រាជធានីភ្នំពេញ ៖ ប្រភពពីមន្រ្តីគណបក្សកម្ពុជាសេរីភាពបានបង្ហើបឲ្យដឹងថា ប្រធានគណបក្សកម្ពុជាសេរីភាពដែលទើបបង្កើតកាលពេលថ្មីៗនេះ លោកបណ្ឌិតសាស្រ្តាចារ្យ ជា ចំរើន បានសុំលាលែងតំណែងពីប្រធានគណបក្សកម្ពុជាសេរីភាព និង ប្រកាសបញ្ចប់ជីវិតនយោបាយ ។
ប្រភពបន្តថា ការប្រកាសលាលែងតំណែងនិងបញ្ចប់ជីវិតនយោបាយនាពេលនេះ ដោយសារលោកបណ្ឌិត ចង់រស់នៅក្នុងជីវភាពជាប្រជាពលរដ្ឋសាមញ្ញ ព្រោះលោកបានលះបង់កាយសព្វបែបយ៉ាងជាមួយជីវិតនយោបាយ ។
គួរបញ្ចាក់ថា អតីតតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជានិងសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ជា ចំរើន បានដាក់លិខិតសុំលាលែងពីសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកាលពីថ្ងៃទី១៨ វិច្ឆិកា ២០១៥ បន្ទាប់ពីរួមរស់ក្នុងគណបក្សនេះរយៈពេល២២ឆា្នំ និងមួយថ្ងៃក្រោយមកគណបក្សប្រជាជនកម្ពុជាបានយល់ព្រមឲ្យចាកចេញតាមសំណើ ។ នៅថ្ងៃទី២៥ វិច្ឆិកា ២០១៥ ពោលប្រមាណមួយសប្តាហ៍ប៉ុណ្ណោះ លោកបណ្ឌិតសាស្រ្តាចារ្យ ជា ចំរើន បានប្រកាសបង្កើតគណបក្សថ្មីមួយដោយដាក់ឈ្មោះថា “គណបក្សកម្ពុជាសេរីភាព” និងក្រោយមកត្រូវបានក្រសួអមហាផ្ទៃចុះបញ្ជីទទួលស្គាល់ផ្លូវការ ប៉ុន្តែនៅពេលនេះ លោកបានប្រកាសបញ្ចប់ជីវិតនយោបាយរបស់លោកហើយ ដើម្បីរស់នៅជាប្រជាពលរដ្ឋសាមញ្ញធម្មតា ដោយមិនខ្វល់ពីនយោបាយទៀតហើយ ៕
ចែករំលែកព័តមាននេះ