ស្រុកព្រៃនប់ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តកុងតឺន័រ២គ្រឿង បានបុកគ្នាបណ្តាលឱ្យអ្នកបើកបរម្ខាងរងរបួសធ្ងន់ធ្ងរ ចំណែកអ្នកបើកម្ខាងទៀតគេចខ្លួនបាត់ ដែលហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោងជាង៨ព្រឹក ថ្ងៃទី១៩ មីនា ២០១៦ ស្ថិតនៅផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ពានទឹកសាប ចន្លោះគីឡូម៉ែត្រ 206-207 ក្នុងឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ជំហានដំបូងគេមិនទាន់ដឹងថា ហេតុការណ៍គ្រោះថ្នាក់នេះបង្កឡើងដោយរថយន្តកុងតឺន័រមួយណាកទេ គ្រាន់តែសង្ស័យថា អាចកើតឡើងដោយការបើកបរលឿន ក្នុងទិសដៅបរបញ្ច្រាសគ្នា។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាកនីសាន់ក្បាលពណ៌ខៀវ ពាក់ស្លាកលេខ ព្រះសីហនុ 3A-1878 សណ្តោងកុងតឺន័រ បានធ្វើដំណើរក្នុងទិសដៅ ពីខេត្តព្រះសីហនុមកភ្នំពេញ លុះមកដល់ចំណុចកើតហេតុ ក៏បានបុកជាមួយរថយន្តមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3A-2724 សណ្តោងកុងតឺន័រ បើកបរក្នុងទិសដៅបញ្ច្រាស់គ្នា បណ្តាលឲ្យរងការខូចខាតរថយន្តយ៉ាងដំណំ ក្នុងនោះអ្នកបើកបរម្នាក់ឈ្មោះ អ៊ុង សំអូន ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅខេត្តព្រៃវែង បានរងរបួសធ្ងន់ ។ ដោយឡែក ភាគីរថយន្តបង្ក ក៏បានបើកទ្វាររត់គេចខ្លួនបាត់ស្រមោល ។
ចែករំលែកព័តមាននេះ