ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវករ​ផ្សារ​តាកែវ​លើកគ្នា​តវ៉ា ក្រោយ​ឮ​​ថា ផ្សារ​នឹង​ត្រូវ​រុះរើ រួច​ឲ្យ​ឈ្មួញ​លក់​តូប​ម្តងទៀត

2 ឆ្នាំ មុន
  • តាកែវ

អាជីវករ​ផ្សារ​តាកែវ​រាប់រយ​នាក់ កាលពី​ស​ប្តា​ហ៍​កន្លង​ទៅ​នេះ បាន​លើកគ្នា​ធ្វើការ​តវ៉ា​ស្នើ​ឲ្យ​អភិបាលខេត្ត ធ្វើ​អន្តរា​គមន៍ ក្រោយ​ពី​ពួក​គាត់​ទទួល​ដំណឹង​មក​ថា ផ្សារ​ដែល​ពួក​គាត់​ធ្លាប់​លក់ដូរ​រក​ប្រាក់​ចិញ្ចឹម​គ្រួសារ ត្រូវ​បាន​អាជ្ញាធរ

ខេត្តតាកែវ ៖ អាជីវករ​ផ្សារ​តាកែវ​រាប់រយ​នាក់ កាលពី​ស​ប្តា​ហ៍​កន្លង​ទៅ​នេះ បាន​លើកគ្នា​ធ្វើការ​តវ៉ា​ស្នើ​ឲ្យ​អភិបាលខេត្ត ធ្វើ​អន្តរា​គមន៍ ក្រោយ​ពី​ពួក​គាត់​ទទួល​ដំណឹង​មក​ថា ផ្សារ​ដែល​ពួក​គាត់​ធ្លាប់​លក់ដូរ​រក​ប្រាក់​ចិញ្ចឹម​គ្រួសារ ត្រូវ​បាន​អាជ្ញាធរ ប្រគល់​ឲ្យ​ក្រុមហ៊ុន​ឯកជន​មួយ​សាងសង់​ឡើង​វិញ ហើយ​ក្រោយ ពី​សាងសង់​រួច​គេ​នឹង​ដាក់​លក់​តូប​ក្នុង​តម្លៃ​ថ្មី​មួយ​។

ក្រុម​អាជីវករ​ទាំងនោះ បាន​លើក​ឡើង​ថា បច្ចុប្បន្ន​ពួក​គាត់​កំពុង​ជួប​នូវ​វិបត្តិ​ធ្ងន់ធ្ងរ គឺ​វិបត្តិ​កូ​វី​ដ​១៩ ដោយសារ​ការ​លក់ដូរ​មិនសូវ​ដាច់ មិន​មាន​ប្រាក់​ចំណូល​ផង ហើយ​ប្រសិនបើ​អាជ្ញាធរ​ត្រូវ​រុះរើ​ផ្សារ ហើយ​សង់​ថ្មី ដោយ​តម្រូវ​ឲ្យ​ពួក​គាត់​ទិញ​ម្តងទៀត​នោះ តើ​ពួក​គាត់​មាន​ប្រាក់​ឯណា​មក​ទិញ​ទៅ? ដូច្នេះ​មាន​តែ​ពួក​គាត់​លើកគ្នា​មក​សុំ​អន្តរាគមន៍​ឲ្យ​លោក​អភិបាលខេត្ត​ជួយ​រក​ដំណោះស្រាយ​ជូន​ពួក​គាត់​ផង​។

យ៉ាងណា​ក៏​ដោយ ការ​លើកគ្នា​តវ៉ា​សុំ​អន្តរាគមន៍​របស់​ក្រុម​អាជីវករ​ផ្សារ​តាកែវ ដោយ​មាន​លើក​ជា​បដា​ដោយ​សរស​រថា «​មិន​ព្រម​រុះរើ​ឲ្យ​ធ្វើ​ផ្សារ​ថ្មី​ជា​ដាច់ខាត​» មិន​ទទួល​បាន​ជោគជ័យ​ឡើយ ដោយសារ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចុះ​មក​ធ្វើការ​ហាមឃាត់ និង​បំបែក​ក្រោម​ហេតុផល​ថា ការ​ប្រមូលផ្តុំ​នោះ គឺ​ខុស​គោលការណ៍​របស់​ក្រសួងសុខាភិបាល ស្តី​ពី​ការ ទប់ស្កាត់​ការ​រាតត្បាត​ជំងឺ​កូ​វី​ដ​១៩​។

