ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូលនិធិ​នគរ​កាយ​វត្ត​ព្រះពុទ្ធ​សាសនា​កម្ពុជា​ប្រគល់​អំណោយ​ដល់​សាខា​កាកបាទក្រហម​ខណ្ឌឫស្សីកែវ

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ព្រះ​តេជគុណ​សុវណ្ណ​ជោតិ​បណ្ឌិត ខឹ​ម សម្បត្តិ ប្រធាន​សហគមន៍​មូលនិធិ​នគរ​កាយ​វត្ត​ព្រះពុទ្ធ​សាសនា​កម្ពុជា និង​ជា​ចៅអធិការ​វត្ត​ញាណ​រង្សី កាលពី​ព្រឹក​ថ្ងៃ​ទី​២១ មីនា ២០១៦ បាន​ផ្តល់​អំណោយ​ជា​គ្រឿង​ឧបភោគ

រាជធានី​ភ្នំពេញ ៖ ព្រះ​តេជគុណ​សុវណ្ណ​ជោតិ​បណ្ឌិត ខឹ​ម សម្បត្តិ ប្រធាន​សហគមន៍​មូលនិធិ​នគរ​កាយ​វត្ត​ព្រះពុទ្ធ​សាសនា​កម្ពុជា និង​ជា​ចៅអធិការ​វត្ត​ញាណ​រង្សី   កាលពី​ព្រឹក​ថ្ងៃ​ទី​២១ មីនា ២០១៦ បាន​ផ្តល់​អំណោយ​ជា​គ្រឿង​ឧបភោគ បរិភោគ និង​បច្ច័យ​មួយ​ចំនួន​ឧបត្ថម្ភ​ដល់​អនុ​សាខា​កាកបាទក្រហមកម្ពុជា ខណ្ឌឫស្សីកែវ ដើម្បី​យក​ទៅ​ចែក​ជូន​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ក្នុង​មូលដ្ឋាន​។

ពិធី​នេះ បាន​រៀបចំ​ឡើង​នៅ​វត្ត​ញាណ​រង្សី ក្នុង​សង្កាត់​ទួល​សង្កែ ដោយ​មានការ​អញ្ជើញ​ចូលរួម​ទទួល​ដោយ​លោក ជា ពិសី ប្រធាន​អនុ​សាខា​កាកបាទក្រហម​ខណ្ឌឫស្សី កែវ និង​ជា​អភិបាល​ខណ្ឌ​។

អំណោយ​ដែល​ប្រគល់​ជូន​នោះ​រួម​មាន អង្ក​១​តោន​, មី​១០​កេស​, ទឹកត្រី ទឹកស៊ីអ៊ីវ​២០​យួរ​, ទឹកដោះគោ​២០​កំប៉ុង​, ស្ករស​ចំនួន​៣០​គីឡូក្រាម​, ទឹកក្រូច​ចំនួន​៥​កេស​, ត្រីខ​១០​យួរ​, តែ​២០០​កញ្ចប់​, ទឹក​សុទ្ធ​១០​កេស​, បា​ឡុ​ង​ចំនួន​២​សម្រាប់ និង​បច្ច័យ​ចំនួន​៤​លាន​រៀល​។ អំណោយ​ទាំងនោះ​សរុប​ជា​បច្ច័យ​៧.៤៥០.០០០​រៀល ។

ក្នុង​នាម​អាជ្ញាធរ​ខណ្ឌ និង​កាកបាទក្រហម​លោក ជា ពិសី ក៏​បាន​ថ្លែងអំណរគុណ​ដល់​សប្បុរសជន​ទាំងអស់ ជា​ពិសេស​ព្រះ​តេជគុណ​បណ្ឌិត ខឹ​ម សម្បត្តិ ព្រះប្រធាន​សហគមន៍​មូលនិធិ​នគរ​កាយ​វត្ត​ព្រះពុទ្ធ​សាសនា​កម្ពុជា ដែល​តែងតែ​ចូលរួម​ជួយ​ដល់​ជន​រង​គ្រោះ និង​គ្រោះថ្នាក់​ផ្សេង​ៗ ជា​ពិសេស​ជួយ​ឧបត្ថម្ភ​ដល់​អនុ​សាខា​កាកបាទ ក្រហមកម្ពុជា ខណ្ឌឫស្សីកែវ ជា​បន្តបន្ទាប់ ដើម្បី​យក​ទៅ​ចែក​ជូន​ដល់​ជន​ងាយ​រង​គ្រោះ​បន្ត​ទៀត ។ នេះ​ជា​ទឹក​ព្រះ​ទ័យ​ដ៏​ថ្លាថ្លៃ​របស់​ព្រះ​អង្គ​ក្នុង​ការ​ចូលរួម​បម្រើ​មនុស្ស ធម៌។

លោក ជា ពិសី ក៏​បាន​សន្យា​ថា នឹង​នាំ​អំណោយ​នេះ​យក​ទៅ​ចែក​ជូន​ដល់​ដៃ​ប្រជាពលរដ្ឋ​ក្រីក្រ​ក្នុង​មូលដ្ឋាន​ព្រម​កៀរគរ​រក​អំណោយ ហើយ​ចុះ​ទៅ​ចែក​ជូន​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ក្នុង​១​ស​ប្តា​ហ៍ម្ត​ង​។   

​ព្រះ​តេជគុណ​សុវណ្ណ​ជោតិ​បណ្ឌិត ខឹ​ម សម្បត្តិ មាន​សង្ឃដីកា​ថា ព្រះពុទ្ធ​សាសនា គឺជា​សាសនា​របស់​រដ្ឋ ហើយ​ព្រះសង្ឃ​តែងតែ​ផ្សា​ភ្ជាប់​ជាមួយ​រដ្ឋាភិបាល​ជា​និច្ច និង​កៀរគរ​រក​ជំនួយ​ពី​សប្បុរសជន​នានា​យក​ទៅ​ជួយ​ឧបត្ថម្ភ​ដល់​កាកបាទក្រហមកម្ពុជា​សាខា​រាជធានី​ភ្នំពេញ​, អនុ​សាខា​កាកបាទក្រហមកម្ពុជា​ខណ្ឌ ដើម្បី​ពាំនាំ​អំណោយ​ទៅ​ចែក​ជូន​ដល់​ជន​ងាយ​រង​គ្រោះ​បន្ត​ទៀត​។

ព្រះ​តេជគុណ​សុវណ្ណ​ជោតិ បណ្ឌិត ខឹ​ម សម្បត្តិ មាន​សង្ឃដីកា​ទៀត​ថា នោះ​ជា​ការ​ដឹងគុណ​ដែល​សម្តេច​តេ​ជោ ហ៊ុន សែន បាន​រំដោះ​យើង​ទាំងអស់​គ្នា​ឱ្យ​រស់រាន​មានជីវិត និង​មើលឃើញ​ពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​សម្តេច និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ដែល​បាន​ខិតខំ​អស់កម្លាំង​កាយ​ចិត្ត​ក្នុង​ការ​ជួយ​ប្រជាពលរដ្ឋ ទើប​ព្រះ​អង្គ​បង្កើត​សហគមន៍​នេះ​ឡើង​ដើម្បី​ជា​ការ​ចូលរួម​ផ្នែក​មនុស្សធម៌​ស្រប​តាម​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​៕