ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះអាទិត្យ​នៅ​តែ​រះ ​សម្តេច​តេ​ជោ ៖ កម្ពុជា​មាន​2 គឺ​កម្ពុជា​ពិត និង​កម្ពុជា​តាម​សារព័ត៌មាន

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ប្រសាសន៍​ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ថានីយ​អ្នកដំណើរ​ថ្មី​

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ប្រសាសន៍​ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ថានីយ​អ្នកដំណើរ​ថ្មី​នៃ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​១៦ មីនា ឆ្នាំ​២០១៦ ថា កម្ពុជា​មាន​ពីរ​៖ ទី​១-​គឺ​កម្ពុជា​ពិត និង​ទី​២-​កម្ពុជា​លើ​ទំព័រ​សារព័ត៌មាន ដែល​មនុស្ស​មួយ​ចំនួន​បាន​បរិហារកេរ្តិ៍ ឬ​និយាយ​អាក្រក់​ពី​កម្ពុជា​សឹងតែ​ជា​ឋាននរក​លោកិយ ។

សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី មាន​ប្រសាសន៍​គូសបញ្ជាក់​ថា ប៉ុន្តែ​ថ្ងៃនេះ​ខ្ញុំ​សង្ឃឹមថា លោក​ជំទាវ អស់លោក លោកស្រី រួម​ទាំង​លោក​ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​បារាំង និង​បណ្តា​ឯកអគ្គរដ្ឋទូត​នានា​មក​ពី​សហភាព​អឺរ៉ុប ដែល​អញ្ជើញ​ចូលរួម​នៅ​ក្នុង​ឱកាស​នេះ ពិតជា​កំពុង​រួម​ជាមួយ​យើងខ្ញុំ ស្ថិត​នៅ​កម្ពុជា​ពិតតែ​ម្តង ។

កម្ពុជា​យើងខ្ញុំ​ពិតជា​មាន​ពីរ កម្ពុជា​ពិត​និង​កម្ពុជា​លើ​ទំព័រ​សារព័ត៌មាន ។ កម្ពុជា​លើ​ទំព័រ​សារព័ត៌​មាននៅ​ក្រៅប្រទេស តាម​រយៈ​នៃ​ការ​សរសេរ​ផ្សាយ​របស់​មនុស្ស​មួយ​ចំនួន រាប់​ទាំង​ជនជាតិ​កម្ពុ​ជាមួយ​ចំនួន គឺ​កម្ពុជា​នេះ​មិន​គួរ​ឱ្យ​ចង់​រស់នៅ មិន​គួរ​ចង់​មក​ទស្សនកិច្ច​នោះ​ទេ ហើយ​ប្រហែលជា​មិន​មាន​វត្តមាន​ក្រុមហ៊ុន VINCI ដែល​រួម​គ្នា​សម្ពោធ​នៅ​ថ្ងៃនេះ​ទេ ។

នៅ​ក្នុង​ក្រប​ខណ្ឌ​នយោបាយ​បើកចំហ​ជើងមេឃ បើកចំហ​ជើង​គោក និង​បើកចំហ​ជើង​ទឹក សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី មាន​ប្រសាសន៍​ថា យើង​ពិតជា​មាន​តម្រូវការ​ហេដ្ឋារចនាសម្ព័ន្ធ​ដើម្បី​ទ្រទ្រង់​ឱ្យ​ការ​អភិវឌ្ឍ​របស់​ប្រទេស ។ ខ្ញុំ​អាច​និយាយ​បាន​ថា តាម​រយៈ​នៃ​ការ​អនុវត្ត​គោលនយោបាយ​បើកចំហ​ជើងមេឃ​នោះ​ហើយ ដែល​តម្រូវ​ឲ្យ​យើង​បាន​កែទម្រង់​កិច្ចព្រមព្រៀង​ជា​បន្តបន្ទាប់ រហូត​ដល់​ទៅ​៦​ដង​រួច​ទៅ​ហើយ នោះ​គឺ​ផ្តើម​ចេញពី​ការ​អនុវត្ត​នយោបាយ​បើកចំហ​ជើងមេឃ​របស់​យើង ដែល​ពី​មុន​គឺ​តម្រូវ​ឲ្យ​មាន​ព្រ​លាន​យន្តហោះ​មួយ​នៅ​ទីក្រុង​ភ្នំពេញ និង​មិន​មាន​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ដទៃ​ទៀត ។

