រាជធានីភ្នំពេញ ៖ ក្រោយពីសារព័ត៌មានកោះសន្តិភាពបានចុះផ្សាយអត្ថបទមួយដែលមានចំណងជើងថា «អ្នកមេម៉ាយឡើងត្នោតរំងាស់ស្ករលក់ចិញ្ចឹមកូន» រួចមក នៅថ្ងៃទី១៨ មីនា ២០១៦ លោកអៀរ ច័ន្ទគ្រឹស្នារ អ្នកយកព័ត៌មាន និងថតរូបប្រចាំសារព័ត៌មានក្យូដូ «ជប៉ុន» បានពាំនាំនូវអំណោយសប្បុរសជនក្នុងស្រុក និងក្រៅប្រទេសជូនដល់ដៃអ្នកមេមា៉យឡើងត្នោតឈ្មោះញឹក ចំរើន អាយុ៣៣ឆ្នាំ ដែលរស់នៅភូមិព្រះរាមរង្សី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
លោកអៀរ ច័ន្ទគ្រឹស្នារ បានឲ្យដឹងថា បន្ទាប់បានអានសារព័ត៌មានកោះសន្តិភាពស្តីពីជីវិតស្ត្រីមេម៉ាយកូនពីរក្រខ្សត់ម្នាក់ឈ្មោះញឹក ចំរើន មានអាយុទើបតែ៣៣ឆ្នាំ ដែលរស់នៅភូមិព្រះរាមរង្សី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ត្រដររស់ និងកំពុងប្រកបរបរប្រថុយដល់អាយុជីវិតសុខចិត្តឡើងត្នោតដែលមិនមែនជាជំនាញរបស់ខ្លួនជាស្ត្រីប្តូរមកវិញនូវប្រាក់កម្រៃបន្តិចបន្តួចដែលមិនសមទៅនឹងកម្លាំងពលកម្មក្នុងការប្រថុយជីវិតនោះទេ ។
នៅថ្ងៃទី១៨ មីនា ២០១៦ លោកបានទទួលថវិកាពីមិត្តភកក្តិ គឺលោកSeng Heing រស់នៅប្រទេសអូស្ត្រាលី ចំនួន២០០ដុល្លារ, ព្រះភិក្ខុ តិល កុសល គង់នៅវត្តព្រះពុទ្ធមានបុណ្យចំនួន១០០.០០០រៀល, ប្អូនស្រី ពេជ្រ ស្រី ឧបត្ថម្ភអង្ករ៥០គីឡូក្រាម ត្រីខពីរយួរ ទឹកស៊ីអីុវ១យួរ និងមីម៉ាម៉ាមួយកេស ហើយចំណែកលោកក៏បានឧបត្ថម្ភថវិកា១០០.០០០រៀលផងដែរ។
លោកអៀរ ច័ន្ទគ្រឹស្នារ ក៏បាននិយាយទៀតថា ពេលលោកមកដល់លំនៅឋានរបស់អ្នកមេម៉ាយឡើងត្នោតរំងាស់ស្ករលក់ ដើម្បីចិញ្ចឹមកូនពីរនាក់ នៅភូមិឃុំខាងលើ ពិតជាគួរឲ្យសង្វែគខ្លាំងណាស់ផ្ទះធ្លុះធ្លាយមើលឃើញមេឃ ហើយចានឆ្នាំងមិនដឹងនៅឯណានោះទេ ។ លោកសង្ឃឹមថា និងមានសប្បុរសជនបន្តជួយឧបត្ថម្ភដល់អ្នកមេម៉ាយ ញឹក ចំរើន ក្នុងជីវភាពរស់នៅឲ្យបានសមរម្យមិនខានឡើយ ។
ចែករំលែកព័តមាននេះ