ទីភ្នាក់ងារព័ត៌មានរ៉យទ័រផ្សាយថា ប្រព័ន្ធផ្សព្វផ្សាយមួយរបស់រដ្ឋអ៊ិស្លាម (IS) បានបង្ហាញវីដេអូឃ្លីប ដោយអះអាងថា ជាហេតុការណ៍ដែលយន្តហោះរបស់កងទ័ពអីុរ៉ាក់ត្រូវបានក្រុមសកម្មប្រយុទ្ធរបស់ពួកគេបាញ់ទម្លាក់សម្លាប់អាកាសយានិកចំនួន៥នាក់ ។
ក្នុងខ្សែអាត់វីដេអូពួក IS បានអះអាងថា យន្តហោះកងទ័ពអាកាសមួយគ្រឿងរបស់អីុរ៉ាក់ត្រូវបានបាញ់ទម្លាក់ ខណៈពេលហោះហើរនៅលើអាកាសក្នុងក្រុងហាវីចា ស្ថិតនៅភាគខាងកើតឆៀងខាងជើងក្រុង KIRKUK ។ គេឃើញយន្តហោះមួយគ្រឿងនោះដាំក្បាលចុះដីរួចផ្ទុះឆេះក្រោមសំឡេងស្រែកហ៊ោកញ្ជ្រៀវ យ៉ាងកងរំពងពីសំណាក់ពួកសកម្មប្រយុទ្ធអ៊ិស្លាម។
អ្នកនាំពាក្យកងទ័ពអីុរ៉ាក់បានបញ្ជាក់ថា យន្តហោះរបស់កងទ័ពអាកាសមួយគ្រឿងបានធ្លាក់នៅក្បែរទីក្រុង KIRKUK កាលពីថ្ងៃទី១៦ មីនា បណ្តាលឱ្យមានអ្នកស្លាប់៣នាក់ក្នុងនោះមានអាកាសយានិក២នាក់ និងអ្នកដំណើរម្នាក់។ ចំណែកលោកឧត្តមសេនីយ៍ចាតវ៉ាយ៉ក់យ៉ា រ៉ាស៊ូល បង្ហើបឱ្យដឹងថា យន្តហោះខាងលើកំពុងស្ថិតក្នុងការហោះល្បាត និងបានឆ្លងចូលទៅតំបន់ដែលគ្រប់គ្រងដោយពួកISនៅភាគខាងជើងអីុរ៉ាក់ ។ បច្ចុប្បន្នហេតុការណ៍ខាងលើកំពុងស្ថិតក្រោមការស៊ើបអង្កេតថា តើយន្តហោះនោះពិតជាត្រូវបាញ់ទម្លាក់ដោយពួកសកម្មប្រយុទ្ធ IS ឬក៏កើតមានបញ្ហាគ្រឿងម៉ាស៊ីន?
ចែករំលែកព័តមាននេះ