ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រើប្រាស់​ប្រាក់​រៀល​ដើម្បី​អភិវឌ្ឍ​សង្គម ពាណិជ្ជកម្ម វិនិយោគ ហិរញ្ញវត្ថុ និង​សេដ្ឋកិច្ច

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រោយ​ឆ្នាំ​១៩៩៣ បន្ទាប់​ពី​កម្ពុជា​មានការ​បោះ​ឆ្នោត​មក សេដ្ឋកិច្ច​កម្ពុជា​បាន​ក្លាយទៅជា​សេដ្ឋកិច្ច​ដុល្លា​រូប​នី​យ​កម្ម​ដោយ​ឯកឯង តាម​រយៈ​អាជ្ញាធរ​បណ្តោះអាសន្ន​របស់​អង្គការសហប្រជាជាតិ

រាជធានី​ភ្នំពេញ ៖ ក្រោយ​ឆ្នាំ​១៩៩៣ បន្ទាប់​ពី​កម្ពុជា​មានការ​បោះ​ឆ្នោត​មក សេដ្ឋកិច្ច​កម្ពុជា​បាន​ក្លាយទៅជា​សេដ្ឋកិច្ច​ដុល្លា​រូប​នី​យ​កម្ម​ដោយ​ឯកឯង តាម​រយៈ​អាជ្ញាធរ​បណ្តោះអាសន្ន​របស់​អង្គការសហប្រជាជាតិ ប្រចាំ​នៅ​កម្ពុជា ឬ​ហៅ​កាត់​ថា​UNTAC​។ បច្ចុប្បន្ន ការ​ប្រើប្រាស់​រូបិយប័ណ្ណ​ដុល្លារ​លើ​ទីផ្សារ​នៃ​ប្រទេស​កម្ពុជា​មាន​ប្រមាណ​ជា​៨៣% ចំណែក​ការ​ប្រើប្រាស់​រូបិយប័ណ្ណ​រៀល​មាន​មិន​ដល់​២០%​នោះ​ទេ ហើយ​ការ​ប្រើប្រាស់​ប្រាក់​រៀល​ទៀត​សោត គឺ​សម្រាប់​តែ​ការ​ទូទាត់​តម្លៃ​ទំនិញ​តូច​ៗ​ប៉ុណ្ណោះ ដែល​ភាគច្រើន គេ​ឃើញ​មានការ​ប្រើប្រាស់​ប្រាក់​រៀល​នៅ​តាម​ជនបទ ដោយឡែក​នៅ​តាម​ទីក្រុង និង​ទីប្រជុំជន​ធំ​ៗ​គឺ​គេ​ប្រើប្រាស់​ដុល្លារ​ច្រើន​ជាង ។ ដោយសារ​តែ​ហេតុនេះ ធនាគារជាតិ​នៃ​កម្ពុជា សហការ​ជាមួយ​សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា រៀបចំ​វេទិកា​អបអរសាទរ​ទិវា ដាក់​ប្រាក់​រៀល​ឲ្យ​ចរាចរ​ឡើង​វិញ លើក​ទី​៣៦ ថ្ងៃ​ទី​២០ មីនា ១៩៨០ – ២០ មីនា ២០១៦ ក្នុង​គោលបំណង​រំឭក​ខួប​នៃ​ការ​ដាក់​ឱ្យ​ចរាចរ​ឡើង​វិញ ព្រមទាំង​បង្ហាញ​ពី​ការ​គាំទ្រ និង​លើកទឹកចិត្ត​ឱ្យ​វិស័យ​ឯកជន បង្កើន​ការ​ប្រើប្រាស់​ប្រាក់​រៀល​ក្នុង​ប្រតិបត្តិការ​របស់​ខ្លួន​ដោយ​ស្មារតី​ស្ម័គ្រចិត្ត​។

