សម្តេចតេជោថ្លែងសារផ្ញើទៅអ្នកនិយាយថា ការរុះរើគណៈរដ្ឋមន្ត្រីមុខដដែលៗ
រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា មានគោលនយោបាយត្រឹមត្រូវហើយ…
រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា មានគោលនយោបាយត្រឹមត្រូវហើយ…
រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា មានគោលនយោបាយត្រឹមត្រូវហើយ មានថវិកាហើយ ប៉ុន្តែបើគ្មានធនធានមនុស្សឬក៏មានមនុស្សគ្មានសមត្ថភាពទេ គឺប្រាកដណាស់មិនអាចអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈបានទេ ។ ដូច្នេះកត្តាធនធានមនុស្សនៅតែដើរតួនាទីសំខាន់ ។
សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍បែបនេះ នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៦ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ភូគីត្រា ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តផែនការសកម្មភាពរួមដំណាក់កាលទី៣ និងកិច្ចប្រជុំត្រួតពិនិត្យវាយតម្លៃវឌ្ឍនភាពប្រចាំឆ្នាំ២០១៥ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីធានាសង្គតិភាពទៅនឹងគោលនយោបាយ យុទ្ធសាស្ត្រ និងផែនការសកម្មភាពរួមរបស់រាជរដ្ឋាភិបាលផង ក៏ដូចជាដើម្បីធានាភាពត្រឹមត្រូវច្បាស់លាស់ និងភាពអាចវាស់វែងលទ្ធផលឬសមិទ្ធកម្មបានផង ។
ទាក់ទិននឹងបញ្ហានេះសម្តេចតេជោ បានផ្ញើសារទៅអ្នកធ្វើអត្ថាធិប្បាយខ្លះនៅពេលដែលសម្តេចធ្វើការរើរុះគណៈរដ្ឋមន្ត្រី ។ អ្នកដែលធ្វើអត្ថាធិប្បាយថា មុខដដែលៗ ។
សម្តេចតេជោបានផ្តាំទៅអ្នកអត្ថាធិប្បាយវិញថា អ្នកក៏មុខដដែលៗដែរ អ្នកដែលនិយាយហ្នឹង អ្នកនិយាយដែលជាបក្សប្រឆាំងក៏មុខនៅតែដដែលៗ អ្នកធ្វើអត្ថាធិប្បាយក៏មុខតែដដែលដែរ ។ បើចង់ឱ្យប្លែកមានតែកាត់កចោលទាំងអស់គ្នា ទើបបានដូរមុខ មុខសិប្បនិមិ្មត ទុកធ្វើកែសម្ផស្សឬ ?
សម្តេចតេជោ គូសបញ្ជាក់ថា អ៊ីចឹងកត្តាធនធានមនុស្សនៅតែជាកត្តាសំខាន់ ។ បើទោះបីមុខចាស់ក៏ដោយ ប៉ុន្តែចរិតការងារឱ្យថ្មី ត្រង់នោះហើយការផ្លាស់ប្តូរនោះ ។ មិនចាំបាច់ថាមុខថ្មី ហៅថាការផ្លាស់ប្តូរទេ មុខចាស់ ប៉ុន្តែធ្វើសកម្មភាពផ្លាស់ប្តូរ នោះហើយគឺការផ្លាស់ប្តូរ ។
