ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាយ​ឯកសារ​អភិបាល​ខេត្តតាកែវ​អនុញ្ញាត​ឱ្យ​សង់​ផ្សារ​តាកែវ សម័យនេះ​គួរ​កុំ​ភូត​រាស្ត្រ​!

1 ខែ មុន
  • តាកែវ

មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង ក្រោយ​ពី​លោក អ៊ូច ភា អភិបាល​ខេត្តតាកែវ ប្រកាស​នៅ​មុខ​ក្រុម​អាជីវក​រថា លោក​ពុំដែល​បាន​អនុញ្ញាត​ឲ្យ​មានការ​សង់​ផ្សារ​តាកែវ​ឡើង​វិញ​នោះ ស្រាប់តែ​បែកធ្លាយ​ឯកសារ​ជា​ច្រើន​សន្លឹក​ដែល​បង្ហាញ​ថា

ខេត្តតាកែវ ៖ មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង ក្រោយ​ពីលោក អ៊ូច ភា អភិបាល​ខេត្តតាកែវ ប្រកាស​នៅ​មុខ​ក្រុម​អាជីវក​រថា លោកពុំ​ដែល​បានអនុញ្ញាត​ឲ្យមានការ​សង់​ផ្សារ​តាកែវឡើង​វិញ​នោះ​ទេ លោក​ថា បាន​ដោះស្រាយ​ចប់​ហើយ គ្មាន​ការ​រុះរើ​ទេ ។ ស្រាប់តែ​បែកធ្លាយ​ឯកសារ​ជា​ច្រើន​សន្លឹក ដែល​បង្ហាញ​ថា លោក អ៊ូច ភា បាន​បោះត្រា​អនុញ្ញាត​ឲ្យ​ឈ្មួញ​ធ្វើការ​វិនិយោគ​សាងសង់​ផ្សារ​តាកែវ​ឡើង​វិញ ខណៈ​ពេល​អាជីវករ​មួយ​ភាគ​ធំ​កំពុង​ខ្វល់​រឿង​អត់​អង្ករ​ច្រក​ឆ្នាំង ហើយ​ឈ្មួញ​មក​លក់​តូប​ក្នុង​តម្លៃ​រាប់​ម៉ឺន​ដុល្លារ​ឲ្យ​ពួក​គាត់​ទៀត​នោះ ពិតជា​បែក​កើត​មានរឿង​ធំ​មិន​ខាន ។

Picture

ក្នុង​លិខិត​២​ដាច់​ដោយឡែក​ពី​គ្នា ដោយ​មួយ​ជា​លិខិត​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មួយទៀត​ជា​លិខិតអនុញ្ញាត​ឲ្យ​មានការ​សាង​សង់​បោះត្រា​យល់ព្រម​ដោយ​លោក អ៊ូច ភា អភិបាល​ខេត្តតាកែវ បាន​បង្ហាញ​ថា ផ្សារ​តាកែវ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ថ្នល់​បែក សង្កាត់​រការ​ក្រៅ ក្រុង​ដូន​កែវ ត្រូវ​បាន​ស្នើ ធ្វើការ​វិនិយោគ​កាលពី​ចុងខែ​ឧសភា ឆ្នាំ​២០២១ ដោយ​មានឈ្មោះ ប្រាក់ ចាន់រ​ដ្ឋា ជា​ម្ចាស់​គម្រោង ហើយ​ក៏​ត្រូវ​បាន​អភិបាល​ខេត្តតាកែវ បោះត្រា​យល់ព្រម​ឲ្យ​មានការ​សាងសង់​ហើយ​ដែរ​។

ដោយសារ​តែ​មានការ​អនុញ្ញាត​នេះ​ហើយ ទើប​ក្រុម​ឈ្មួញ​ចាប់ផ្តើម​ធ្វើការ​លក់​តូប​ផ្សារ ដែល​គេ​បាន​បង្កើត​រាប់រយ​តូប ដោយ​តាម​អាជីវករ​ខ្លះ​ថា តម្លៃ​តូប​នោះ​ក៏​មាន​តម្លៃ​ថ្លៃ ដោយ​១​តូប​មាន​ពី​១​ម៉ឺន​៥​ពាន់​ដុល្លារ រហូត​ដល់​ទៅ​៣​ម៉ឺន​ដុល្លារ​ក៏​មាន​ទៅ​តាម​ទីតាំង។

