ខេត្តស្វាយរៀង ៖ រថយន្តកុងតឺន័រសណ្តោងរ៉ឺម៉កមួយគ្រឿង របស់ក្រុមហ៊ុនផែស្ងួតសូងួន បានបើករេចង្កូតធ្លាក់ផ្លូវ ក៏ប៉ះដើមឈើបណ្តាលឱ្យបាក់ រួចបន្តបុកចូលផ្ទះរបស់ប្រជាពលរដ្ឋទៀត ដែលហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង០៦ និង៤០នាទីយប់ថ្ងៃទី១៨ មីនា ២០១៦ ស្ថិតនៅកំណាត់ផ្លូវជាតិលេខ១ ក្នុងភូមិលៀប ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ។
បើតាមលោកវរសេនីយ៍ត្រីឡឹក នាង អធិការរងនៃអធិការដ្ឋាននគបាលស្រុកស្វាយទាបបានឱ្យដឹងថា រថយន្តកុងតឺន័រខាងលើ ពាក់ស្លាកលេខភ្នំពេញ3D-3468 ជារបស់ក្រុមហ៊ុនផែស្ងួតសូងួន ។ រីឯម្ចាស់ផ្ទះរងគ្រោះឈ្មោះពេន ផាត ភេទស្រី អាយុ៥២ឆ្នាំ ។
ប្រភពដដែលបន្តថា មុនពេលកើតហេតុ គេឃើញរថយន្តខាងលើ ធ្វើដំណើរពីទិសខាងលិច ទៅខាងកើតយ៉ាងលឿន ។ លុះមកដល់កន្លែងកើតហេតុ ស្រាប់តែរេចង្កូតមកខាងឆ្វេងដៃធ្លាក់ពីលើថ្នល់ជាតិលេខ១ បុករះដើមឈើ (ដើមប្រេងខ្យល់) មុខកាត់២តឹកដួលបាក់រាបដល់ដី និងធ្លាក់ចូលប្រឡាយជម្រៅកន្លះម៉ែត្រ ហើយក៏បើកឡើងទៅបុករះចូលផ្ទះអ្នកភូមិ គាបជាប់ទៅមុខលែងរួច បណ្តាលឱ្យអ្នកបើករបួសបែកក្បាល និងបែកចិញ្ចើមធ្ងន់ធ្ងរហូឈាមស្រោចផ្ទៃមុខ ។
ក្រោយមក ក៏បានវារចេញពីកាប៊ីនគេចខ្លួនបាត់ភ្លាមៗ បន្សល់ទុកតែរថយន្តបង្កនៅកន្លែងកើតហេតុ ។ បន្ទាប់មក សមត្ថកិច្ច ក៏បានចុះធ្វើការវាស់វែង ដើម្បីស្រាវជ្រាវរកម្ចាស់មកទទួលខុសត្រូវ ។
រហូតដល់ម៉ោង១១ព្រឹកថ្ងៃទី១៩ មីនា ២០១៦ ទើបឃើញតំណាងក្រុមហ៊ុនសូងួន ហៅរថយន្តស្ទួចមកស្ទួចយកទៅដាក់រថយន្តដឹកកុងតឺន័រ ដឹកទៅក្រុមហ៊ុនសូងួន ក្រុងបាវិត និងបានអន្តរាគមន៍ដោះស្រាយសំណងការខូចខាតដើមឈើ និងការខូចផ្ទះរបស់ជនរងគ្រោះផងដែរ ។
ចែករំលែកព័តមាននេះ