ចំពោះមុខថ្មីក៏មិនទាន់ប្រាកដថាផ្លាស់ប្តូរទេ គឺផ្លាស់ប្តូរតែមនុស្ស ប៉ុន្តែបែរជាទៅរឿងមួយផ្សេងទៀត ។ មុខចាស់ដែលផ្លាស់ប្តូរទើបបានខ្លាំង…ហិរញ្ញវត្ថុបានកែសម្រួល នេះគឺជាលើកទី៣ហើយ ។ ជួនកាលចាស់មែន ប៉ុន្តែគំនិតថ្មី អាយុ៨០ក៏ដោយប្រសិនជាមានគំនិតថ្មី ការផ្លាស់ប្តូរវាមិនចាំបាច់ការផ្លាស់មនុស្សទេ ។ តើឲ្យខ្ញុំទៅណា បើប្រជាពលរដ្ឋបោះឆ្នោតឲ្យខ្ញុំ គឺខ្ញុំនៅតែធ្វើ…រហូតដល់ខ្ញុំខ្ជិលធ្វើ…និយាយឲ្យត្រង់ៗ ។
ចំពោះខ្លួនឯងធ្វើបក្សប្រឆាំង សឹងតែមួយជីវិតទៅហើយ នៅតែប្រឆាំង…រួចតាំងពីសតវត្សទី២០រហូតដល់សតវត្សទី២១ នៅតែមិនឈ្នះ រួចស្រែកតែឈ្នះរហូតទៅហើយ…។ ជូនសារបន្តិចទៅចុះ ។
សម្តេចតេជោមានប្រសាសន៍ថា ការជាក់ ស្តែងកំណើនពីមួយឆ្នាំទៅមួយឆ្នាំកើនឡើងពីមនុស្សថ្មី ឬកើនមកពីមនុស្សចាស់គំនិតថ្មី…បញ្ហាគឺនៅត្រង់កន្លែងហ្នឹង ខ្ញុំសង្កត់ធ្ងន់លើធនធានមនុស្ស ហើយធនធានមនុស្សនេះផ្តើមចេញពីអស់លោកប្រធានស្ថាប័ន…ដែលជាអាណាប័កដើមខ្សែ ។
ប្រសិនបើស្ថាប័នណាមួយមិនកែសម្រួលទេ ក៏អត់បានដែរ ហើយយន្តការអ្នកអនុវត្ត គឺត្រូវជឿនូវរឿងនេះឲ្យខ្លាំងមែនទែន ។
សម្តេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ទៀតថា គ្រប់ក្រសួង ស្ថាប័ន ត្រូវបន្តលើកកម្ពស់ស្មារតីនៃការពិភាក្សា ការសម្របសម្រួលនិងកិច្ចសហការទាំងនៅក្នុងក្របខណ្ឌផ្ទៃក្នុងក្រសួង ស្ថាប័ននីមួយៗ ទាំងនៅក្របខណ្ឌអន្តរក្រសួង ស្ថាប័ន និងទាំងនៅក្នុងក្របខណ្ឌអន្តរកម្មវិធីកែទម្រង់ ។ ពិសេសយន្តការសម្របសម្រួលរវាងកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កម្មវិធីកែទម្រង់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ ដែលត្រូវបានបង្កើតឡើងកន្លងមក សំដៅធានាឱ្យបានសង្គតិភាព ភាពប្រទាក់ក្រឡាគ្នា និងសុខដុមរមនានៃដំណើរការកែទម្រង់សំខាន់ៗរបស់រាជរដ្ឋាភិបាល និងដើម្បីបង្កើនកាលានុវត្តភាពនៃការសម្រេចជោគជ័យលើការងារកែទម្រង់ជាឧត្តមប្រយោជន៍ដល់ការអភិវឌ្ឍស្ថាប័នជាតិ និងការបង្កើនគុណភាពសេវាសាធារណៈជូនប្រជាពលរដ្ឋ ។
គ្រប់ក្រសួង ស្ថាប័ន ត្រូវខិតខំអនុវត្តប្រកបដោយប្រសិទ្ធភាពនូវសារាចរលេខ០៩ ស.រ ចុះថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៥ ស្តីពីវិធាននិងនីតិវិធីនៃការរៀបចំ ការអនុវត្ត ការត្រួតពិនិត្យ តាមដាន និងការវាយតម្លៃលើការងារកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលត្រូវបានដាក់ចេញដោយរាជរដ្ឋាភិបាល ដើម្បីធានាសង្គតិភាព និងសមានគតិភាពនៃការរៀបចំ ប្រសិទ្ធភាពនៃការអនុវត្ត ព្រមទាំងសុក្រឹតភាព និងភាពទាន់ពេលនៃការត្រួតពិនិត្យ តាមដាន និងវាយតម្លៃលើការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។
