រាជធានីភ្នំពេញ ៖ ក្រុមហ៊ុនធំៗរបស់ឥណ្ឌាបានបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួនលើការវិនិយោគក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា ស្របពេលដែលវិស័យអចលនទ្រព្យ ត្រូវបានគេវាយតម្លៃថា កំពុងឈានដល់ចំណុចកំពូល ។ ក្រុមហ៊ុនឥណ្ឌាដែលមានបំណងមកវិនិយោគនៅក្នុងប្រទេសកម្ពុជា បានប្រកាសពីទំហំទឹកប្រាក់ប្រមាណ១ពាន់លានដុល្លារអាមេរិក ដោយវិនិយោគទៅលើសណ្ឋាគារផ្កាយប្រាំ នៅក្នុងរាជធានីភ្នំពេញ ។
នៅក្នុងសន្និសីទសារព័ត៌មានមួយនៅសណ្ឋាគារស៊ូហ្វីតែល កាលពីពេលថ្មីៗនេះ លោក Vidip Jatia នាយកក្រុមហ៊ុន Supreme Holdings And Hospitality (India) Ltd ថ្លែងថា ៖ « ទឹកប្រាក់ដែលត្រូវវិនិយោគលើវិស័យអចលនទ្រព្យក្នុងប្រទេសកម្ពុជា ប្រមាណរយៈពេល៥ឆ្នាំខាងមុខទៀតនេះ ប្រហែលជា១ពាន់លានដុល្លារ ទៅលើសណ្ឋាគារផ្កាយប្រាំនៅរាជធានីភ្នំពេញ ។ ពេលនេះពួកយើងកំពុងតែស្វែងរកដៃគូសម្រាប់វិនិយោគទៅលើគម្រោងនេះ ហើយសង្ឃឹមថា គម្រោងនេះនឹងទទួលបានជោគជ័យ បើតាមបទពិសោធន៍របស់ពួកយើងជាង៥០ឆ្នាំមកហើយ ហើយយើងក៏មានអ្នកជំនាញការជាច្រើនក្នុងក្រុមការងារផងដែរ។ នៅចុងឆ្នាំ២០១៦នេះ ក្រុមហ៊ុនរបស់យើងនឹងបណ្ដាក់ទុនវិនិយោគលើទឹកប្រាក់ប្រមាណ១០០លានដុល្លារជាដំបូងសិន » ។
លោក Immy Panjwani ប្រធានក្រុមហ៊ុន Ivanna Investments Ltd ដែលធ្លាប់បានវិនិយោគនៅទីក្រុងហុងកុង ទីក្រុងឡុងដ៍ និងទីក្រុងមុមបៃ ប្រទេសឥណ្ឌា និងបានកំពុងសម្លឹងមើលការវិនិយោគនៅក្នុងប្រទេសកម្ពុជាផងដែរនោះ បានឱ្យដឹងថា ៖ « ក្រុមហ៊ុនរបស់លោកមានជំនាញ និងបទពិសោធន៍ក្នុងវិស័យអចលនទ្រព្យនេះជាយូរឆ្នាំមកហើយ ។ ដោយសារតែមើលឃើញពីឱកាសទីផ្សារ និងការវិនិយោគទៅលើវិស័យនេះនៅកម្ពុជា នាពេលបច្ចុប្បន្នកំពុងមានការអភិវឌ្ឍពីមួយថ្ងៃទៅមួយ ទើបក្រុមហ៊ុនមកស្វែងរកការវិនិយោគ និងចាប់យកទីផ្សារដែលនៅសេសសល់នេះ » ។
លោកបន្តថា ៖ « មូលហេតុដែលក្រុមហ៊ុននិងដៃគូរបស់លោកវិនិយោគទៅលើសណ្ឋាគារ ដោយសារតែក្រុមហ៊ុនលោកមានសណ្ឋាគារជាដៃគូល្បីៗជាច្រើននៅប្រទេសឥណ្ឌា ។ នៅពេលគម្រោងនេះចាប់ផ្ដើមដំណើរការ លោកនឹងយកអ្នកជំនាញទាំងនោះមកអនុវត្តក្នុងការងារនេះ ឬយកគំរូនៃសណ្ឋាគារល្បីៗទាំងនោះមកសាងសង់នៅកម្ពុជា » ។
ចំណែកលោក Bretton G. Sciaroni ប្រធានសភាពាណិជ្ជកម្មអន្តរជាតិ ក៏បានឱ្យដឹងដែរថា ៖ « ការមកបណ្ដាក់ទុនវិនិយោគរបស់ឥណ្ឌានៅកម្ពុជា គ្មានអ្វីដែលត្រូវបារម្ភនោះទេ ពីព្រោះកំណើនសេដ្ឋកិច្ចនៅកម្ពុជាក៏ល្អ គឺប្រមាណជុំវិញ៧% ក្នុងមួយឆ្នាំ ។ ដោយឡែក សម្រាប់វិស័យអចលនវត្ថុវិញ ក៏កំពុងមានសន្ទុះខ្លាំងផងដែរ » ។
លោកបន្តទៀតថា ៖ « កម្ពុជានឹងកាន់តែរីកចម្រើននៅពេលដែលមានវិនិយោគិនមកបណ្ដាក់ទុនបន្ថែមទៀត។ ជាក់ស្ដែង ដូចនៅពេលនេះ ការមកបណ្ដាក់ទុនវិនិយោគរបស់ឥណ្ឌា នៅក្នុងប្រទេសកម្ពុជា ពីព្រោះវានឹងធ្វើឱ្យវិស័យអចលនទ្រព្យកាន់តែរីកចម្រើន ហើយប្រជាពលរដ្ឋកម្ពុជាមានការងារធ្វើ និងធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាកាន់តែរីកចម្រើនទៅមុខទៀត » ៕
ចែករំលែកព័តមាននេះ