រាជធានីភ្នំពេញ ៖ បើគ្មានការប្រែប្រួលទេ នៅថ្ងៃទី២២ មីនានេះ អង្គភាពប្រឆាំងអំពើពុករលួយហៅកាត់ថា ACU បើកកិច្ចប្រជុំពិភាក្សាលើពាក្យបណ្តឹងរបស់យុវជនមួយក្រុមដែលបានប្ដឹងប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដោយពួកគេចោទថា បានផ្ដល់លុយឲ្យនារីម្នាក់ទិញផ្ទះ ទិញដី ។
បើតាមមន្ត្រីដែលបម្រើការងារនៅស្ថាប័នអង្គភាពប្រឆាំងអំពើពុករលួយបានឲ្យដឹងថា អង្គភាពប្រឆាំងអំពើពុករលួយនឹងបើកកិច្ចប្រជុំវិភាគលើពាក្យបណ្តឹងរបស់យុវជនមួយក្រុម ដែលប្តឹងលោកកឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ។ ប៉ុន្តែបើតាមលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយត្រូវបានគេហទំព័រ VOD ស្រង់សម្ដីនៅថ្ងៃទី២១ មីនាថា លោកបានទទួលពាក្យបណ្តឹងរបស់ក្រុមយុវជនទាំងនោះតាំងពីថ្ងៃសុក្រសប្ដាហ៍កន្លងមក ។ លោកបន្តថា អង្គភាពប្រឆាំងអំពើពុករលួយ នឹងបើកកិច្ចប្រជុំមួយនៅព្រឹកថ្ងៃអង្គារថា ត្រូវចាត់ការ ឬយ៉ាងណា ។ លោកប្រធានអង្គភាពប្រឆាំងអំពើពុករលួយបញ្ជាក់ថា «ថ្ងៃអង្គារ វេលាម៉ោង៩ព្រឹក យើងនឹងប្រជុំដោះស្រាយ ហើយយើងនឹងអញ្ជើញម្ចាស់ពាក្យបណ្ដឹងមកស្ដាប់ការវិភាគរបស់យើង ហើយអ្នកសារព័ត៌មានក៏អាចចូលស្ដាប់បានដែរ» ។
សូមរឭកថា កាលពីសប្ដាហ៍មុន យុវជនមួយក្រុមមានគ្នាប្រមាណ៣០នាក់ ដែលអះអាងថាជានិស្សិតមកពីសាកលវិទ្យាល័យរដ្ឋ និងឯកជនបានដាក់ពាក្យបណ្ដឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ ដោយក្រុមយុវជនទាំងនោះអះអាងថា ពួកគេសង្ស័យថា លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ បានផ្ដល់លុយឲ្យស្រីស្នេហ៍ទិញផ្ទះ ទិញដី ហើយអាចជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ ។
លោក ស្រី ចំរើន តំណាងក្រុមយុវជន បានឲ្យដឹងថា ពួកគេចង់ឲ្យអង្គភាពប្រឆាំងអំពើពុករលួយស៊ើបអង្កេតលើសំឡេងខ្សែអាត់ដែលត្រូវគេអះអាងថា ជាការសាសងរវាងលោក កឹម សុខា ជាមួយនារីកំណាន់ចិត្ត ដោយអត្ថន័យនៃខ្សែអាត់នោះក៏មានការលើកឡើងពីការទិញដី និងផ្ទះឲ្យនារីនោះផងដែរ ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៤ មីនាកន្លងទៅក៏មានយុវជនមួយក្រុមបាននាំគ្នាមកដាក់ញត្តិទៅរដ្ឋសភាដើម្បីឲ្យស្ថាប័ននេះកោះហៅលោក កឹម សុខា ចេញមុខបកស្រាយរឿងខ្សែអាត់សំឡេងនោះផងដែរ ។ ចំណែកឯកាលពីពេលថ្មីៗនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថា សម្តេចមានរូបភាពអ្នកនយោបាយល្បីឈ្មោះម្នាក់នាំស្រីចូលសណ្ឋាគារមួយនៅទីក្រុងបាងកក ប្រទេសថៃ ។ ប៉ុន្តែសម្តេចតេជោហ៊ុន សែន មិនបានបញ្ចេញឈ្មោះអ្នកនយោបាយណានោះទេ តែមជ្ឈដ្ឋានជាច្រើនអាចវាយតម្លៃនិងគិតថា សម្តេចនាយករដ្ឋមន្ត្រីសំដៅដល់លោក កឹម សុខា ដែលកំពុងរងការចោទថា មានរឿងអាស្រូវស្នេហាជាមួយស្រីក្មេង ។
គួរបញ្ជាក់ថា ដោយសារតែរឿងអាស្រូវជាមួយស្រីក្មេងហើយត្រូវម្ចាស់ផេកហ្វេសប៊ុកឈ្មោះរឿងពិត CNRP បង្ហោះខ្សែអាត់សំឡេងរហូតដល់ទៅ៣៤វគ្គ ទើបមានពាក្យបណ្តឹងដល់អង្គភាពប្រឆាំងអំពើពុករលួយ ។ ហើយកាលពីថ្ងៃមុនក្រុមនិស្សិតមួយក្រុម និងអ្នកសារព័ត៌មាន បាននាំគ្នាទៅជួបលោកកឹម សុខា ក្នុងវេទិកាសាធារណៈនៅក្នុងខេត្តពោធិ៍សាត់ ក្នុងបំណងចង់ឲ្យលោកប្រធានស្តីទីធ្វើការបកស្រាយចំពោះសំណុំរឿងអាស្រូវផ្លូវភេទទាំងនោះជូនមហាជន ប៉ុន្តែលោកប្រធានស្តីទីគណបក្សសង្គ្រោះជាតិ មិនបានធ្វើអត្ថាធិប្បាយនោះទេ ៕
ចែករំលែកព័តមាននេះ