ប៉ុន្តែ​នៅ​ឆ្នាំ​១៩៩៧ យើង​ក៏​សម្រេច​ឱ្យ​មានការ​ហោះហើរ​ត្រង់​ទៅ​ព្រ​លាន​យន្តហោះ​នៅ​ខេត្តសៀមរាប ដែល​ពុំ​បាន​គិត​ទៅ​ដល់​អំពី​បញ្ហា​ថា ក្រុមហ៊ុន​អាកាសចរណ៍​ណា​ចំណេញ​ឬ​ខាត​ទេ ក៏​ប៉ុន្តែ​យើង​គិត​ទៅ​ដល់​បញ្ហា​សេដ្ឋកិច្ចជាតិ​ទាំងមូល​តែ​ម្តង ។ ពេល​នោះ មាន​អ្នករក​ស៊ី​ខាង​សេវា​ទេសចរណ៍​នៅ​ទីក្រុង​ភ្នំពេញ មាន​ប្រតិកម្ម​យ៉ាង​ខ្លាំង​ជាមួយនឹង​ការ​អនុញ្ញាត​បើកចំហ​សម្រាប់​ការ​ចុះ​ចត​អាកាសយាន​នៅ​ឯ​ខេត្តសៀមរាប ។ ប៉ុន្ដែ​ក្រោយមក​គេ​បានឃើញ​ច្បាស់​ថា របៀប​អនុវត្ត​ដែល​បាន​ធ្វើ​នោះ គឺ​ពិតជា​ត្រឹមត្រូវ ។

ដូច្នេះ​ហើយ​បានជា​ក្រុមហ៊ុន VINCI ត្រូវ​ពង្រីក​ខ្លួន​ពី​ព្រ​លាន​យន្ដហោះ​អន្ដរជាតិ​ភ្នំពេញ​ទៅ​កាន់​សៀមរាប ហើយ​ក៏​ត្រូវ​ពង្រីក​ខ្លួន​ទៅ​កាន់​ខេត្ត​ព្រះ​សីហ​នុ​ដែរ ។ ការ​រីក​ចម្រើន​នេះ គឺ​ទាក់ទង​នឹង​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​បើកចំហ​ជើងមេឃ​ឱ្យ​មានការ​ហោះហើរ​ត្រង់​ទៅ​សៀមរាប និង​ខេត្ត​ព្រះ​សីហ​នុ ។

សម្ដេច​តេ​ជោ បាន​ថ្លែង​ការ​កោតសរសើរ​ក្រុមហ៊ុន VINIC ដោយនៅ​ពេល​ដែល​វិបត្ដិ​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ​សាកល​មក​ដល់ ពេល​នោះ​កម្ពុជា​ពិតជា​ការ​បារម្ភ​ជាមួយនឹង​ការ​អាក់​ខានទៅ​លើ​គម្រោង​វិនិយោគ​មួយ​ចំនួន​ពី​បរទេស​ដែល​មានការ​ខ្វះខាត​ទុន​នៅ​ក្នុង​ការ​វិនិយោគ ។ ក្នុង​នោះ​ក៏​មានការ​បារម្ភ​ចំពោះ​ក្រុមហ៊ុន VINCI ផង​ដែរ តើ​អាច​អនុវត្ដ​ទៅ​តាម​គម្រោង​ដែល​បាន​គ្រោងទុក​ឬ​អត់? នេះ​ជា​បញ្ហា​កង្វល់់​របស់​រាជរដ្ឋាភិបាល​នៅ​ក្នុង​ដ​ណា​ក់​កាលនោះ ។ ប៉ុន្ដែ​ក្រុមហ៊ុន VINCI មិន​បាន​ធ្វើ​ឲ្យ​កម្ពុជា​អាក់​អន់ចិត្ត ឬ​ខកចិត្ត​ដោយសារ​វិបត្ដិ​សេដ្ឋកិច្ច​សាកល​រារាំង​សកម្មភាព​របស់​ក្រុមហ៊ុន​នៅ​ក្នុង​ការ​អភិវឌ្ឍ និង​គម្រោង​វិនិយោគ​ដែល​ត្រូវ​បាន​ផ្ដល់​សម្រាប់​ព្រ​លាន​យន្ដហោះ​ទាំង​៣​នោះ​ទេ គឺ​នៅ​ភ្នំពេញ សៀមរាប និង​នៅ​ក្រុងព្រះសីហនុ ។