ជាមួយ​គ្នា​នេះ​ធនាគារ ជាតិ​នៃ​កម្ពុជា បាន​បង្ហាញ​នូវ​សារ​ដែល​មាន សំខាន់​ៗ​មួយ​ចំនួន​ដូច​ខាងក្រោម ៖
១-​ការ​ប្រើប្រាស់​ប្រាក់​រៀល​រួមចំណែក​ជំរុញ​ពាណិជ្ជកម្ម ៖
បច្ចុប្បន្ន សេដ្ឋកិច្ច​កម្ពុជា​ពឹងផ្អែក​មួយ​ភាគ​ធំ​លើ​ការ​នាំ​ចេញ និង​ទេសចរណ៍ ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច ។ ក្នុង​ឆ្នាំ​២០១៤ ការ​នាំ​ចេញ និង​វិស័យ​ទេសចរណ៍ មាន​ប្រមាណ​៦១% នៃ​ផលិតផល​ក្នុងស្រុក​សរុប​(​ផ​.​ស​.​ស​) ។ ប្រសិនបើ​ប្រទេស​កម្ពុជា​ប្រើប្រាស់​តែ​ប្រាក់​រៀល ធនាគារជាតិ​នៃ​កម្ពុជា អាច​ជំរុញ​ការ​នាំ​ចេញ​ដោយ​ធ្វើ​ឲ្យ​មាន​ភាព​ប្រកួតប្រជែង​ថ្លៃ​កើនឡើង​តាម​រយៈ​ការ​បន្ថយ​តម្លៃ​រូបិយ​វត្ថុ ។ ដូច្នេះ ការ​បន្ថយ​តម្លៃ​រូបិយ​វត្ថុ នឹង​ធ្វើ​ឲ្យ​ការ​នាំ​ចេញ​កើនឡើង ។ អំណាច​ក្នុង​ការ​បន្ថយ​តម្លៃ​រូបិយ​វត្ថុ​ជា​សមត្ថភាព​របស់​ធនាគារជាតិ​នៃ​កម្ពុជា ដោយ​មានការ​ប្រឹក្សា​ជាមួយ​រាជរដ្ឋាភិបាល និង​ភាគី​តាក់តែង​គោលនយោបាយ​ពាក់ព័ន្ធ​នានា ។

ទ​ន្ទឹ​នឹង​នេះ ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​រូបិយ​វត្ថុ អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ច្រើន​ជាង​មុន​មក​កាន់​កម្ពុជា និង​ធ្វើ​ឲ្យ​ពួក​គេ​ចំណាយ​កាន់តែ​ច្រើន ដោយសារ​ទំនិញ​កម្ពុជា​មាន​តម្លៃ​ទាប​ជាង​មុន​បើ​គិត​ជា​រូបិយប័ណ្ណ ។ ការ​បាត់បង់​សមត្ថកិច្ច​ក្នុង​ការ​គ្រប់គ្រង​តម្លៃ​ប្រាក់​រៀល បាន​បង្ក​ជា​ការ​រាំងស្ទះ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ ។

២-​ការ​ប្រើប្រាស់​ប្រាក់​រៀល​ជំរុញ​ការ​វិនិយោគ និង​បង្កើត​ការងារ ៖
ធនាគារកណ្តាល​ជា​ច្រើន ដូច​ជា​ធនាគារកណ្តាល​អា​មេ​រិ​ក បាន​កែតម្រូវ​ការ​ប្រាក់​គោល​របស់​ខ្លួន ដើម្បី​ជំរុញ​ការ​វិនិយោគ​ក្នុងស្រុក និង​បង្កើត​ការងារ​បន្ថែម ។ កម្រិត​អត្រា​ការ​ប្រាក់​គោល​ដែល​កំណត់​ដោយ​ធនាគារកណ្តាល មាន​ឥទ្ធិពល​លើ​ថ្លៃដើម​នៃ​មូលនិធិ​វិនិយោគ​របស់​គ្រឹះស្ថាន​ធនាគារ ហើយ​ជា​លទ្ធផល ក៏​នាំ​ឲ្យ​មានការ​ប្រែប្រួល​ដល់​អត្រា​ការ​ប្រាក់ ដែល​គ្រឹះស្ថាន​ធនាគារ​កំណត់​លើ​កម្ចី​ទៅ​កាន់​វិនិយោគិន និង​អង្គភាព​គ្រួសារ​ផង​ដែរ ។ នៅ​ពេល​ដែល​ធនាគារកណ្តាល​បន្ទាប​អត្រា​ការ​ប្រាក់​គោល វា​ជា​សញ្ញា​ដល់​គ្រឹះស្ថាន​ធនាគារ​ក្នុង​ការ​កាត់​បន្ថយ​អត្រា​ការ​ប្រាក់​កម្ចី ដែល​នឹង​ធ្វើ​ឲ្យ​កម្ចី​មាន​តម្រូវការ​ខ្ពស់​ជាង​មុន​សម្រាប់​វិនិយោគិន​និង​អង្គភាព​គ្រួសារ ។ ធនាគារកណ្តាល​ក៏​អាច​ដំឡើង​អត្រា​ការ​ប្រាក់​គោល​ផង​ដែរ ប្រសិនបើ​មាន​សញ្ញា​ថា បរិមាណ​កម្ចី​មាន​កំណើន​ខ្ពស់​ហួសហេតុ​នៅ​ក្នុង​សេដ្ឋកិច្ច ជា​ពិសេស​នៅ​ក្នុង​វិស័យ​ណាមួយ​ដូច​ជា វិស័យ​សំណង់​និង​អចលនទ្រព្យ​ជាដើម ដើម្បី​ចៀសវាង​ការ​ឡើងថ្លៃ​ជ្រុល​។

