ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាត់បង់ជីវិតដោយកូវីដ១៩ នៅកម្ពុជាកើនឡើងជាង ៨០ភាគរយក្នុង២សប្តាហ៍ ដើមខែតុលា

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្ពុជា​បាន​កត់ត្រា​អ្នក​ស្លា.ប់​ដោយ​ជំងឺ​កូ​វី​ដ​-១៩ មាន​ចំនួន​សរុប ២៧៤ នាក់ ក្នុង​រយៈពេល ២ ស​ប្តា​ហ៍ ដើមខែ​តុលា…

រាជធានី​ភ្នំពេញ ៖ កម្ពុជា​បាន​កត់ត្រា​អ្នក​ស្លា.ប់​ដោយ​ជំងឺ​កូ​វី​ដ​-១៩ មាន​ចំនួន​សរុប ២៧៤ នាក់ ក្នុង​រយៈពេល ២ ស​ប្តា​ហ៍ ដើមខែ​តុលា ឆ្នាំ ២០២១ ដែល​មានការ​កើនឡើង ៨១,៤ ភាគរយ ធៀប​នឹង​រយៈពេល​ដូច​គ្នា​នៃខែ ​កញ្ញា ។ ក្នុងនោះភាគច្រើននៃអ្នកទទួលមរណភាព ជាពលរដ្ឋនិងមនុស្សចាស់ ដែលមិនបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ។

ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី ៨ ខែតុលា ធ្លាប់មានប្រសាសន៍បញ្ជាក់ថា អ្នកស្លាប់ដោយកូវីដ-១៩ ភាគច្រើន ថ្មីៗនេះរកឃើញថា ជាក្រុមមនុស្សមិនបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ។

ជាក់ស្តែងលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងប្រាប់ដល់ក្រុមអ្នកសារព័ត៌មាននៅព្រលានយន្តអន្តរជាតិភ្នំពេញពេលទៅទទួលវ៉ាក់សាំងចិន កាលពីថ្ងៃទី ១៤ ខែតុលាម្សិលមិញនេះ ថា  អត្រានៃការស្លាប់ដោយសារជំងឺកូវីដ-១៩ នៅកម្ពុជា ជារៀងរាល់ថ្ងៃនេះ មានភាគច្រើន គឺស្ថិតនៅលើប្រជាពលរដ្ឋដែលមិនបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ។ ក្នុងនោះលោកស្រី បានបញ្ជាក់ច្បាស់ៗថា «ដូចជាម្សិលមិញ [ថ្ងៃទី១៣ ខែ តុលា] មាន១៥ករណីស្លា.ប់ដោយសារជំងឺកូវីដ-១៩ រកឃើញក្នុងនោះ មាន១៤ករណី គឺគាត់អត់បានទទួលការចាក់វ៉ាក់សាំងទេ​»។

ខណៈ​ចំនួន​អ្នកជំងឺ​ទទួលមរណភាព​ដោយ​កូវីដ-១៩ ​មានការ​កើនឡើង​ខ្លាំង តែ​អត្រា​នៃ​ការ​ឆ្លង​ប្រចាំ​ថ្ងៃ និង​ករណី​នាំ​ចូល​ពី​ក្រៅប្រទេស ក៏​មានការ​ធ្លាក់​ចុះ​យ៉ាង​សន្ធឹក​ផង​ដែរ ។ ជាក់ស្តែង​កម្ពុជា​មាន​អ្នក​ឆ្លង​កូ​វី​ដ​-១៩ ក្នុង​រយៈពេល ២ ស​ប្តា​ហ៍​ដើមខែ​តុលា​នេះ​មាន​ចំនួន​ត្រឹមតែ ៣២៧៥ នាក់ (​លទ្ធផល​តេស្ត​ដោយ​ម៉ាស៊ីន PCR) ថយ​ចុះ​ជាង ៥៩​ភាគរយ ធៀប​នឹង​រយៈពេល​ដូច​គ្នា​នៃ​ខែ​មុន ដែល​មាន​ចំនួន​ឆ្លង​សរុប​ដល់​ទៅ ៧៩៦២ នាក់ (​បូក​បញ្ចូល​នឹង​លទ្ធផល​តេស្ត​ដោយ​ឧបករណ៍​តេស្ត​រហ័ស​/Rapid Test) ។

