ខេត្តកណ្តាល ៖ គ្រោះថ្នាក់ចរាចរណ៍គួរឲ្យព្រឺព្រួច ហើយសំណាងមួយក្នុងមួយពាន់គ្រោះថ្នាក់ ដែលប្រជាពលរដ្ឋជាច្រើនស្មានថាមនុស្សមិនរស់ផង ដោយសាបុរស២នាក់ជិះម៉ូតូឌុបគ្នាបើកគេចពីអ្នកជិះកង់ បានដួលចំពីមុខរថយន្ត បណ្តាលឲ្យកិនបាក់ជើងម្នាក់របួសធ្ងន់ និងស្រាលម្នាក់ រីឯម៉ូតូត្រូវរថយន្តកិនខ្ទេចទាំងស្រុង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីរសៀល ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦ លើកំណាត់ផ្លូវជាតិលេខ១ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ៣៦និង៣៧ ស្ថិតក្នុងភូមិជ័យឧត្តម២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ជនរងគ្រោះទាំង២នាក់ឈ្មោះ ខុន ឃុន ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិព្រៃសង្គម ឃុំច្រេះ ស្រុកមេសាង ខេត្តព្រៃវែង បើកបរម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1Cl-9563 បានរងរបួសធ្ងន់បាក់ជើងខាងស្តាំ និងម្នាក់ទៀតឈ្មោះ ផេន សុហេង ភេទប្រុស អាយុ២១ឆ្នាំ ជាអ្នករួមដំណើរ មានទីលំជាមួយគ្នា រងរបួសស្រាល ត្រូវគេដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យរាធានីភ្នំពេញ។ ចំណែករថយន្តក្រុងភ្នំពេញ-វៀតណាម ពណ៌សលាយក្រហម ពាក់លេខ ភ្នំពេញ3C-6336 មិនស្គាល់អត្តសញ្ញាណអ្នកបើកបរ ហើយបានរត់គេចខ្លួនបាត់។
ប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងទាំង២នាក់ជិះម៉ូតូពីអ្នកលឿងទៅភ្នំពេញ ពេលមកដល់ចំណុចកើតហេតុ ជនរងគ្រោះបានបើកគេចពីអ្នកជិះកង់ក្នុងទិសដៅស្រប គ្នាក៏ បានរេចង្កួតដួលចំពីមុខរថយន្តក្រុង ដែលកំពុងបើកបរស្របគ្នា ជាន់ហ្វាំងមិនទាន់បណ្តាលកិនជើងម្នាក់ បង្កឱ្យរបួសធ្ងន់ និងអ្នករួមដំណើរពីក្រោយម្នាក់ទៀត រងរបួសស្រាល រីឯម៉ូតូត្រូវរថយន្តកិនខ្ទេច។ ក្រោយកើតហេតុសម្ថកិច្ចជំនាញសហការជាមួយនគរបាលប៉ុស្តិ៍ចុះអន្តរាគមធ្វើការវាស់វែងប្រមូលយកមធ្យោបាយទាំង២គ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីចាត់ការបន្ត៕
ចែករំលែកព័តមាននេះ