ទ្រឹស្តី​នេះ​អាច​អនុវត្ត​បាន​តែ​ក្នុង​សេដ្ឋកិច្ច​ដែល​ប្រើប្រាស់​រូបិយ​វត្ថុ​ក្នុងស្រុក​ទាំងស្រុង ឬ​មួយ​ភាគ​ធំ​ប៉ុណ្ណោះ ។ នៅ​ក្នុង​ករណី​កម្ពុជា ប្រាក់​បញ្ញើ​និង​ឥណទាន​ប្រមាណ​៩០% គឺជា​ប្រាក់​ដុល្លារ​អា​មេ​រិ​ក ។ ផ្ទុយ​ទៅ​វិញ ធនាគារជាតិ​នៃ​កម្ពុជា អាច​ផ្តល់​តែ​កម្ចី​ជា​ប្រាក់​រៀល​ប៉ុណ្ណោះ​ដល់​គ្រឹះស្ថាន​ធនាគារ​។ នេះ​មាន​ន័យ​ថា អត្រា​ការ​ប្រាក់​គោល​ដែល​ធនាគារជាតិ​នៃ​កម្ពុជា​កំណត់ នឹង​មិន​មាន​ឥទ្ធិពល​លើ​ថ្លៃដើម​នៃ​មូលនិធិ​វិនិយោគ​របស់​គ្រឹ​ស្ថាន​ធនាគារ​នោះ​ទេ ។ ចំណុច​នេះ​ជា​គុណវិបត្តិ​ដ៏​ធំ​មួយ​សម្រាប់​ប្រជាជន​កម្ពុជា និង​វិនិយោគិន​ដែល​កំពុង​ប្រឈម​នឹង​ចំណាយ​ថ្លៃដើម វិនិយោគ​ខ្ពស់ ដោយសារ​ធនាគារ​កណ្តាល មិន​អាច​មាន​ឥទ្ធិពល​លើ​អត្រា​ការ​ប្រាក់​កម្ចី​របស់​គ្រឹះស្ថាន​ធនាគារ​នោះ​ទេ ។

៣-​ការ​ប្រើប្រាស់​ប្រាក់​រៀល​ចូលរួម​លើក កម្ពស់​ហេដ្ឋារចនាសម្ព័ន្ធ និង​សុខុមាលភាព​សង្គម ៖
ការ​ប្រើប្រាស់​រូបិយ​វត្ថុ​ជាតិ​កាន់តែ​ច្រើន អាច​អនុញ្ញាត​ឲ្យ​រាជរដ្ឋាភិបាល​ធ្វើការ​គ្រប់គ្រង​ថវិកា​បាន​កាន់តែ​ប្រសើរ ដើម្បី​បំពេញតម្រូវការ​ក្នុង​ការ​វិនិយោគ​លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ​និង​សុខុមាលភាព​សង្គម ។ បច្ចុប្បន្ន រាជរដ្ឋាភិបាល​ធ្វើការ​ប្រមូល​ចំណូល​ជា​ប្រាក់​រៀល ប៉ុន្តែ​ចំណាយ​លើ​ហេដ្ឋារចនាសម្ព័ន្ធ និង​គម្រោង​អភិវឌ្ឍន៍​ផ្សេង​ៗ​ទៀត​ភាគ​ច្រើន​ជា​ប្រាក់​ដុល្លារ​អា​មេ​រិ​ក ។ នៅ​ក្នុង​រយៈកាល​វែង ភាព​មិន​ស៊ីគ្នា​នៃ​ចំណូល​ជា​រូបិយ​វត្ថុ និង​ចំណាយ​ជា​រូបិយប័ណ្ណ​នេះ នឹង​ជា​ឧបសគ្គ​សម្រាប់​រាជរដ្ឋាភិបាល ក្នុង​ការ​គ្រប់គ្រង​ថវិកា​ឲ្យ​មាន​ប្រសិទ្ធភាព ។