តែបើ​តាម​សេចក្តីរាយការណ៍​ថា ក្រោយ​ពី​ធ្វើការ​បំបែក​ការ​ជួបជុំ​រួច មន្ត្រី​សាលាខេត្ត​តាកែវ បាន​អនុញ្ញាត​ឲ្យ​តំណាង​ក្រុម​អាជីវករ​ចូល​ជួប ដើម្បី​ស្វែងរក​ដំណោះស្រាយ ប៉ុន្តែ​លទ្ធផល​យ៉ាងណា​នោះ នៅ មិន​ទាន់​មាន​ប្រភព​ណា​បញ្ជាក់​នៅឡើយ​ទេ​។

បើ​តាម​ប្រភព​គួរ​ឲ្យ​ជឿជាក់​មួយ បាន​ឲ្យ​ដឹង​ថា ឈ្មួញ​ដែល​ចង់​ធ្វើការ​វិនិយោគ​ផ្សារ​តាកែវ​ឡើង​វិញ​នេះ គឺជា​ឈ្មួញ​មានឈ្មោះ លោក ឡោ ជំនិត តែ​ម្នាក់​គត់​ដែល​កំពុងធ្វើការ​វិនិយោគ​ផ្សារណាត់​តាម​វិធីសាស្ត្រ​ធ្វើ​នំ​អត់​ម្សៅ ក្រោម​ការ​ជ្រោមជ្រែង​របស់​អាជ្ញា​ធរ ពោល​គឺ​គេ​រៀប​ជា​គម្រោង ហើយ​គូរ​ប្លង់​ផ្សារ បន្ទាប់​មក​ចាប់ផ្តើម​លក់​តូប ដោយ​តូប​ខ្លះ​មាន​តម្លៃ​ដល់​ទៅ​រាប់​ម៉ឺន​ដុល្លារ ទៅ​តាម​ទីតាំង ខណៈ​ការ​សាងសង់​នៅ​មិន​ទាន់​ចាប់ផ្តើម​នៅឡើយ​។

ពាក់ព័ន្ធ​ករណី​ខាងលើ​នេះ អ្នក​យក​ព័ត៌មាន​យើង​នៅ​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​លោក ឡោ ជំនិត បាន​ទេ​ដោយសារ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នក​ទទួល​។

គួរ​តក់​សម្គាល់​ផង​ដែរ​ថា នៅ​មួយ​រយៈកាល​ចុង​ក្រោយ​នេះ គេ​សង្កេត​ឃើញ​ថា អាជ្ញាធរ​ខេត្តតាកែវ ហាក់ដូចជា ធ្វើ​មើល​មិនឃើញ បណ្តែតបណ្តោយ​ឲ្យ​មាន​ករណី​មិន​ប្រក្រតី​ជា​ច្រើន ដូច​ជា​ករណី​កាយ​ដី និង​លុប​បឹង​តាកែវ រហូត​ដល់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ចុះ​ធ្វើការ​ស៊ើបអង្កេត​ថែម​ទៀត​ផង​។ តែបើ​តាម​អ្នកវិភាគ​នៅ​តាម​តុ​កាហ្វេ​វិញ បាន​និយាយ​ថា នេះ​ប្រហែលជា​មេ​ខេត្ត គាត់​រៀបចំ​ខ្លះ​ៗ សម្រាប់​ជា​កេរតំណែល ក្រោយ​គាត់​ឈប់​សម្រាក​ហើយ​មើលទៅ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