ចំណែក​ករណី​រក​ឃើញ​ជំងឺ​កូ​វី​ដ​-១៩ ដែល​ជា​ករណី​នាំ​ចូល​ពី​ក្រៅប្រទេស ក្នុង​រយៈពេល ២ ស​ប្តា​ហ៍​ដើមខែ​តុលា មាន​ចំនួន​ត្រឹមតែ ២៧៥ ករណី (​ក្នុង​ចំណោម​ករណី​ឆ្លង​កូ​វី​ដ​-១៩ សរុប ៣២៥៧​នាក់​) ថយ​ចុះ​ជិត ៨៧​ភាគរយ ធៀប​រយៈពេល​ដូច​គ្នា​នៃ​ខែ​មុន ។ ទន្ទឹម​នឹង​នោះ ក្នុង​រយៈពេល ១៤ ថ្ងៃ​ដើមខែ​តុលា​នេះ ក្រុម​គ្រូពេទ្យ​ក៏​បាន​ព្យាបាល​អ្នកជំងឺ​បានជា​សះស្បើយ​សរុប ៦៧៧១ នាក់ មាន​អត្រា​កើនឡើង ៨,៣ ភាគរយ ធៀប​រយៈពេល​ដូច​គ្នា​នៃ​ខែកញ្ញា ។

បើ​ទោះបីជា​អត្រា​នៃ​ការ​ឆ្លង​កូ​វី​ដ​-១៩ ប្រចាំ​ថ្ងៃ​បាន​ធ្លាក់​ចុះ​យ៉ាង​គំហុក​ចាប់ពី​ចុងខែ​កញ្ញា រហូត​មក​ដល់​ថ្ងៃ​ទី ១៤ ខែតុលា ក្នុង​អត្រា​ជា​ធ​ម្យ​ម​ចំនួន ២៣២​នាក់​ក្នុង​មួយ​ថ្ងៃ​ក្តី ក៏​ដូច​ជា​យុទ្ធនាការ​ចាក់​ស្រោច​វ៉ាក់សាំង​កូ​វី​ដ​-១៩ ជូន​ដល់​ប្រជាពលរដ្ឋ​និង​ក្រុម​កុមារ​គោលដៅ​សឹង​បាន ១០០ ភាគរយ ក៏​ដូច​ជា​ការ​សម្រុក​ចាក់​ដូ​ស​ជម្រុញ​ក្តី ថ្នាក់ដឹកនាំ​ប្រទេស​ក៏​ដូច​ជា​ក្រសួងសុខាភិបាល​នៅ​តែ​ទទូច​សុំ​ឱ្យ​ពលរដ្ឋ និង​បុគ្គល​គ្រប់​រូប​ត្រូវ​បន្ត​អនុវត្ត​នូវ​វិធានការ​សុខាភិបាល ៣​កុំ ៣​ការពារ និង​២​ជ ជា​ដាច់ខាត​ក្នុង​បរិបទ​កូ​វី​ដ​-១៩​។

ព្រម​ជាមួយ​គ្នា​នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​យប់​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០២១​នេះ បាន​ចេញ​សេចក្ដីសម្រេច ស្ដី​ពី​ការ​បន្ត​ដាក់​ចេញ​នូវ​វិធានការ​រដ្ឋបាល ដោយ​ផ្អាក​ជា​បណ្ដោះអាសន្ន ចំពោះ​សកម្មភាព​ការងារ មុខរបរ ឬ​អាជីវកម្ម ដែល​មាន​ហានិភ័យ​ខ្ពស់ នៃ​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ មាន​ដូច​ជា រោងកុន ខារ៉ាអូខេ រង្គសាល ឌី​ស្កូ​តែ​ក និង​អាជីវកម្ម​កម្សាន្ត​គ្រប់​ប្រភេទ និង​ការ​ជួបជុំ ឬ​ការ​ប្រមូលផ្ដុំ​មនុស្ស​ជា​លក្ខណៈ​ឯកជន នៅ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ សម្រាប់​រយៈពេល ១៤​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០២១ រហូត​ដល់​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០២១ ដើម្បី​ប្រយុទ្ធ និង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ។

សូម​បញ្ជាក់​ផង​ដែរ​ថា កម្ពុជា​បាន​រក​ឃើញ​ករណី​ជំងឺ​កូ​វី​ដ​-១៩ ដំបូង​បង្អស់​កាលពី​ថ្ងៃ​ទី ២៧ ខែមករា ឆ្នាំ​២០២០ លើ​បុរស​ជនជាតិ នៅ​ខេត្ត​ព្រះ​សីហ​នុ ។ គិត​មក​ដល់​បច្ចុប្បន្ន​នេះ អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​សរុប​ទូ​ទាំង​ប្រទេស​មាន​ចំនួន ១១៦ ១៤០ នាក់ អ្នកជំងឺ​ទទួល​បានការ​ព្យាបាល​ជា​សះស្បើយ​ចំនួន​១១០ ១៥៤​នាក់ និង​អ្នក​ស្លាប់​ដោយ​កូ​វី​ដ​-១៩ ចំនួន ២៦១០ នាក់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