រាជធានីភ្នំពេញ ៖ សំណើរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្តីពីការរុះរើគណៈរដ្ឋមន្ត្រី ត្រូវបានដាក់ទៅរដ្ឋសភា និងបន្តដាក់ទៅគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៅថ្ងៃទី១៧ ខែមីនា ។ នេះបើតាមការឲ្យដឹងពីអ្នកនាំពាក្យរដ្ឋសភា ។
លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភាថ្លែងថា «យើងបានទទួលលិខិតសម្រាប់ការសម្រួល និងបំពេញគណៈរដ្ឋមន្ត្រីកាលពីម្សិលមិញ ហើយយើងកំពុងធ្វើបែបបទបញ្ជូនទៅគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា។ គណៈកម្មាធិការអចិន្ត្រៃយ៍នឹងកំណត់ប្រជុំថ្ងៃណានោះលោកមិនដឹងទេ ប៉ុន្តែអគ្គលេខាធិការដ្ឋានបញ្ជូនទៅថ្ងៃនេះ(១៧មីនា) ហើយគណៈកម្មាធិការនេះនឹងពិនិត្យសំណើទៅក្នុងរបៀបវារៈ ដាក់ចូលសម័យប្រជុំសភាពេញអង្គ» ។
ទោះបីមានការសាកសួរពីអ្នកសារព័ត៌មានថា តើក្រសួងណាខ្លះនឹងត្រូវដកឬផ្លាស់ប្តូរ អ្នកនាំពាក្យរដ្ឋសភារូបនេះមិនបានបង្ហាញថា ក្រសួងណាខ្លះនោះទេ ដោយអះអាងថា នៅពេលសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ចុះហត្ថលេខាលើសំណើ រួចបញ្ជូនទៅកាន់គណៈកម្មាធិការអចិន្ត្រៃយ៍ដើម្បីកំណត់ថ្ងែប្រជុំ ពេលនោះអាចនឹងបានដឹងហើយ ។
ទាក់ទិននឹងការផ្លាស់ប្តូររដ្ឋមន្ត្រីនៅតាមក្រសួងនោះ បើតាមប្រភពក្រៅផ្លូវការបង្ហើបឲ្យដឹងថា រដ្ឋមន្ត្រីនៅតាមក្រសួងមួយចំនួនដែលត្រូវធ្វើការផ្លាស់ប្តូរមានជាអាទិ៍ ១-រដ្ឋមន្ត្រីក្រសួងការបរទេស(ចូលនិវត្តន៍) ២-រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម(ត្រូវផ្លាស់ប្តូរទៅកាន់ក្រសួងការបរទេស) ៣-រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ទី៤-រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ៥-រដ្ឋមន្ត្រីក្រសួងបរិស្ថាន ត្រូវផ្លាស់ទៅកាន់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ៦-ក្រសួងព័ត៌មាន ។ បើតាមសម្តេចតេជោបានថ្លែងឱ្យដឹងថា នឹងមានក្រសួងចំនួន៨ត្រូវបានផ្លាស់ប្តូរ ។
ប្រភពក្រៅផ្លូវការក៏បានឲ្យដឹងដែរថា មានក្រសួងចំនួនពីរនឹងត្រូវបំបែក គឺក្រសួងអប់រំ យុវជន និងកីឡា បំបែកទៅជាក្រសួងអប់រំ និងក្រសួងយុវជន និងកីឡា ។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បំបែកជាពីរ គឺក្រសួងសេដ្ឋកិច្ច និងក្រសួងហិរញ្ញវត្ថុ ។
ប្រភពដដែលបន្តថា សំណើរុះរើគណៈរដ្ឋមន្ត្រីអាចនឹងត្រូវដាក់ទៅក្នុងសម័យប្រជុំពេញអង្គរដ្ឋសភានៅថ្ងៃទី៤ ខែមេសា ខាងមុខនេះ ។
គួរបញ្ជាក់ថា កាលពីចុងខែកុម្ភៈកន្លងទៅ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា សម្តេចកំពុងតែពិចារណាលើការដោះដូរគណៈរដ្ឋមន្ត្រីនៅក្នុងឆ្នាំ២០១៦នេះ ដោយសម្តេចបានលើកចំៗថា មានរដ្ឋមន្ត្រីយ៉ាងតិចចំនួនពីរក្រសួងដែលសកម្មភាពការងារស្ទក់ជាងគេ គឺរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងរដ្ឋមន្ត្រីក្រសួងកសិកម្ម ដែលទើបតែចូលកាន់តំណែងនៅអាណត្តិទី៥នេះ ។
សម្ដេចអគ្គមហាសេបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦ ខាងមុខ នឹងមានការបោះឆ្នោតផ្លាស់ប្ដូរសមាសភាពសមាជិករាជរដ្ឋាភិបាលចំនួន៨ក្រសួង ដើម្បីសំដៅធ្វើការងារឲ្យកាន់តែមានប្រសិទ្ធភាពឡើង ។
