នកកំប្លែង អ្នកស្រី ស្រេង សុ​កាន់​ដា ហៅ ខ្ញុង ល្បី​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​នៅតាម​តុ​កាហ្វេ…

ភ្នំពេញ​៖ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ ករណី​ស្ត្រី​អ្នកកំប្លែង អ្នកស្រី ស្រេង សុ​កាន់​ដា ហៅ ខ្ញុង ល្បី​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​នៅតាម​តុ​កាហ្វេ ក៏ដូចជាសង្គមខ្មែរយើង​​។ នោះ​គឺ​ស្ត្រី​អ្នកកំប្លែង​រូបនេះ បានប្រកាស​ក្ស័យធន និង​ទម្លាយ​អាថ៌កំបាំង​ពី​ការ​ជំពាក់​បំណុល​​ រហូតដល់​ជិត ៦០​ម៉ឺន​ដុល្លារ​។​

​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ អ្នកស្រី ខ្ញុង បានដាក់​ពាក្យ​បណ្តឹង​នៅ​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ និង​ផ្សាយ​ផ្ទាល់​តាម​ហ្វេ​ស​ប៊ុ​ក ដោយមាន​អ្នកកាសែត​មួយចំនួន​ ទៅ​ថត​ផ្សាយ​​ផង​។ ខ្ញុង បានប្រកាស​ខ្លួន​ឯង​ថា ក្ស័យធន រួមទាំង​ប្រកាស​ពី​ការ​ជំពាក់​បំណុល​សរុប​រហូត​ដល់​ជិត ៦០​ម៉ឺន​ដុល្លារ​។

​បំណុល​វ័ណ្ឌក​នោះ ត្រូវបាន​ខ្ញុង អះអាងថា មាន​ម្ចាស់បំណុល​ដល់​ទៅ​ជាង ៣០​នាក់ រួមទាំង​ខ្ចីលុយ​ចិន ចងការ​ប្រាក់ ​តាម​អន​ឡាញ​ថែមទៀត​។ ក្នុងពេល Live តាម​ហ្វេ​ស​ប៊ុ​ក កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែតុលា​នោះ ខ្ញុង​បានប្រកាស​ឲ្យ​សប្បុរសជន ជួយ​នាង ម្នាក់ ១​ដុល្លារ តាមរយៈ​ការផ្ទេរ​ប្រាក់​ក្នុង​កុង​ធនាគារ ABA របស់​នាង​។​

​រំលង​បាន ២​ថ្ងៃ គឺ​នៅ​ព្រឹក​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២១ ខ្ញុង​ចេញមុខ Live តាម​ហ្វេ​ស​ប៊ុ​ក​ម្តងទៀត ដោយសារតែ​ប៉ុន្មាន​ថ្ងៃនេះ មាន​មហាជន​មួយចំនួន រិះគន់​ផង តិះដៀល​នាងផង​ ព្រោះតែ​កន្លងមក នាង ខ្ញុង បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​ពី​ភាពមានបាន និង​​ហ៊ឺហា ឡាន​ទំនើប ផ្ទះ​វីឡា​របស់​នាង រួមទាំង​ពាក្យសម្តី​អសុរ​ស​មួយចំនួន​របស់​នាង​ ក្នុង​ពេល​ Live លក់ផលិតផ​ល​អាហារបំប៉ន​។​

​យ៉ាងណាក៏ដោយ នាង ខ្ញុង បាន​ទម្លាយ​ថា ការដាក់​ពាក្យបណ្តឹង​នៅ​តុលាការ និង​ការផ្សាយ​ផ្ទាល់​តាម​ហ្វេ​ស​ប៊ុ​ក ប្រកាស​ក្ស័យធន សុំ​ឲ្យ​ម្ចាស់បំណុល​យោគយល់ ទុកពេល​ឲ្យ​នាង​សងបំណុល ដោយ​បន្ធូរបន្ថយ​ការប្រាក់ ឬ​លុបចោល​ការបាក់ រួមទាំង​ការស្នើសុំ​លុយ​ជំនួយ​តាម​កុង​ធនាគារ ABA ម្នាក់ ១ដុល្លារ​ ជាដើម​នោះ គឺ​ចេញពី​គំនិត​ផ្តួចផ្តើម​របស់លោក​គ្រូជោគជ័យ​ សៀវ សុផល ដែលនាង​បានទៅ​ពឹង​ឲ្យ​​ជួយ​នាង រក​វិធី​ដោះបំណុល​ជិត ៦០​ម៉ឺន​ដុល្លារ​នោះ​។​ ដំបូង​លោកគ្រូជោគជ័យ សៀវ សុផល ទារថ្លៃ ១ម៉ឺនដុល្លារ តែក្រោយមក ក៏ចរចា​ព្រម​ព្រៀងត្រឹម ៥០០ដុល្លារ ហើយនាង​ខ្ញុង បានទៅជួប​លោកគ្រូ កាលពីយប់ថ្ងៃអាទិត្យ ទី១៧តុលា​។

