ខេត្តបាត់ដំបង៖ ពិតមែនតែនៅតាមបណ្ដាស្រុកមួយចំនួន បានរងនូវផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ រីឯតាមបណ្ដាស្រុកមួយចំនួនទៀត កំពុងខ្វះខាតទឹកស្រោចស្របនៅឡើយ ប៉ុន្តែពេលនេះជំនន់ទឹកភ្លៀង បាននិងកំពុងមានសន្ទុះខ្លាំងនៅតាមដងស្ទឹងសង្កែ ដែលជាសញ្ញាអាសន្ន ប្រាប់ឲ្យប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងសង្កែ ត្រូវមានការប្រុងប្រយ័ត្នចៀសវាងគ្រោះថ្នាក់ដោយយថាហេតុ ដោយសារជំនន់ទឹកភ្លៀងដែលមានការប្រែប្រូលយ៉ាងឆាប់រហ័សនេះ។
![Picture]()
មន្ត្រីជំនាញបាននិយាយថា គិតត្រឹមម៉ោង៩ព្រឹកថ្ងៃទី១៦ តុលា នេះ កំពស់ទឹកស្ទឹងសង្កែ បានហក់ដល់កំពស់១៣.២ម៉ ហើយ ដែលជាសញ្ញាប្រាប់ឲ្យមានការប្រុងប្រយ័ត្ន។ មន្ត្រីបាននិយាយទៀតថា ជំនន់ទឹកដែលកំពុងមានសន្ទុះនៅតាមដងស្ទឹងសង្កែនាពេលនេះ ដោយសារតែនៅប៉ែកខាងលើនៃដងស្ទឹង ជាពិសេសនៅស្រុកសំឡូត ស្រុករតនមណ្ឌល និង តាមបណ្ដាស្រុកមួយចំនួនទៀត មានភ្លៀងធ្លាក់ជោកជាំជាប់ៗគ្នានាប៉ុន្មានថ្ងៃកន្លងទៅនេះ ទើបបង្កឲ្យមានជំនន់តាមដងស្ទឹងសង្កែ។ សូមបញ្ជាក់ថា ដោយសារតែភ្លៀងបានធ្លាក់ខ្លាំងនាប៉ុន្មានថ្ងៃកន្លងទៅនេះ គេសង្កេតឃើញទឹកជំនន់បានកើតឡើង នៅផ្នែកខ្លះ តាមបណ្ដាស្រុកមួយចំនួនក្នុងខេត្តបាត់ដំបង ដែលធ្វើឲ្យខូចខាតផលដំណាំ និង ផ្លូវថ្នល់ជាច្រើនកន្លែង។
![Picture]()
ដោយឡែក នៅតាមបណ្ដាស្រុកជាប់ព្រំដែលខ្មែរ ថៃ វិញ ដូចជាស្រុកកំរៀង ស្រុកភ្នំព្រឹក ស្រុកសំពៅលូន ក៏បានរងនូវទឹកជំនន់នេះផងដែរ។ ប៉ុន្តែបើតាមអាជ្ញាធរស្រុក នៅជាប់ព្រំដែនទាំងនេះបានប្រាប់ថា ជំនន់ទឹកភ្លៀងបានជន់លិចផ្នែកខ្លះៗ នៃតំបន់ព្រំដែន ហើយទឹកជំនន់ទាំងនោះភាគច្រើនហូរធ្លាក់មកពីប្រទេសថៃ តាមអូរព្រំដែន តែជន់ក្នុងរយះពេលខ្លី ព្រោះវាជាជំនន់ទឹកភ្លៀង។ ប៉ុន្តែបានធ្វើឲ្យខូចខាតផលដំណាំ និង ប៉ះពាល់លំនៅឋានពលរដ្ឋខ្លះៗដែរ ។
![Picture]()
យ៉ាងណាក្ដី ចំពោះជំនន់ទឹកស្ទឹងសង្កែ នាពេលនេះវិញ បើតាមមន្ត្រីជំនាញ បានបញ្ជាក់ថា ជំនន់ទឹកភ្លៀងនេះ វាគ្រាន់តែជាគំរាមកំហែងដល់ពលរដ្ឋដែលរស់នៅតាមដងស្ទឹងតែប៉ុណ្ណោះ តែមិនទាន់អាចឈានដល់ជាការប្រកាសអាសន្នទូទៅនៅឡើយទេ។ ព្រោះវាជាជំនន់ទឹកភ្លៀង ដែលវាអាចថមថយវិញយ៉ាងឆាប់រហ័យ ប្រសិនបើប៉ែកខាងលើៗ នៃដងស្ទឹងមិនមានភ្លៀងធ្លាក់បន្តទៀត។ ប៉ុន្តែយ៉ាងណា ពេលនេះគំពស់ទឹកស្ទឹងកំពុងហក់ឡើងខ្លាំង រហូតកំពស់ ១៣.២ម៉។ ដូច្នេះប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងសង្កែ គួតែមានការប្រុងប្រយ័ត្ន ព្រោះជំនន់ទឹកភ្លៀងនៅពេលនេះមិនទៀងទាត់ទេ៕
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