រាជធានីភ្នំពេញ ៖ កម្មករ-កម្មការិនីរោងចក្រកាត់ដេរយីហោ «វីនស៊ីងតិច» ប្រមាណ៥៥០នាក់ នាំគ្នាបះបោរធ្វើបាតុកម្មតវ៉ា ខណៈត្រូវថៅកែប្រកាសរំលាយកិច្ចសន្យាការងារ ឈានដល់ការបិទទ្វាររោងចក្រ ដោយពុំទាន់បានទូទាត់ប្រាក់ឈ្នួលប្រាក់អតីតភាពការងារ ប្រាក់បំណាច់ផ្សេងៗទៀតឡើយ ដែលបង្កឱ្យមានផលប៉ះពាល់ដល់ជីវភាពរស់នៅ និងការចំណាយប្រចាំថ្ងៃរបស់ពួកគេយ៉ាងខ្លាំង ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី២១ មីនា ២០១៦ ស្ថិតនៅចំណុចមុខរោងចក្រ ដែលមានទីតាំងស្ថិតនៅក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមប្រភពពីតំណាងកម្មករឱ្យដឹងថា រោងចក្រកាត់ដេរមួយនោះបានដំណើរការចាប់តាំងពីអំឡុងឆ្នាំ២០០៧មកម្ល៉េះ ដែលមានកម្មករ កម្មការិនីបម្រើការងារសរុបចំនួន៥៥០នាក់ និងមានថៅកែឈ្មោះ Liang Xiu Juna ភេទស្រី ជាជនជាតិចិន ។
មូលហេតុដែលនាំឱ្យកម្មករឈានដល់ការដង្ហែក្បួនទៅកាន់ក្រសួងការងារនោះ គឺដោយសារតែថៅកែប្រកាសរំលាយកិច្ចសន្យាការងារបិទទ្វាររោងចក្រមួយនេះ ហើយទៅបើកបង្កើតរោងចក្រផ្សេងថ្មីមួយទៀត ដោយពុំបានទូទាត់ប្រាក់ឈ្នួល ប្រាក់អតីតភាពការងារ ប្រាក់បំណាច់ផ្សេងៗទៀតជូនកម្មករ ដូចជា ប្រាក់ការជូនដំណឹងមុន ,ប្រាក់បំណាច់ កិច្ចសន្យាដែលនៅសល់,ប្រាក់បំណាច់នៃកិច្ចសន្យាការងារស្មើរនិង៥ភាគរយ, ប្រាក់បំណាច់ឆ្នាំ, ប្រាក់ខែចុងក្រោយ និងអត្ថប្រយោជន៏ផ្សេងៗ, ប្រាក់ជួសការជូនដំណឹងមុន, ប្រាក់បំណាច់បណ្ដេញចេញ, ប្រាក់សោរហ៊ុយជំងឺចិត្ត, ប្រាក់ជួសជុលការឈប់សម្រាកប្រចាំឆ្នាំដែលនៅសល់ឡើយ ។
ចែករំលែកព័តមាននេះ