នៅ​កម្ពុជា ការ​អនុវត្ត​គោលនយោបាយ​សារពើពន្ធ​ត្រូវ​បាន​កម្រិត ដោយសារ​បរិមាណ​ប្រាក់​ដុល្លារ​អា​មេ​រិ​ក​ដ៏​ច្រើន​នៅ​ក្នុង​សេដ្ឋកិច្ច​។ មូលហេតុ​នេះ បាន​ដាក់​កំហិត​លើ​ការ​ខ្ចី​របស់​រាជរដ្ឋាភិបាល​ពី​សាធារណជន ក្នុង​ការ​អភិវឌ្ឍ​គម្រោង​អភិវឌ្ឍន៍​អាទិភាព​នានា ដូច​ជា​ការ​សាងសង់​ផ្លូវថ្នល់ ស្ពាន សា​សា​រៀន មន្ទីរពេទ្យ និង​កម្មវិធី​កាត់​បន្ថយ​ភាព​ក្រីក្រ​ផ្សេង​ៗ​ទៀត​។ ប្រសិនបើ​រាជរដ្ឋាភិបាល​មាន​បំណង​បង្កើន​ចំណាយ​សាធារណៈ រាជរដ្ឋាភិបាល​មិន​អាច​ខ្ចីប្រាក់​ជា​រូបិយប័ណ្ណ​ពី​ទីផ្សារ​ក្នុងស្រុក​នេះ​ទេ ។ ដោយសារ​តម្រូវការ​ប្រាក់​ដុល្លារ​អា​មេ​រិ​ក នឹង​កើនឡើង ដែល​នឹង​រឹតតែ​បង្កើន​កម្រិត​ដុល្លារ​រូប​នី​យ​កម្ម​នៅ​កម្ពុជា​ថែម​ទៀត ។

ការ​លើកកម្ពស់​ការ​ប្រើប្រាស់​ប្រាក់​រៀល នឹង​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ធ្វើ​ឲ្យ​ថវិការដ្ឋ មាន​ភាព​ប្រសើរ​ឡើង និង​កាត់​បន្ថយ​ការ​ដាក់ កំហិត​លើ​គោលនយោបាយ​សារ​ពើពន្ធ ។ ប្រសិនបើ​នៅ​លើ​ទីផ្សារ​មានការ​ប្រើប្រាស់​ប្រាក់​រៀល​កាន់តែ​ច្រើន រាជរដ្ឋាភិបាល​អាច​ពិចារណា​ចេញផ្សាយ​មូល​ប​ត្រ​ចារឹក​ប្រាក់​រៀល ដើម្បី​គ្រប់គ្រង​ថវិកា ក៏​ដូច​ជា​ផ្តល់​ហិរញ្ញប្បទាន​លើ​គម្រោង​អភិវឌ្ឍន៍​នានា ។ ដូចនេះ លទ្ធភាព​ក្នុង​ការ​គ្រប់គ្រង​ហិរញ្ញប្បទាន​ក្នុងស្រុក នឹង​អាច​ជួយ​ឲ្យ​កម្ពុជា​កាត់​បន្ថយ​ការ​ពឹងផ្អែក​លើ​បំណុល​បរទេស ។

៤-​ការ​ប្រើប្រាស់​ប្រាក់​រៀល​ជំរុញ​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ ៖
យោង​តាម​ការ​សិក្សា​របស់​ធនាគារពិភពលោក ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​មាន​ទំនាក់ទំនង​យ៉ាង​ជិត​ស្និទ្ធ​ជាមួយនឹង​ការ​អភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ​។ ការ​អភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ​មិន​ត្រឹមតែ​មាន​សារសំខាន់​ចំពោះ​ឧស្សាហកម្ម​ធនាគារ​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ជំរុញ​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ ដែល​អនុញ្ញាត​ឲ្យ​ប្រជាជន​កម្ពុជា​អាច​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​ផ្លូវការ​និង​មាន​តម្លៃ​សមរម្យ ។ តាម​រយៈ​កិច្ច​ខិតខំ​ប្រឹងប្រែង​កន្លង​មក ប្រជាជន​ពេញវ័យ​ប្រមាណ​៤៦% អាច​ទទួល​បាន​សេវា​ហរិ​ញ្ញ​វត្ថុ​ផ្លូវការ និង​ប្រមាណ​២៣%​មាន​គណនី​នៅ​ធនាគារ ។