Picture

ព្រោះតែ​អាជីវករ​ពុំ​មាន​ប្រាក់​សម្រាប់​ទិញ​តូប​ដែល​មាន​តម្លៃ​ថ្លៃ ខណៈ​ពេល​ស្ថានភាព​សេដ្ឋកិច្ច​កំពុង​តែ​ដុនដាប​នោះ​ហើយ ទើប​កាល​ពី​ចុងខែ​កញ្ញា ក្រុម​អាជីវករ​ផ្សារ​តាកែវ​រាប់រយ​នាក់​បាន​លើកគ្នា​មក​តវ៉ា​ដល់​ខាង​មុខ​សាលាខេត្ត​តាកែវ ប៉ុន្តែ​ត្រូវ​បាន​បំបែក ដោយសារ​អាជ្ញាធរ​ក្រោម​ហេតុផល​ខុស​វិធាន​សុខាភិបាល​ស្តី​ពី​ការ​ទប់​ស្ការ​ជំងឺ​កូ​វី​ដ​១៩​។

Picture

យ៉ាងណា​ក៏​ដោយ នៅ​ថ្ងៃ​ទី​១៤ ខែតុលា កន្លង​ទៅ​ថ្មី​ៗ​នេះ ក្រុម​អាជីវករ​បាន​សម្រុកចូល​មក​ដល់​ខាងក្នុង​សាលាខេត្ត ដើម្បី​ជួប​លោក​អភិបាល​ខេត្តតាកែវ​ដោយ​ផ្ទាល់ ហើយ​នៅ​ចំពោះ​មុខ​ក្រុម​អាជីវករ​ទាំងនោះ លោក អ៊ូច ភា បាន​អះអាង​ថា លោក​មិន​ដែល​បាន​ចេញ​លិខិតអនុញ្ញាត​ឲ្យ​មានការ​សាងសង់​វិនិយោគ​ផ្សារ​តាកែវ​នោះ​ទេ តែ​ឥឡូវ​ឯក​សារបាន​បង្ហាញ​យ៉ាង​ច្បាស់​ថា លោក​អភិបាលខេត្ត​បាន​សម្រេច​អនុញ្ញាត​ឲ្យ​មានការ​សាងសង់​ផ្សារ​តាកែវ​តាំង​តែ​ពី​កំឡុង​ខែឧសភា ឆ្នាំ​២០២១​មក​ម្ល៉េះ ដូច្នេះ​តើ​ការ​ថ្លែង​របស់​លោក​អភិបាលខេត្ត ចំពោះ​មុខ​ប្រជាពលរដ្ឋ​ដែល​ថា មិន​បាន​អនុញ្ញាត​ឲ្យ​មានការ​សាងសង់​នោះ ជា​ការ​និយាយ ព្រោះតែ​ភ្លេច ឬ​ជា​ការ​បោក​ប្រជាពលរដ្ឋ​ដោះ​ទ័ល​មួយ​គ្រា?

Picture

ចំពោះ​ករណី​ខាងលើ​នេះ យើង​នៅ​មិន​ទាន់​មានការ​បកស្រាយ​ពី​លោក អ៊ូច ភា អភិបាល​ខេត្តតាកែវ នៅឡើយ​ទេ​នៅ​ថ្ងៃនេះ​។

គួរ​បញ្ជាក់​ដែរ​ថា ក្នុង​មួយ​រយៈពេល​ចុង​ក្រោយ​នេះ ខេត្តតាកែវ បាន​កើត​មានរឿង​មិន​ប្រក្រតី​ជា​ច្រើន តួរ​យ៉ាងដូច​ជា ករណី​ចាក់​ដី​លុប​បឹង​តាកែវ​យក​ដី​ធ្វើ​កម្មសិទ្ធិ ការ​កាយ​រណ្តៅ​ដី​ក្នុង​បឹង​តាកែវ រហូត​ដល់​មានការ​ចេញ​លិខិត​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ក៏​ដូច​ជា​ការ​វិនិយោគ​ផ្សារណាត់ ដែល​តាម​ក្រុម​ប្រជាពលរដ្ឋ​ខ្លះ​ថា ជា​វិនិយោគ​របៀប​ធ្វើ​នំ​អត់​ម្សៅ​ជាដើម​។

គួរ​បញ្ជាក់​ថា ៖ អាជីវករ​ផ្សារ​តាកែវ​លើកគ្នា​តវ៉ា ក្រោយ​ឮ​ថា ផ្សារ​នឹង​ត្រូវ​រុះរើ រួច​ឲ្យ​ឈ្មួញ​លក់​តូប​ម្តងទៀត
ព័ត៌​មាន​ពិស្តារ​​នឹង​មាន​ផ្សាយ​ជូន​​នៅ​លើ​កាសែត​កោះ​សន្តិភាព​៕

Picture
Picture
Picture
Picture
Picture
Picture
Picture