នៅពេលដែលមិត្តភក្តិដែលបែកគ្នាយូរ សំណួរមួយដែលគេត្រូវបានលើកយកមកសួរ ចំពោះមន្ត្រីរដ្ឋ ។ សំណួរនោះគឺ « តើអ្នករកបានទេនៅកន្លែងនោះ? » តើការជួបគ្នាលើកចេញជាសំណួរបែបនេះ មានអត្ថន័យបែបណា ចំពោះសង្គមកម្ពុជា ?
សំណួរបានចង្អុលអំពីបញ្ហាសង្គមមួយ ដែលមនុស្សភាគច្រើនគិតថា នៅពេលដែលពួកគេក្លាយជាមន្ត្រី ពួកគេនឹងអាចរកលុយបានតាមមធ្យោបាយផ្សេង ក្រៅពីប្រាក់ខែរដ្ឋ ដែលមានកម្រិតទាបនៅឡើយ ។ យើងអាចនិយាយម្យ៉ាងទៀតឱ្យចំជាងនេះ គឺពួកគេត្រៀមខ្លួនជាស្រេចនឹងប្រព្រឹត្តអំពើពុករលួយ ជាជាងការគិតអំពីការបម្រើប្រជាជន ។ ជាមួយនឹង «ទស្សន:» បែបនេះ ដក់ជ្រៅនៅក្នុងខួរក្បាលរបស់មនុស្ស ពួកគេក៏ងាយនឹងប្រព្រឹត្តអំពើពុករលួយ ដោយប្រើអំណាច និងតួនាទីរបស់ខ្លួន ដើម្បីបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន ជាជាងបម្រើដល់ប្រជាជនកម្ពុជា ។
ដូច្នេះ ពួកមន្ត្រីទាំងនោះ ក៏ក្បត់នឹងបេសកកម្មព្រមទាំងប្រជាជន ។ ពួកគេមិនបានបម្រើប្រជាជនឡើយ ហើយគិតថា ប្រជាជនត្រូវតែខ្លបខ្លាចដល់ពួកគេហើយផ្តល់លាភសក្ការ:ដល់ពួកគេ ជាថ្នូរនឹងសេវាដែលប្រជាជននឹងទទួលបាន ។ ពួកគេគិតតែពីគាបប្រជាជនដើម្បីឱ្យបានលុយកាក់ ដោយមិនគិតអំពីទុក្ខលំបាករបស់ប្រជាជន ។
ដរាបណា មន្ត្រីមិនព្រមកែផ្នត់គំនិតរបស់ខ្លួនទេនោះ ទំនាក់ទំនងរវាងមន្ត្រី និងប្រជាជន នឹងពោរពេញដោយបញ្ហាថ្នាំងថ្នាក់ ។ បន្តិចម្តងៗ ការមិនសប្បាយចិត្តរបស់ប្រជាជនអាចនឹងក្លាយទៅជាការដកសេចក្តីទុកចិត្ត នៅក្នុងការបោះឆ្នោតរៀងរាល់ប្រាំឆ្នាំម្តង ។
ដូច្នេះ វាសំខាន់ណាស់ សម្រាប់មន្ត្រីទាំងអស់ ត្រូវយល់ច្បាស់អំពីបេសកកម្មរបស់ពួកគេ គឺត្រូវបម្រើផលប្រយោជន៍សាធារណ: ដើម្បីធ្វើយ៉ាងណា ឱ្យប្រជាជនដែលជាម្ចាស់ឆ្នោត អាចរស់នៅបានកាន់តែស្រួល និងកាន់តែមានជីវភាពធូរធា ។
វានឹងក្លាយជាកំហុសឆ្គង ដែលមន្ត្រីបម្រើប្រជាជនមិនបានល្អ ឬក៏ធ្វើបាបប្រជាជន ។ ពួកគេ មិនត្រូវចាត់ទុកប្រជាជន គឺជាអ្នកបម្រើផលប្រយោជន៍របស់ពួកគេនោះឡើយ ៕
ចែករំលែកព័តមាននេះ