ប្រជាជន​កម្ពុជា​ប្រមាណ​៧០% កំពុង​រស់នៅ​តាម​ជនបទ ហើយ​ភាគច្រើន​ប្រកប​របរ​កសិកម្ម​។ ប្រាក់​រៀល​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់ នៅ​ក្នុង​ជីរ​ភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ ដូច​ជា សម្រាប់​ការ​ជួញដូរ និង​ការ​ចំណាយ​នានា​។ បច្ចុប្បន្ន គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដែល​ធ្វើ​ប្រតិបត្តិការ​នៅ​តាម​ជនបទ ទទួល​បាន​មូល​និ​ធី​ពី​វិនិយោគិន​បរទេស និង​ពីរ​អ្នក​ដាក់​ប្រាក់​បញ្ញើ​ជា​ប្រាក់​ដុល្លារ​អាម​រិ​ក ។ ដើម្បី​បំពេញតម្រូវការ​ប្រាក់​រៀល គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទាំងនេះ​តែងតែ​ប្តូរ​ប្រាក់​ដុល្លារ​អា​មេ​រិ​ក​ទៅ​ជា​ប្រាក់​រៀល ដែល​អាច​ធ្វើ​ឲ្យ​ពួក​គេ​ប្រឈម​នឹង​ហានិភ័យ​ប្តូរ​ប្រាក់​។ ដើម្បី​បង្ការ​ហានិភ័យ​នេះ គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទាំងនេះ​បាន​កំណត់​អត្រា​ការ​ប្រាក់​កម្ចី​ជា​ប្រាក់​រៀល​ខ្ពស់ ដែល​ជា​កត្តា​ធ្វើ​ឲ្យ​កម្ចី​ជា​ប្រាក់​រៀល​មាន​អត្រា​ការ​ប្រាក់​ខ្ពស់​ជាង​កម្ចី​ជា​ប្រាក់​ដុល្លារ​អា​មេ​រិ​ក ។

ជា​ទូទៅ​ចំពោះ​ប្រជាជន​នៅ​តាម​ទីក្រុង ប្រតិបត្តិការ​ធំ​ៗ​ភាគច្រើន​ធ្វើ​ឡើងជា​ប្រាក់​ដុល្លារ​អា​មេ​រិ​ក ដែល​អនុញ្ញាត​ឲ្យ​ពួក​គេ​ចៀស​ផុត​ពី​ហានិភ័យ​ប្រាក់​បាន​មួយ​កម្រិត​ធំ ។ ផ្ទុយ​ទៅ​វិញ ប្រជាជន​ដែល​រស់នៅ​តាម​ជនបទ​ភាគច្រើន និង​ប្រជាជន​ដែល​មាន​ចំណូល​ជា​រូបិយ​វត្ថុ ត្រូវ​ប្រឈម​នឹង​អត្រា​ការ​ប្រាក់​កម្ចី​ខ្ពស់ ហើយ​ប្រជាជន​មួយ​ចំនួន​យល់​ឃើញ​ថា នេះ​ជា​ឧបសគ្គ​ចម្បង​សម្រាប់​ពួក​គេ​ក្នុង​ការ​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ ដូច​ជា ការ​ខ្ចីប្រាក់​ពី​ធនាគារ ហើយ​មួយ​ចំនួន​នៅ​តែ​បន្ត​ខ្ចី​ពី​អ្នក​ចងការ​ប្រាក់​ក្រៅផ្លូវការ ដែល​​ទាញ​យក​ផលប្រយោជន៍​ច្រើន​ហួសហេតុ​។ ការ​ជំរុញ​ការ​ប្រើប្រាស់​ប្រាក់​រៀល​តាម​រយៈ​ការ​សន្សំ និង​សកម្មភាព​សេដ្ឋកិច្ច​ផ្សេង​ៗ អាច​ជួយ​កាត់​បន្ថយ​ចំណាយ​នៃ​កម្ចី​ជា​ប្រាក់​រៀល និង​ជំរុញ​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​កម្ពុជា ។ ការណ៍​នេះ​នឹង​ជំរុញ​កំណើនសេដ្ឋកិច្ច​នៅ​តាម​ជនបទ ជា​ពិសេស​វិស័យ​កសិកម្ម ដែល​រួមចំណែក​ប្រមាណ ៣០%​នៃ​ផ​.​ស​.​ស ។