យ៉ាងណាក៏ដោយ សម្តេចតេជោនាយករដ្ឋមន្ត្រី នៅតែគូសបញ្ជាក់ម្តងហើយម្តងទៀតថា ការកែទម្រង់របស់យើងកើតចេញមកពីការយល់ឃើញដ៏ត្រឹមត្រូវរបស់យើង ដោយខ្លួនឯង គឺមិនមែនជាការធ្វើតាមបង្គាប់បញ្ជារបស់អ្នកណានោះទេ។ យើងបានដាក់ចេញនិងជំរុញអនុវត្តកិច្ចការកែទម្រង់ទាំងអស់ ដោយឈរលើហេតុផល និងវិចារណភាពច្បាស់លាស់ ព្រមទាំងប្រកបដោយភាពជាម្ចាស់ និងវីរភាព ហ៊ានធ្វើ ហ៊ានទទួលខុសត្រូវ ហើយធ្វើជាជំហានៗ និងជាដំណាក់កាលៗទៅតាមលទ្ធភាព និងសមត្ថភាពជាក់ស្តែង ។
ដូច្នេះ ដរាបណាយើងនៅតែយល់ឃើញថា «ការកែទម្រង់គឺជាការងារស្លាប់រស់របស់កម្ពុជា » ដរាបនោះយើងពិតជាគ្មានថ្ងៃស្កប់ស្កល់នឹងកិច្ចការនេះទេ ។ យើងនឹងបន្តចាត់ទុកថាការកែទម្រង់ គឺជាការងារប្រចាំថ្ងៃរបស់យើងដែលត្រូវតែបន្តកែលម្អ ក្នុងគោលដៅតាមដានឱ្យទាន់សភាពការណ៍ និងដំណើរវិវត្តន៍នៃសង្គមសេដ្ឋកិច្ច និងនយោបាយទាំងនៅក្នុងក្របខណ្ឌប្រទេស ក្របខណ្ឌតំបន់ ក៏ដូចជាក្របខណ្ឌពិភពលោក ។
លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវតសាធារណៈ មានប្រសាសន៍ថា កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈត្រូវបានប្រកាសដាក់ឱ្យអនុវត្ថជាបន្ដបន្ទាប់ដោយសម្ដេចតេជោនាយករដ្ឋមន្ដ្រី ពោលគឺដំណាក់កាលទី១ នៅថ្ងៃទី៥ខែធ្នូ ឆ្នាំ២០០៤ ដំណាក់កាលទី២ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០០៨ ។
លោករដ្ឋមន្ដ្រីបញ្ជាក់ថា ចំពោះដំណាក់កាលទី១ គោលដៅចម្បងគឺការបង្កើនភាពជឿ់ទុកចិត្តនៃថវិកា ដែលផ្ដោតអាទិភាពបន្ទាន់លើការងារពង្រឹងការប្រមួលចំណូល ការគ្រប់គ្រងចំណូល ការពង្រឹងការគ្រប់គ្រងសាច់ប្រាក់ និងការកែលំអនីតិវិធីអនុវត្ដថវិកា ។
ស្របតាមគោលដៅនេះ នៅក្នុងដំណាក់កាលទី១ បានដាក់ចេញ និងពង្រឹងការអនុវត្តវិធានការជាច្រើនដែលនាំឱ្យសម្រេចបាន ដោះស្រាយបាននូវបញ្ហាបំណុលសាច់ប្រាក់ និងកង្វះសាច់ប្រាក់ដ៏រាុំរ៉ៃ ។ បន្ទាប់ពីបានអនុវត្តអស់រយៈពេល៤ឆ្នាំ និងបានពិនិត្យឃើញថា ការជឿទុកចិត្តគ្នាបាននូវថវិកាត្រូវបានសម្រេចជាមូលដ្នានហើយនោះ យើងក៏បានដាក់ចេញនូវដំណាក់កាលទី២ នូវកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។