​ប៉ុន្តែ​ក្នុង​វិ​ដេ​អូ Live តាម​ហ្វេ​ស​ប៊ុ​ក កាលពី​ព្រឹក​ថ្ងៃទី​២០​តុលា នាង​ខ្ញុង​ ​​អន់​ចិត្តយ៉ាងខ្លាំង​នឹង​លោកគ្រូ សៀវ សុផល ដោយសារតែលោកគ្រូ បាន​​ទម្លាយ​អាថ៌កំបាំងរបស់​​នាង​ពី​វិធី​ដោះបំណុល «តាមរូបមន្ត ១ដុល្លារ​» ដើម្បី​ឲ្យនាង​ប្តឹង​ខ្លួនឯង ឡើង​តុលាការ និង​ឡាយ​ហ្វេ​ស​ប៊ុ​ក សុំ​ជំនួយ​ពី​មហាជន​ម្នាក់ ១​ដុល្លារ​នោះ​។​ លោកគ្រូជោគជ័យ សៀវ សុផល បាន Live ហ្វេសប៊ុកផង និងបង្ហោះក្នុង Youtube ផង ទាំង​បង្ហាញ​មោទកភាព ដែល​បានផ្តល់​ដំណោះស្រាយ​ឲ្យនាងខ្ញុង​ រៀបចំ​វិធី​ដោះបំណុល​ «តាមរូបមន្ត ១ដុល្លារ»។

​យ៉ាងណាក៏ដោយ ២​ថ្ងៃ ពីថ្ងៃ​ទី​១៨​តុលា ដល់​ព្រឹក​ថ្ងៃទី​២០​តុលា នាង​ខ្ញុង បង្ហាញ​ទឹក​លុយ​ក្នុង​កុង ABA របស់នាង​ ដែល​មហាជន បាន​បរិច្ចាគ​ មាន​ចំនួន​សរុប ៥៦៥៤២,៣៧​​ដុល្លារ​អាមេរិក និង​លុយ​ខ្មែរ ៤​ម៉ឺន​រៀល​។ ចំពោះ​លុយ​មូលនិធិ​នេះ នាង​ខ្ញុង ប្រកាស​ស្វែងរក​អ្នកជំនាញ ឲ្យ​ជួយ​នាង ដើម្បី​ចាត់ចែង​សងបំណុល ម្ចាស់បំណុល ដែល​តាម​ទារ​នាង​មុខក្រោយ ព្រឹកល្ងាច និង​សូម្បីតែ​ពេលយប់ ក៏មានម្ចាស់បំណុលតាមទារនាង សរុប​​ជាង ៣០​នាក់​។​

រហូតដល់យប់ថ្ងៃទី២០តុលានេះ នាងខ្ញុង​ប្រកាសថា នឹង​បាញ់​លុយ​ទៅ​ឲ្យ​សប្បុរស​ជន ដែលបាន​វេរលុយ​ជួយ​នាងតាមកុង ABA របស់នាងវិញទាំងអស់​ ហើយនាង​ប្រកាសលក់ផ្ទះ និងលក់​ឡាន ដើម្បីធ្វើដើមរកស៊ីបន្ត ​ព្រមទាំង​​សុំ​ម្ចាស់បំណុលបន្ធូរបន្ថយការប្រាក់ ទុក​ពេលឲ្យនាង​ដោះបំណុល​តាមលទ្ធ​ភា​ព​។​

​ម្តង​ជា​ពីរដង ស្ត្រី​អ្នកកំប្លែង​រូបនេះ អះអាងថា រឿង​របស់​នាង ដែល​ជំពាក់​បំណុល​វ័​ណ្ណ​ក​​នេះ ជា​រឿង​ពិត មិនមែនជា​រឿងប្រឌិត រៀបចំ​ឈុត​ឆាកសំដែង​ ឬក៏​ស៊ុំគ្រលំ​​ជាមួយ​លោកគ្រូ សៀវ សុផល ឬក៏​ខាង​អាហារ​បំប៉ន សម្រស់ធម្មជាតិ​​ស្រីអូន ដែល​នាង​ខ្ញុង ហៅ​ជាប់មាត់​ថា «មេ​ស្រីៗ» នោះទេ​។​