៥-​ការ​ប្រើប្រាស់​ប្រាក់​រៀល​ចូលរួម​ចំណែក​គរ​ពូន​ទុនបម្រុង​អន្តរជាតិ ៖
សម្រាប់​ប្រទេស​ដែល​រូបិយ​វត្ថុ​ជាតិ ត្រូវ​បាន​ប្រើប្រាស់​ជា​ទូទៅ រូបិយប័ណ្ណ​ដែល​ហូរ​ចូល​មក​ក្នុង​ប្រទេស​ត្រូវ​ប្តូរ​ទៅ​ជា​រូបិយ​វត្ថុ​ជាតិ មុន​នឹង​យក​មក​ប្រើប្រាស់​នៅ​ក្នុង​សកម្ម​ភាព​សេដ្ឋកិច្ច​ក្នុងស្រុក ។ ធន​គារ​កណ្តាល​មាន​តួនាទី​ស្រូប​យក​រូបិយប័ណ្ណ​ទាំងនេះ​តាម​រយៈ​ការ​ប្តូរ​ជា​រូបិយ​វត្ថុ​ជាតិ ។ ប្រសិនបើ​មាន​តែ​ប្រាក់​រៀល​ដែល​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​សកម្មភាព​សេដ្ឋកិច្ច កម្ពុជា​អាច​បង្កើន​ទុនបម្រុង​អន្តរជាតិ បាន​យ៉ាង​សន្ធឹកសន្ធាប់ តាម​រយៈ​ការ​គរ​ពូន​អតិរេក​នៃ​លំហូរ​រូបិយប័ណ្ណ​បរទេស​មក​ក្នុង​សេដ្ឋកិច្ច​កម្ពុជា​ជា​រៀង​រាល់​ឆ្នាំ ។

ការ​គរ​ពូន​ទុនបម្រុង​អន្តរជាតិ​បង្កើន​ទ្រព្យសម្បត្តិ​ជាតិ លើកកម្ពស់​ជំនឿ​ទុកចិត្ត​មក​លើ​រូបិយ​វត្ថុ និង​ពង្រឹង​មូលដ្ឋាន​រឹង​មាំ​សម្រាប់​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច ។ ទុនបម្រុង​អន្តរ​ជាតិ​ដែល​មាន​បរិមាណ​ខ្ពស់​សម​ស្រប ក៏​នឹង​អនុញ្ញាត​ឲ្យ​ធនាគារកណ្តាល​មាន​លទ្ធភាព​ខ្ពស់​ក្នុង​ការ​ធ្វើ​អន្តរាគមន៍​លើ​ទីផ្សារ​ប្តូរ​ប្រាក់​ដើម្បី​កាត់​បន្ថយ​ការ​ប្រែប្រួល​ខ្លាំង​នៃ​តម្លៃ​រូបិយ​វត្ថុ​អន្តរជាតិ ក្នុង​គោលបំណង​សម្រេច​បាន​នូវ​សមិទ្ធផល​ដែល​គាំទ្រ​កំណើនសេដ្ឋកិច្ច ។ លើស​ពី​នេះ កំណើន​ទុនបម្រុង​អន្តរជាតិ​នឹង​បង្កើន​ការ​វិនិយោគ ស្រប​តាម​គោលការណ៍​លំដាប់​អាទិភាព ៖