សម្ដ​ចេ​តេ​ជោ​នាយក​រដ្ឋមន្ដ្រី មាន​ប្រសាសន៍​បញ្ជាក់​ថា ព្រ​លាន​យន្ដហោះ​ភ្នំពេញ ដែល​ជា​ភ្នំពេញ​ពិត ហើយ​ជា​កម្ពុជា​ពិត ក៏​បាន​សាកល្បង​រួច​ទៅ​ហើយ នូវ​ការ​ទទួល​យន្ដហោះ​ធំ​ៗ​ដែល​មក​ចុះ​ចត​នៅ​ទីក្រុង​ភ្នំពេញ ជា​ពិសេស​នៅ​ក្នុង​ឆ្នាំ​២០១២ ពេល​ដែល​កម្ពុជា​ធ្វើ​ជា​ប្រធាន​អាស៊ាន យន្ដហោះ​ដ៏​ធំ​ដឹក​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក បា​រ៉ា​ក់ អូ​បា​ម៉ា ធ្លាប់​បាន​មក​ចុះ​ចត និង​សំចត​នៅ​ព្រ​លាន​យន្ដហោះ​ភ្នំពេញ​រួច​មក​ហើយ ។

ដូច្នេះ​មាន​ន័យ​ថា បើសិន​គ្មាន​សុវត្ថិភាព​ទេ គ្មាន​សន្ដិភាព​ទេ តើ​មេដឹកនាំ​ប្រទេស​ណា​ប្រើ​យន្ដហោះ​ធុន​ធ្ងន់​មក​ចុះ​នៅ​ព្រ​លាន​យន្ដហោះ​នៅ​ទីក្រុង​ភ្នំពេញ ។

សម្ដេច​តេ​ជោ គូសបញ្ជាក់​ថា នេះ​គឺជា​កម្ពុជា​ពិត មិនមែន​កម្ពុជា​លើ​ទំព័រ​សារព័ត៌មាន​ទេ ។ ទោះបី​ព្រ​លាន​យន្ដហោះ​ភ្នំពេញ​មិន​ទាន់​មាន​ចម្ងាយ​គ្រប់គ្រាន់​មែន ដោយសារ​រាជរដ្ឋាភិបាល​មិន​អាច​ផ្តល់​ដី​បាន ។ ក៏​ប៉ុន្តែ​វា​ក៏​មិនមែន​ជា​ឧបសគ្គ​មក​រារាំង​ដំណើរ​ចុះ​ចត​នូវ​យន្តហោះ​ធំ​ៗ​នោះ​ទេ រាប់​ទាំង​យន្តហោះ​ដែល​ដឹក​ថ្នាក់ដឹកនាំ ជា​ប្រ​ធានា​ធិ​បេតី ជា​នាយក​រដ្ឋមន្ត្រី មក​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ជា​យន្តហោះ​ធុន​ធំ ។

នេះ​ជា​កម្ពុជា​ពិត បើសិនជា​កម្ពុជា​នៅ​លើ​ទំព័រ​សារ​ព័​ត៍​មាន គឹ​ជា​នរក​លោកិយ​របស់​អ្នកនយោបាយ​ខ្លះ ដែល​ដើរ​សម្អុយ​កេរ្តិ៍ឈ្មោះ​កម្ពុជា ស្រប​នឹង​សារ​ព័​ត៍​មាន​មិន​សុចរិត​ទៀត ។

សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី បាន​អំពាវនាវ​ដល់​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់​ដែល​នៅ​បំពេញការងារ​នៅ​ក្នុង​ព្រ​លាន​យន្តហោះ​នេះ ធ្វើ​កិច្ចការ​ឲ្យ​បាន​ល្អ ធ្វើ​យ៉ាងណា​ឲ្យ​កម្ពុជា​ក្លាយជា​ចំណុច​ទាក់​ទាញ​នៃ​វិស័យ​ទេសចរណ៍ ឲ្យ​គេ​មក​កម្ពុជា​ហើយ គេ​ត្រឡប់​មក​វិញ​ដោយ​នាំ​មក​ជាមួយ​នូវ​ភ្ញៀវ​ទេសចរ​បន្ថែម​ទៀត គេ​មក​ហើយ គេ​នឹង​នាំ​គ្នា​មក​ថែម​ទៀត ។ សូមកុំ​ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរ​រាងចាល​…​មានរឿង​នេះ រឿង​នោះ​មិន​ចេះ​ចប់ រហូត​ទៅ​ដល់​តំបន់​ទេសចរណ៍ ។

លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី មាន​ប្រសាសន៍​ថា ជា​ការ​ពិត សមិទ្ធផល​ទាំងនេះ​ប្រាកដជា​មិនកើត​ឡើង​បាន​ទេ បើសិនជា​គ្មាន​កិច្ច​ខិតខំ​ប្រឹងប្រែង គោលនយោបាយ​យុទ្ធ​សា​ស្រ​ដ៏​ត្រឹមត្រូវ​របស់​រាជរដ្ឋាភិបាល ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ ជាក់ស្តែង​គោលនយោបាយ​ឈ្នះ ឈ្នះ របស់​សម្តេច​តេ​ជោ បាន​នាំ​មក​នូវ​សុខ​សន្តិភាព និង​ស្ថិរភាព ឯកភាព​ជាតិ​ពេញ​ផ្ទៃ​ប្រទេស ដែល​ពុំ​ធ្លាប់​មាន​ក្នុង​រយៈកាល​ប្រមាណ​៥០០​ឆ្នាំ​ចុង​ក្រោយ​នៃ​ប្រវត្តិសាស្ត្រ​ដ៏​យូរលង់​របស់​កម្ពុជា ។

លោក​ឧបនាយករដ្ឋមន្ត្រី មាន​ប្រសាសន៍​ថា សន្តិភាព និង​ស្ថិរភាព​នយោបាយ គឺជា​មូលដ្ឋាន​គ្រឹះ​ដ៏​ចាំបាច់​សម្រាប់​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ ជា​ពិសេស​វិស័យ​អាកាស​ចរណ៍​ស៊ី​វិល និង​ទេសចរណ៍ ។ ព្រម​ជាមួយ​គ្នា​នេះ គោ​លន​យោ​បើកចំហ​ជើងមេឃ​របស់​សម្តេច​តេ​ជោ បាន​ធ្វើ​ឲ្យ​វិស័យ​ទេសចរណ៍​មានការ​អភិវឌ្ឍ យ៉ាង​ឆាប់រហ័ស​នា​ពេល​កន្លង​មក ដោយ​ចំនួន​ទេសចរ​អន្តរជាតិ​មក​ទស្សនា​កម្ពុជា​បាន​កើនឡើង​ប្រមាណ ២​សែន​នាក់​នៅ​ឆ្នាំ​១៩៩៧ រហូត​ដល់​ជាង​៤,៧​លាន​នាក់ នៅ​ឆ្នាំ​២០១៥ ។

ដោយសារ​កត្តា​ទាំងនេះ រួម​ជាមួយ​ធនធាន​បេតិកភណ្ឌ​ធម្មជាតិ​ដ៏​សម្បូរ​បែប កម្ពុជា​គឺជា​គោលដៅ​ទេសចរណ៍​បេតិកភណ្ឌ​និង​អេកូ​ទេសចរណ៍​ប្រកបដោយ​សក្ដានុពល​ខ្ពស់​មួយ​នៅ​ក្នុង​តំបន់ ក៏​ដូច​ជា​នៅ​ក្នុង​ពិភពលោក ជា​ពិសេស​នៅ​តំប​នើ​អាស៊ាន ដែល​ជាទី​ផ្សារ​ដ៏​ធំ​មួយ​មាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ មក​ទស្សនា​ចំនួន​១០៥​លាន​នាក់​កាលពី​ឆ្នាំ​២០១៥​កន្លង​មក ។

