រាជធានីភ្នំពេញ ៖ ក្រុមសិស្សានុសិស្សរាប់រយនាក់បាននាំគ្នាឈព័ទ្ធជុំវិញរថយន្តម៉ែរសឺដេស ពណ៌ខ្មៅ មួយគ្រឿង បើកបរដោយស្ត្រីវ័យចំណាស់ម្នាក់បុកម៉ូតូម៉ាកស្គូពីរបស់យុវសិស្សម្នាក់ ហើយមិនព្រមចុះដោះស្រាយ បែរជាយកឈ្មោះថ្នាក់ដឹកនាំមកគំរាមបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១រសៀលថ្ងៃទី២២ មីនា នៅច្រកទ្វារខាងត្បូងនៃសាលាវិទ្យាល័យព្រះស៊ីសុវត្ថិ ស្ថិតផ្លូវលេខ១៨៤ ក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ។
យុវសិស្សរងគ្រោះឈ្មោះ គៀត សុភៈធារិទ្ធ អាយុ១៧ឆ្នាំ រៀនថ្នាក់ទី១១ «J» នៃសាលាវិទ្យាល័យព្រះស៊ីសុវត្ថិ រងរបួសស្រាលរលាត់ដៃជើង ខណៈពេលជិះម៉ូតូម៉ាកស្គូពី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ១DC-០៦៩១ មួយគ្រឿង ។
តាមសាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញយុវសិស្សរងគ្រោះជិះម៉ូតូពីលិចទៅកើត លុះមកដល់កន្លែងកើតហេតុ បើកឆ្លងផ្លូវសំដៅចូលទៅសាលាជិតផុតទៅហើយ ស្រាប់តែមានរថយន្តម៉ាកម៉ែរសឺដេសS320 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ២F-៤១៨៩ មួយគ្រឿង បើកបរដោយស្ត្រីវ័យចំណាស់ម្នាក់ ពីលិច ទៅកើតស្របទិសគ្នាបុកម៉ូតូដួលតែម្តង ។
ក្រោយកើតហេតុ យុវសិស្សរងគ្រោះងើបដើរសំដៅទៅរថយន្តបង្កនោះដើម្បីធ្វើការដោះស្រាយគ្នា ប៉ុន្តែស្ត្រីរូបនោះមិនព្រមចុះដោះស្រាយបែរជាអង្គុយនៅក្នុងរថយន្ត ។ឃើញដូច្នេះ ក្រុមសិស្សានុសិស្សរាប់រយនាក់បាននាំគ្នាមកចោមរោមព័ទ្ធជុំវិញរថយន្ត ដើម្បីសុំឱ្យស្ត្រីរូបនោះចុះមកដោះស្រាយគ្នា ។
ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះដែរ បង្កឱ្យមានការភ្ញាក់ផ្អើលកាន់តែខ្លាំងឡើងៗ ដោយសារតែស្ត្រីរូបនោះមិនព្រមចុះដោះស្រាយជាមួយនឹងជនរងគ្រោះ ព្រមទាំងនិយាយយកតែឈ្មោះថ្នាក់ដឹកនាំប្រទេស និងមន្ត្រីធំៗមួយចំនួនមកគំរាម ធ្វើឱ្យក្រុមសិស្សានុសិស្សទាំងអស់នោះ មានកំហឹងយ៉ាងខ្លាំង ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចចរាចរណ៍ខណ្ឌដូនពេញ ចុះមកដល់កន្លែងកើតហេតុ ហើយស្ត្រីវ័យចំណាស់រូបនោះនៅតែមិនចុះពីលើរថយន្តមកនិយាយជាមួយសមត្ថកិច្ចទៀត ដោយគ្រាន់តែបើកកញ្ចក់និយាយថា សុខចិត្តយកម៉ូតូរបស់យុវសិស្សរងគ្រោះទៅជួសជុលឱ្យ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ ទើបធ្វើឱ្យក្រុមសិស្សរាប់រយនាក់រំសាយចិត្ត និងព្រមចូលរៀនវិញ ៕
ចែករំលែកព័តមាននេះ