-​សុវត្ថិភាព ៖ វិនិយោគ​លើ​ឧបករណ៍​ហិរញ្ញវត្ថុ​ដែល​មាន​សុវត្ថិភាព​ក្នុង​គោលបំណង​ចម្បង​ដើម្បី​រក្សា​ដើមទុន ។
-​កម្រិត​សន្ទនីយ​ភាព​ខ្ពស់​៖ រក្សា​ជា​ឧ​បរ​កណ៍​ដែល​មាន​សន្ទនីយ​ភាព​ខ្ពស់​សម្រាប់​យក​ទៅ​ប្រើប្រាស់​បាន​ភ្លាម​ៗ​ទៅ​តាម​តម្រូវការ​របស់​ប្រព័ន្ធ​ធនាគារ ។
-​បង្កើន​ចំណូល ៖ វិនិយោគ​ទៅ​លើ​ឧបករណ៍​ហិរញ្ញវត្ថុ​នានា ដើម្បី​ទទួល​បាន​ប្រាក់​ចំណេញ សំដៅ​គរ​ពូន​ទុនបម្រុង​អន្តរជាតិ​បន្ថែម​។ ប្រាក់​ចំណេញ​នេះ នឹង​ត្រូវ​បែងចែក​រវាង​ធនាគារកណ្តាល (​សម្រាប់​ចំណាយ​ប្រតិបត្តិការ​) និង​រាជរដ្ឋាភិបាល ដែល​អាច​ត្រូវ​បាន​ទៅ​ប្រើប្រាស់​ក្នុង​ការ​វិនិយោគ ដើម្បី​ការ​អភិវឌ្ឍ​នៅ​ក្នុង​ប្រទេស​វិញ ។ ដូច្នេះ ថ្វី​ដ្បិតតែ​មាន​បរិមាណ​សម​ស្រប​ចំពោះ​ទំហំ​សេដ្ឋកិច្ច ទុនបម្រុង​អន្តរជាតិ​នៅ​កម្ពុជា អាច​នឹង​ត្រូវ​បាន​គរ​ពូន​បន្ថែម​យ៉ាងច្រើន​ថែម​ទៀត នៅ​ពេល​ដែល​ប្រាក់​រៀល​ត្រូវ​បាន​ប្រើប្រាស់​កាន់តែ​ទូលំទូលាយ​នៅ​ក្នុង​ប្រទេស ។

៦-​ការ​ប្រើប្រាស់​ប្រាក់​រៀល​ចូលរួម​ចំណែក​បង្ការ​ការ​ក្លែង​ក្រដាសប្រាក់ ៖
ដោយ​សេដ្ឋកិច្ច​កម្ពុជា ប្រើប្រាស់​ក្រដាសប្រាក់​ជា​មូលដ្ឋាន ជា​ពិសេស​ការ​ប្រើប្រាស់​ក្រដាសប្រាក់​ដុល្លារ​អា​មេ​រិ​ក​យ៉ាង​ទូលំទូលាយ កម្ពុជា​អាច​ជា​គោលដៅ​នៃ​ការ​ហូរ​ចូល​ក្រដាសប្រាក់​ដុល្លារ​អា​មេ​រិ​ក​ក្លែងក្លាយ ដោយសារ​តែ​សាធារណជន មិនសូវ​ស្គាល់​ច្បាស់​ពី​រូបិយប័ណ្ណ​បរទេស និង​មិន​អាច​បែងចែក​ក្រដាសប្រាក់​ពិត​និង​ក្លែងក្លាយ ។ ក្នុង​បរិការណ៍​នេះ កា​លើកទឹកចិត្ត​ឲ្យ​មានការ​ប្រើប្រាស់​រៀល​កាន់តែ​ទូលំទូលាយ មាន​សារសំខាន់​ណាស់​ក្នុង​ការ​ទប់ស្កាត់​ការ​ចរាចរ​រូបិយប័ណ្ណ​ក្លែងក្លាយ​នៅ​កម្ពុជា ហើយ​ក៏​រួមចំណែក​កាត់​បន្ថយ​កម្រិត​ដុល្លារ​រូប​នី​យ​កម្ម​បន្តិច​ម្តង​ៗ​ផង​ដែរ ។

ការ​ប្រើប្រាស់​រូបិយ​វត្ថុ​ជាតិ​ដែល​ប្រជាជន​ស្គាល់​ច្បាស់ នឹង​ជួយ​កាត់​បន្ថយ​នូវ​ការ​ក្លែង​ក្រដាសប្រាក់​និង​ជួយ​បង្ការ​ការ​ក្លែង​ប្រដា​ស​ប្រាក់​រូបិយប័ណ្ណ​បរទេស ដោយសារ​តែ​រូបិយប័ណ្ណ​ទាំងនេះ នឹង​ហូរ​ចូល​ទៅ​ក្នុង​សេដ្ឋកិច្ច​តាម​រយៈ​ប្រព័ន្ធ​ធនាគារ ។