សម្ដេចតេជោនាយករដ្ឋមន្ដ្រី មានប្រសាសន៍បន្ដថា នៅទីនេះមិនមានរដ្ឋមន្ដ្រីណាមួយដែលអាក្រក់នោះទេ គ្រាន់តែមានរដ្ឋមន្ដ្រីខ្លះហាក់ដូចជាបានតែងតាំងទៅ គឺកាន់មុខតំណែងទៅមានរាងស្ទក់ ។ ដូច្នេះគឺត្រូវកែសម្រួលនៅកន្លែងហ្នឹង ហើយក៏មានរដ្ឋមន្ដ្រីខ្លះ បានដឹងគោលបំណងរបស់នាយករដ្ឋមន្ដ្រីពីការផ្លាស់ប្ដូរគណៈរដ្ឋមន្ដ្រី ក៏បានដាក់ពាក្យសុំលាលែងពីតំណែងតែម្ដង…ហើយខ្លះក៏សុំលាលែងទៅបំពេញមុខងារផ្សេង ដូចជាក្រុមប្រឹក្សាធម្មនុញ្ញជាដើម ។
ទាក់ទងនឹងការផ្ទេរតំណែងពីក្រសួងមួយទៅកាន់ក្រសួងមួយ ឬចាកចេញមិនបន្ដ សម្ដេចតេជោនាយករដ្ឋមន្ដ្រី មានប្រសាសន៍ថា អ្នកដែលទទួលរងនូវការផ្លាស់ប្ដូរ សូមបន្ដការងាររហូតដល់មានព្រះរាជក្រឹត្យស្ដីពីការតែងតាំង ហើយរង់ចាំផ្ទេរភារកិច្ចជូនរដ្ឋមន្ដ្រីថ្មី ។ ពុំមែនឮថា ពាក្យបញ្ជូនទៅដល់រដ្ឋសភាហើយ ស្រាប់តែមិនរង់ចាំផ្ទេរ គឺអត់មានទេណា ។
កាលណារដ្ឋសភាមិនទាន់ធ្វើការបោះឆ្នោតទេ គឺមានន័យថានៅរង់ចាំ ទោះបីសភាបោះឆ្នោតហើយក៏ដោយ គឺទាល់តែមានព្រះរាជក្រឹត្យតែងតាំង ទើបនឹងអាចចប់ភារកិច្ចទៅបាន ។ ប៉ុន្ដែទោះបីចប់ភារកិច្ចមិនមែនដើរចេញទេ គឺប្រគល់ឱ្យរដ្ឋមន្ត្រីថ្មី ដែលពេលនោះគឺមានលោកឧបនាយករដ្ឋមន្ត្រីទៅជាអធិបតីក្នុងការផ្ទេរតំណែង ។ នេះជាការពង្រឹងប្រសិទ្ធភាពការងារ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បញ្ជាក់ថា មិនមែនលោករដ្ឋមន្ត្រីទាំងនោះគឺជាមនុស្សដែលត្រូវកម្ចាត់ចោលទេ ប៉ុន្តែទាមទារឱ្យមានការរៀបចំពង្រឹងបន្ថែមនូវប្រសិទ្ធភាព ។ បើគិតពីពេលបង្កើតរាជរដ្ឋាភិបាលរហូតមកដល់ពេលដែលត្រូវបោះឆ្នោតនៅពេលខាងមុខនេះ គឺ២ឆ្នាំកន្លះគត់ បានសេចក្តីថា ពាក់កណ្តាលអាណត្តិ ។ ដូច្នេះយើងត្រូវពង្រឹងបន្ថែមនូវប្រសិទ្ធភាពការងារ ។
នេះគឺខ្ញុំចង់និយាយ មិនដឹងប៉ះលោករដ្ឋមន្ត្រីណាខ្លះទេ នៅឱ្យស្ងៀមស្តាប់មេស៊ីសង រៀបចំរួចហើយយកត្រាមកបោះចុះលេខនៅគេហដ្ឋាន រួចបញ្ជូនដល់រដ្ឋសភារួចហើយ។ បើបែករឿងគឺបែកធ្លាយពីរដ្ឋសភាទៅវិញ ត្រង់រឿងរបស់ខ្ញុំធ្វើស្ងាត់ដូច្នេះ ព្រោះនេះជាឆន្ទានុសិទ្ធិរបស់នាយករដ្ឋមន្ត្រី ។
ទន្ទឹមនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានផ្តាំទៅលោកអភិបាលខេត្តថា លោកចៅហ្វាយខេត្តដែលត្រូវចូលនិវត្តន៍នៅពេលខាងមុខ អាចនឹងបញ្ចប់ការងារមុន ។ មានខេត្ត៤ដែលត្រូវចប់ការងារមុន ដើម្បីយកមកចូលរាជរដ្ឋាភិបាល ។ ខេត្តដែលត្រូវចាកចេញមកមុនកាលកំណត់មាន ខេត្តត្បូងឃ្មុំ ខេត្តកំពត ខេត្តបន្ទាយមានជ័យ និងខេត្តស្វាយរៀង ។
សម្តេចតេជោមានប្រសាសន៍ថា អ្នកខ្លះធ្វើរដ្ឋមន្ត្រីបាន ប៉ុន្តែមិនប្រាកដថាធ្វើចៅហ្វាយខេត្តបានទេ ព្រោះចៅហ្វាយខេត្តត្រូវដឹកនាំលើគ្រប់វិស័យ លើកលែងតែការងារទូតមួយទេ ។ បើនិយាយពីចរិតការងារ បើធ្វើចៅហ្វាយស្រុក ធ្វើចៅហ្វាយខេត្តបាន ធ្វើនាយករដ្ឋមន្ត្រីបានហើយ ។
ប៉ុន្តែធ្វើរដ្ឋមន្ត្រីបានគឺមិនប្រាកដថា ធ្វើចៅហ្វាយខេត្តកើតទេ ។ ដូច្នេះហើយបានជាត្រូវជ្រើសរើសចៅហ្វាយខេត្តមួយចំនួនដើម្បីបញ្ចូលមកជាសមាជិករាជរដ្ឋាភិបាល ក្នុងក្របខណ្ឌជារដ្ឋលេខាធិការ ៕
ចែករំលែកព័តមាននេះ