តាម​ការ​ព្យាករណ៍​របស់​ក្រសួងទេសចរណ៍​កម្ពុជា​រំពឹង​ថា នឹង​ទទួលភ្ញៀវ​ទេសចរ​អន្តរជាតិរ​ហួត​ដល់​ជាង​៧​លាន​នាក់​នៅ​ឆ្នាំ​២០២០ ។ ទន្ទឹម​នឹង​នេះ វិស័យ​អាកាសចរណ៍​ស៊ី​វិល​កម្ពុជា ក៏​មានការ​រីក​ចម្រើន​គួរ​ឲ្យ​កត់សម្គាល់​ជា​លំដាប់​ផង​ដែរ ។ ជាក់ស្ដែង​ក្នុង​ឆ្នាំ​២០១៥ អាកាសយានដ្ឋាន​អន្តរជាតិ​ទាំង​៣​របស់​កម្ពុជា បាន​ទទួល​អ្នកដំណើរ​សរុប​រហូត​ដល់​៦,៤​លាន​នាក់ គឺ​មានការ​កើនឡើង​ចំនួន​៣០០%​បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០០៥​ដែល​មាន​ចំនួន​តែ​២,២​លាន​នាក់់ ជា​កំណើន​មួយ​ដល់​ខ្ពស់​ក្នុង​រយៈពេល​១០​ឆ្នាំ​ចុង​ក្រោយ ។

នាយក​ក្រុមហ៊ុន VINCI លោក Xavier Huillard មាន​ប្រសាសន៍​ថា យើងខ្ញុំ​តែងតែ​ផ្តល់​អាទិភាព​ដល់​ការ​សម្របសម្រួល និង​ពិគ្រោះ​យោបល់​គ្នា​ក្នុង​កិច្ច​សហប្រតិបត្តិ​ការ។ យើង​បាន​ឆ្លងកាត់​ដំណាក់​កាលដែល​មាន​កំណើន​ខ្ពស់​ខាង​ផ្នែក​ចរាចរណ៍​ជើង​អាកាស ក៏​ដូច​ជា​ពេល​ដែល​សេ​ដ្ថ​កិច្ច​ធ្លាក់​ចុះ ជា​ពិសេស​នៅ​ឆ្នាំ​២០០៨​។ ចំនួន​អ្នក​ដំណើរ​នៅ​អាកាសយានដ្ឋាន​ទាំង​២​បាន​កើន​យ៉ាង​ខ្លាំង​ចាប់តាំងពី​ឆ្នាំ​២០០៩​មក​ជា​ពិសេស​នៅ​ចន្លោះ​ឆ្នាំ​២០១០-២០១៣ ជាមួយនឹង​កំណើន​លើស​ពី​១៥% ។

អាកាសយានដ្ឋាន​ទាំង​ពីរ​បាន​ស្វាគមន៍​អ្នកដំណើរ​លើស​ពី​៣​លាន​នាក់​នៅ​ឆ្នាំ​២០១៤ សម្រាប់​ខេត្តសៀមរាប និង​ភ្នំពេញ ។ នៅ​ក្នុង​បរិបទ​នេះ​ដែល​បាន​ពិគ្រោះ​យោបល់​និង​បាន​ឯកភាព​ជាមួយ​អាជ្ញាធរ​កម្ពុជា យើងខ្ញុំ​បាន​អនុវត្ត​គម្រោង​ពង្រីក​ស្ថានីយ​អ្នកដំណើរ​ដ៏​ធំ​ទាំង​ពីរ​ដើម្បី​ទទួល​អ្នកដំណើរ​បាន​៥​លាន​នាក់​ក្នុង​មួយ​ឆ្នាំ​ៗ ៕