រាជធានីភ្នំពេញ ៖ រឿងស្រោចទឹកមន្តតែងតែធ្លាយចេញនូវរឿងអាស្រូវជារឿយៗដូចអន្ទិតនេត ខៃ ដែលធ្វើឱ្យនារីរាប់សិបនាក់រងការខូចខាត និងប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរដោយសារតែការលួចថតពេលស្ត្រីទាំងអស់នោះចូលបន្ទប់ទឹកមន្ត ។ លើកនេះរឿងរ៉ាវស្រោចទឹកមន្តទៀតហើយដែលគ្រូចិនសែម្នាក់បានជាប់ចោទឆក់ឱកាសស្រោចទឹកមន្តបន្លំបបោសអង្អែលរាងកាយស្ត្រីក្រមុំម្នាក់ ហើយក៏ឈានទៅដល់លូកច្របាច់ និងបឺតសុដន់ទៀត ។ ទោះបីជាបែបណាក្តីគ្រូ «បោក» នេះត្រូវបានចាប់ខ្លួនបញ្ជូនឱ្យប៉ូលិស ។
នៅវេលាម៉ោង៧ និង៣០នាទីយប់ថ្ងៃទី៩ មីនា បន្ទាប់ពីស្រោចទឹកមន្តអាគមឱ្យស្ត្រីវ័យក្មេងនៅក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែដើម្បីឱ្យសុខសប្បាយរកស៊ីមានបាន មានភ្ញៀវមកទិញ អីវ៉ាន់ច្រើនរួចមក សុខចិត្តធ្វើអ្វីៗតាមតែគ្រូបង្គាប់ដូចជាសម្ងំឱ្យបបោសអង្អែល ដោះខោអាវ រួចច្របាច់ និងបឺតសុដន់ ។
គ្រូចិនសែដែលឆ្លៀតឱកាសនោះ ត្រូវសមត្ថកិច្ចឱ្យដឹងថា ឈ្មោះនៅ វៃ ភេទប្រុស អាយុ៥៥ឆ្នាំ ជំនាញមើលជំងឺ និងធ្វើមន្តអាគមផ្សេងៗ មានទីលំនៅក្នុងភូមិសំប៉ានលើ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ។
តាមសមត្ថកិច្ចប៉ូលិសខណ្ឌប្ញស្សីកែវឱ្យដឹងថា គ្រូចិនសែរូបនោះត្រូវបងប្អូនរបស់ស្ត្រីរងគ្រោះដែលទទួលរងការបៀតបៀនកេរ្តិ៍ខ្មាសនាំគ្នាចាប់ខ្លួនប្រគល់ឱ្យសមត្ថកិច្ចប៉ូលិសប៉ុសិ៍្តទួលសង្កែ បន្ទាប់ពីគ្រូរូបនោះស្រោចទឹកប្រោះព្រំឱ្យសុខសប្បាយ ហើយយកដៃបបោសអង្អែលច្របាច់ និងបឺតសុដន់ ដើម្បីឱ្យនាងបាត់ឈឺក្បាល ។
មន្ត្រីប៉ូលិសឱ្យដឹងទៀតថា កាលពីវេលាម៉ោង១១ និង៣០នាទីព្រឹកថ្ងៃទី៨ មីនា គ្រូចិនសែ និងជាគ្រូស្នេហ៍ផងនោះ ត្រូវបងស្រីរបស់នារីរងគ្រោះទូរស័ព្ទទាក់ទងឱ្យទៅស្រោចទឹកលើករាសី ដើម្បីឱ្យរកស៊ីមានបាន នៅបន្ទប់ផ្ទះជួលក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ ។ បន្ទាប់ពីស្រោចទឹកឱ្យបងស្រីហើយ ក៏ឱ្យប្អូនស្រីដែលអះអាងថា ចេះតែឈឺក្បាលមកស្រោចទឹកម្តងដោយតម្រូវឱ្យដោះអាវ ហើយគ្រូនេះបានបបោសអង្អែល និងយកដៃច្របាច់សុដន់ និងយកមាត់បឺតសុដន់ ព្រមទាំងសួរថា បាត់ឈឺក្បាលឬនៅ និងមានអារម្មណ៍យ៉ាងម៉េចដែរ?
បន្ទាប់ពីស្រោចទឹកមន្តរួចហើយ គ្រូបោករូបនោះទៅបាត់ ។ លុះក្រោយមក ស្ត្រីរងគ្រោះបាននិយាយរឿងរ៉ាវប្រាប់បងស្រី និងក្រុមគ្រួសារពីសកម្មភាពគ្រូបបោសអង្អែល និងបឺតសុដន់របស់នាងធ្វើឱ្យក្រុមគ្រួសារមានកំហឹងឆាបឆេះភ្លាម ទើបមានផែនការចាប់គ្រូនេះ ។ ស្ត្រីជាបងបានទូរស័ព្ទទៅលោកគ្រូនោះឱ្យមកស្រោចទឹកម្តងទៀត ហើយតាមឃ្លាំមើល បើសិនជាគ្រូប្រព្រឹត្តអំពើដូចពីថ្ងៃមុននឹងចាប់ខ្លួន ។ នៅវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី៩ មីនា គ្រូនេះមកម្តងទៀត ដោយចូលទៅក្នុងបន្ទប់នាងក្រមុំ ហើយបបោសអង្អែលច្របាច់ដោះដូចមុន ទើបត្រូវចាប់ខ្លួនប្រគល់ឱ្យសមត្ថកិច្ចតែម្តង។
តាមពាក្យបណ្តឹងរបស់ស្ត្រីរងគ្រោះដែលជាអាជីវករលក់ចាប់ហួយឱ្យដឹងថា នៅថ្ងៃទី៨ មីនា វេលាម៉ោង១១ និង៣០នាទីព្រឹកពេលដែលអង្គុយលេងក្នុងផ្ទះ ស្រាប់តែបងស្រីហៅគ្រូមកស្រាចទឹកឱ្យ ដើម្បីឱ្យសុខសប្បាយ និងរកស៊ីមានភ្ញៀវមកទិញច្រើន ។ នៅពេលស្រោចទឹកគ្រូនោះឱ្យនាងដោះខោអាវចោមពុងក្រមា តែនាងពុំព្រមធ្វើតាមដោយយកខោអាវដេកយប់មកស្លៀក ដើម្បីស្រោចទឹកវិញ។ ពេលស្រោចទឹកនៅបន្ទប់ផ្ទះបាយ គ្រូនេះបានឱ្យចូលទៅក្នុងបន្ទប់ដេករបស់នាងវិញ រួចគ្រូនោះយកដៃបបោសអង្អែលខ្នង ហើយសួរ ថា មានអារម្មណ៍ចង់រួមភេទដែឬទេ? នាងឆ្លើយថា អត់ទេ ។ ក្រោយមកទៀត លោកគ្រូនោះឱ្យនាងប្រឡេះឡេវអាវ ហើយលូកដៃបបោសអង្អែល និងច្របាច់សុដន់ ព្រមទាំងបឺតជញ្ជក់សុដន់របស់នាង ។ នៅចំពោះមុខ សមត្ថកិច្ចគ្រូស្រោចទឹកមន្តនេះសារភាពថា គាត់ធ្វើបែបនោះ ដើម្បីឱ្យតណ្ហាពុះកញ្ជ្រោលរោលរាលឡើង មិនមែនជាការបញ្ចុះមន្តអាគមអ្វីទេ ៕
ចែករំលែកព័តមាននេះ