៧-​ចំណូល​ពី​ការ​បោះពុម្ព​ក្រដាសប្រាក់ ៖
ចំណូល​ពី​ការ​បោះពុម្ព​ក្រដាសប្រាក់ គឺជា​ភាព​ខុស​គ្នា​រវាង​តម្លៃ​ចារឹក​របស់​ក្រដាសប្រាក់​និង ចំណាយ​ផលិតកម្ម ។ ឧទាហរណ៍ ក្រដាសប្រាក់​ប្រភេទ​១០.០០០​រៀល ត្រូវការ​ថ្លៃ​ចំណាយ​បោះពុម្ព​ចំនួន​៣០០​រៀល ។ នៅ​ពេល​ដែល​ក្រដាសប្រាក់​ប្រភេទ​១០.០០០​រៀល​នេះ ត្រូវ​បាន​បោះផ្សាយ និង​ដាក់​ឱ្យ​ចរាចរ​ដល់​សាធារណជន ក្រដាសប្រាក់​នេះ​អាច​ទិញ​ទំនិញ​ក្នុង​តម្លៃ ១០.០០០​រៀល ។ ដូច្នេះ ចំណូល​ពី​ការ​បោះពុម្ព​ស្មើនឹង​៩.៧០០​រៀល ។ កំណើន​តម្រូវការ​ប្រាក់​រៀល​នឹង​ធ្វើ​ឱ្យ​ធនាគារជាតិ​នៃ​កម្ពុជា​អាច បោះផ្សាយ​ក្រដាសប្រាក់​រៀល​កាន់តែ​ច្រើន ។ ជា​លទ្ធផល នៅ​ពេល​ដែល​ក្រដាសប្រាក់​រៀល​ត្រូវ​បាន​បោះពុម្ព​កាន់តែ​ច្រើន កម្ពុជា​នឹង​អាច​ទទួល​បាន​ចំណូល​ពី​ការ​បោះពុម្ព​កាន់តែ​ច្រើន​ដែរ ។

សេដ្ឋកិច្ច​ដែល​មាន​ដុល្លា​រូប​នី​យ​កម្ម​ខ្ពស់​បាន​ដាក់​កំហិត​លើ​លទ្ធភាព​របស់​ប្រទេស​ក្នុង​ការ ទទួល​បាន​ចំណូល​ពី​ការ​បោះពុម្ព​នេះ ដោយសារ​សាធារណជន​កាន់​រូបិយប័ណ្ណ​ជា​ចម្បង ជំនួស​ឱ្យ​រូបិយ​វត្ថុ​ជាតិ ។ ដូច្នេះ ការ​កាន់កាប់​រូបិយប័ណ្ណ​មាន​ន័យ​ថា​ស្មើនឹង​ការ​ខាតបង់​ចំណូល ពី​ការ​បោះពុម្ព ។ លើស​ពី​នេះ ការ​កាន់កាប់​នេះ​ក៏​ធ្វើ​ឱ្យ​កម្ពុជា​បាត់បង់​ឱកាស​ទទួល​បាន​នូវ​ចំណូល​ការ​ប្រាក់​ពី​ការ​ដាក់​ប្រាក់​បញ្ញើ និង​ការ​វិនិយោគ​រូបិយប័ណ្ណ (​ដែល​ត្រូវ​ស្រូប​យក​ដោយ​ធនាគារកណ្តាល​ក្នុង​ករណី​គ្មាន​ដុល្លា​រូប​នី​យ​កម្ម) នៅ​ក្នុង​ទីផ្សារ​ហិរញ្ញវត្ថុ​អន្តរជាតិ ។

តាម​រយៈ​ការ​បោះពុម្ព​ក្រដាសប្រាក់​រៀល​កាន់តែ​ច្រើន រាជរដ្ឋាភិបាល​នឹង​ទទួល​បាន​មូលនិធិ​ក្នុង​នាម​ជា​អ្នក​ខ្ចី​ពី​សេដ្ឋកិច្ច ដោយ​មិន​មានការ​ប្រាក់​ដើម្បី​យក​ទៅ​ធ្វើការ​វិនិយោគ​ក្នុង​សេដ្ឋកិច្ច​ឬ​ចំណាយ​សំដៅ​អភិវឌ្ឍ​វិស័យសេដ្ឋកិច្ច​អាទិភាព​នានា ៕