ចំពោះដំណាក់កាលទី២ គោលដៅចម្បង គឺការបង្កើតគណនេយ្យភាពហិរញ្ញវត្ថុបានកាន់តែត្រឹមត្រូវ ច្បាស់លាស់ សុក្រឹត និងទាន់ពេលវេលា ស្របតាមស្ដង់ដាអន្ដរជាតិ ទន្ទឹមនឹងការបន្តពង្រឹងភាពជឿទុកចិត្តលើថវិកាឱ្យកាន់តែរឹងមាំថែមទៀត ជាពិសេសការពង្រឹងការព្យាករណ៍ចំណូលចំណាយឱ្យកាន់តែសុក្រឹត។ យើងបានចំណាយជាង៦ឆ្នាំ សម្រាប់ដំណាក់កាលទី២នេះ ដើម្បីត្រៀមរៀបចំសមាសភាព សមត្ថភាពជាច្រើនសម្រាប់កសាងមូលដ្ឋានគ្រឹះនូវប្រព័ន្ធថវិកាថ្មី ដែលជាស្នូលនៃប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។
ការត្រៀមរៀបចំនូវដំណាក់ទី៣ ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ បានបង្ហាញថា ការកែទម្រង់របស់យើងបានបោះជំហានយ៉ាងសំខាន់ថ្មីមួយទៀត គឺការចាប់ផ្ដើមធ្វើការផ្លាស់ប្ដូរមួយចំណែកម្ដងៗនៃប្រព័ន្ធថវិកាបច្ចុប្បន្ន តាមរយៈការដាក់ឱ្យអនុវត្ដនីតិកាលថវិកាថ្មី ស្ដង់ដាគណណេយ្យ និងប្លង់គណនេយ្យថ្មី អង្គភាពថវិកា និងនីតិវិធីថ្មីនៃការអនុវត្ដថវិកា រួមជាមួយប្រព័ន្ធព័ត៌មានវិទ្យា សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុធារណៈជំហានទី១ បូករួមទាំងការចាប់ផ្ដើមពង្រឹងនិងពង្រីកប្រព័ន្ធថវិកាកម្មវិធីពេលលេញជាជំហានៗ ទៅក្នុងចំណោមក្រសួង ស្ថាប័នរដ្ឋគ្រប់ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដោយចាប់ផ្ដើមពីឆ្នាំ២០១៥រហូតដល់ឆ្នាំ២០១៨ ស្របតាមទស្សនទានស្ដីពីទិសដៅយុទ្ធសាស្ដ្រនៃការកែទម្រង់ថវិកាទាំងស្រុង ជាប្រព័ន្ធថវិកាផ្ដល់លើធាតុចូលវិមជ្ឈការទៅជាប្រព័ន្ធថវិកាលើលទ្ធផល ឬធាតុចេញ ។
លោករដ្ឋមន្ដ្រី អូន ព័ន្ធមុនីរ័ត្ន បញ្ជាក់ថា ដូច្នេះដំណាក់កាលទី៣នេះទាមទារចាំបាច់បន្ថែមទៀតឱ្យពង្រីកវិសាលភាព និងពង្រឹងភាពស៊ីជម្រៅ ប្រសិទ្ធភាពសុីជម្រៅ នូវការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ ទាំងនៅលើកម្រិតប្រព័ន្ធគ្រប់គ្រង យន្ដការក្របខណ្ឌគតិយុត្ត និងធនធានមនុស្ស។ ដើម្បីធានាបាននូវប្រសិទ្ធភាព និងការលើកកម្ពស់ប្រសិទ្ធភាពនៃការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ ចាំបាច់ត្រូវពិនិត្យនិងកែលំអបន្ថែមក្នុងពេលដំណាលគ្នា ទាំងការរៀបចំ និងការអនុវត្ដថវិកា ទាំងរចនាសម្ព័ន្ធស្ថាប័នគ្រប់គ្រង សំដៅធានានូវការបន្ស៊ីគ្នាក្នុងការឆ្លើយឆ្លងគ្នារវាងថវិកា ជាមួយនឹងគោលបំណងគោលនយោបាយ ព្រមទាំងរចនាសម្ព័ន្ធស្ថាប័ន ដែលជាយន្ដការអនុវត្ដគោលនយោបាយ ៕
ចែករំលែកព័តមាននេះ