រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់រងរបួសធ្ងន់ រីឯក្មេងប្រុសម្នាក់ទៀតរងរបួសស្រាល ខណៈអ្នកទាំង២ជិះម៉ូតូឌុបគ្នាមកឈប់រង់ចាំភ្លើងស្តុប ស្រាប់តែមានរថយន្តកូរ៉េមួយគ្រឿងបើកមកពីក្រោយបុកពេញទំហឹង និងកិនអូសម៉ូតូជាប់ពីក្រោមកង់ជាង១០ម៉ែត្រកាលពីវេលាម៉ោង៨និង១០នាទីយប់ថ្ងៃទី១៩ មីនា នៅចំណុចភ្លើងស្តុបផ្លូវ១០១៩កែងផ្លូវសម្តេចជាស៊ី ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
អ្នកបើករថយន្តឈ្មោះ យឿង វ៉ាន់និត ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ និងមានស្រុកកំណើតភូមិស្រូវក្រោម ឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត ។ ចំណែកស្ត្រីរងគ្រោះឈ្មោះ យិន ផល្លា អាយុ៣៩ឆ្នាំ ជាកម្មការិនីរោងចក្រ ស្នាក់នៅភូមិច្រេស សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រងរបួសធ្ងន់ រីឯក្មេងប្រុសរួមដំណើមិនស្គាល់ឈ្មោះអាយុ៤ឆ្នាំ ។
ក្រោយកើតហេតុ អ្នកបើករថយន្តបើកទ្វាររថយន្តបម្រុងរត់គេចខ្លួន ត្រូវបានអ្នកដំណើរឃើញដេញចាប់បាន និងវាយបែកមាត់ទើបប្រគល់ឱ្យសមត្ថកិច្ច ចំណែកអ្នករបួសត្រូវបានរថយន្តសង្ក្រោះគ្លីនិកឯកជនទួលគោកដឹកទៅព្យាបាលរបួស ។ ចំណែករថយន្តបង្ក និងម៉ូតូជនរងគ្រោះ ត្រូវបាននគរបាលចរាចរខណ្ឌសែនសុខនាំយកទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយពេលក្រោយ ៕
ចែករំលែកព័តមាននេះ