​នាង​ខ្ញុង បញ្ជាក់ថា ការ​ជំពាក់​បំណុល​វ័ណ្ឌក រហូតដល់​ជិត ៦០​ម៉ឺន​ដុល្លារ​នេះ ដោយសារតែ​ប្រាក់​ខ្ចី​តាម​អន​ឡាញ ដែល​នាង​ខ្ចី ១​ម៉ឺន​ដុល្លារ បានតែ​លុយ ៦​ពាន់​ដុល្លារ​​។ ការខ្ចី​បុលច្រើននោះ ដោយសារតែនាងបង្វិល​សងគេ ខ្ចីពីអ្នកនេះ ទៅសង​អ្នកនោះ រហូតដល់​ចុង​ក្រោយ ត្រូវ​វ័ណ្ឌ​ក​។ នាង​ក៏បាន​​បដិសេធថា នាង​ជំពាក់​លុយ​គេដ៏ច្រើន​​នេះ មិនមែន​ដោយសារតែ​លេងល្បែង​ស៊ីសង​ឡើយ​។ បំណុល​ទាំងនោះ នាង​ខ្ចី​ចងការ​ឯកជន ចាប់តាំងពី​ឆ្នាំ​២០១៩ ហើយ​លាក់បាំង​នឹង​ប្តី​របស់​នាង ដែលជា​អ្នកកំប្លែង​ដែរនោះ រហូតមក​។​

​យ៉ាងណាក៏ដោយ សំណុំរឿង​ស្ត្រី​អ្នកកំប្លែង នាង​ខ្ញុង​ ជំពាក់បំណុលវ័ណ្ឌក​​នេះ នៅតែ​មិនទាន់​ធ្វើ​ឲ្យ​​មហាជនអស់ចិត្ត​ ជឿជាក់ និង​ស្ងប់​អារម្មណ៍​នៅ​ឡើយ​ទេ​។ សំណុំរឿង​បំណុល​វ័ណ្ឌក​នេះ នឹងមាន​ភាគ​បន្ត ព្រោះ​វាំងនន ហាក់​មិនទាន់​​រួត​​អស់​​នៅឡើ​យ​​ទេ​។​

​ក្រៅពី​អាជីព​ជា​អ្នកកំប្លែង​ក្នុង​ក្រុម​នាយ​ពែ​កមី គឺ​នាង​ខ្ញុង ក៏មាន​មុខរបរ​លក់​ផលិតផល​អាហារ​បំប៉ន​សុខភាព សម្រស់​ធម្មជាតិ​ស្រីអូន ដែល​មុខរបរ​នោះ កាក់កប រហូត​ធ្វើ​ឲ្យ​ថៅកែ​ផលិតផល ក្លាយជា​ឧកញ៉ា​មហាសេដ្ឋី​។ រីឯ​​ប្តីនាង គឺនាយកៃ​ដ ក៏ជាថៅកែដីឡូត៍ នៅជិតភ្នំប្រសិទ្ធ​ ជាយរាជធានីភ្នំពេញ​ផងដែរ​។ ក្នុង​​រឿង​បំណុល​នេះ ថៅកែ​សម្រស់​ធម្មជាតិ​ស្រីអូន ក៏បានផ្តល់​ប្រាក់​ជួយ​នាង​ខ្ញុង ២០​ម៉ឺន​ដុល្លារ ដោយ​គ្មាន​​ការប្រាក់ ព្រមទាំង​ជួយ​លក់​ផលិតផល​របស់​នាង ដើម្បី​បាន​លុយ​ឲ្យនាងខ្ញុង សងបំណុល​គេ​​ថែម​ទៀត​​។ នេះ​បើតាម​ការបញ្ជាក់​របស់​នាង​ខ្ញុង ក្នុងពេល​ឡាយ​វិ​ដេ​អូ​។​

​ករណី​ស្ត្រី​អ្នកកំប្លែង​នាង​ខ្ញុង ហើយ​បើ​រឿងនេះ ជាការ​ពិតមែនដូច​ព្រឹត្តិការណ៍ប៉ុន្មានថ្ងៃនេះមែន​​នោះ វា​បានបង្ហាញ​សាធារណជន ពី​ការគ្រប់គ្រង​​ប្រាក់​ចំណូល និង​ការ​ចាយលុយ នៅពេល​​​រក​ស៊ី ឬ​ធ្វើការ​​បាន​​លុយ​​ច្រើន​​។ មួយវិញទៀត  ក៏​បង្ហាញ​ពី​ករណី​ចងការ​ប្រាក់​ឯកជន និង​ការ​ខ្ចីលុយ​​តាម​​អន​ឡាញ ដែល​ចិន​ចូលមក​វិនិយោគ ​ក្នុង​រយៈពេល​ប៉ុន្មានឆ្នាំ​ចុងក្រោយ​នេះ នៅ​កម្ពុជា​យើង​​។ កន្លងមក មាន​​អ្នក​​លុងខ្លួន​​ដូច​នាង​ខ្ញុង មិនតិច​នោះទេ ពាក់ព័ន្ធ​នឹង​បំណុល​ឯកជន និង​បំណុលតាម​​អន​ឡាញ​​នេះ​​ ដោយសារតែ​ការប្រាក់ថ្លៃ ហើយ​ខ្ចី​យូរៗ ថ្លៃការច្រើនជាង​លុយ​ដើម​ទៅ​ទៀត​​៕​

Picture
Picture
Picture
Picture