ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ព្រះសីហនុ

ខេត្តព្រះសីហនុ​៖ ជា​រឿង​ដែល​មិនគួរ​កើតឡើងទាល់តែសោះ ក្នុងហេតុការណ៍​​គ្រោះថ្នាក់​ចរាចរណ៍ រវាង​រថភ្លើង និង​រថយន្ត រហូត​បណ្តាល​ឲ្យ​របួស និង​ស្លា.ប់​​ ជាបន្តបន្ទាប់​​​។ គ្រោះថ្នាក់​ដ៏​កម្រ​នេះ កើតឡើង​ដោយសារតែ​ធ្វេសប្រហែស​ទាំង​អ្នកបើកបរ​រថភ្លើង…

ខេត្តព្រះសីហនុ​៖ ជា​រឿង​ដែល​មិនគួរ​កើតឡើងទាល់តែសោះ ក្នុងហេតុការណ៍​​គ្រោះថ្នាក់​ចរាចរណ៍ រវាង​រថភ្លើង និង​រថយន្ត រហូត​បណ្តាល​ឲ្យ​របួស និង​ស្លា.ប់​​ ជាបន្តបន្ទាប់​​​។ គ្រោះថ្នាក់​ដ៏​កម្រ​នេះ កើតឡើង​ដោយសារតែ​ធ្វេសប្រហែស​ទាំង​អ្នកបើកបរ​រថភ្លើង ទាំង​អ្នកទទួលខុសត្រូវ​បិទ​បើក​ប៉ា​រ៉ា​ស នៅ​ផ្លូវ​រថភ្លើង ​ឆ្លងកាត់​ផ្លូវ​សម្រាប់​យានយន្ត​ធ្វើដំណើរ និងទាំងអ្នកបើកបរ​យានយន្ត រួមទាំង​អ្នកថ្មើរជើង។ ករណីនេះ ក៏​​ទាមទារ​ឲ្យ​កែសម្រួល​ឡើងវិញ នូវ​ប្រព័ន្ធគ្រប់គ្រង​ផ្លូវ​រថភ្លើង​​នៅ​កម្ពុជាផងដែរ​​។​

​កាលពី​ម៉ោង ៦​ព្រឹក ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០២១ មាន​ហេតុការណ៍​រថភ្លើង បុក​រថយន្ត ​១​គ្រឿង នៅ​ផ្លូវ​រថភ្លើង ឆ្លងកាត់​ផ្លូវជាតិ​លេខ​៤ ជិត​ទីប្រជុំជន​វាលរេញ ចន្លោះ​គីឡូម៉ែត្រ​លេខ ១៨១-១៨២ ស្ថិតក្នុង​ភូមិ​សំរុង​ក្រោម ឃុំ​សំរុង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។ ហេតុការណ៍​នោះ បណ្តាល​ឲ្យ​អ្នកបើកបរ​រថយន្ត​ម្នាក់ បាន​រងរបួស​ធ្ងន់ ហើយ​ក្រោយមក បាន​ស្លា.ប់ ពេល​បញ្ជូនទៅ​មន្ទីរពេទ្យ​។

​រថភ្លើង បើកបរ​ ក្នុងទិសដៅ​ចេញពី​ខេត្ត​ព្រះសីហនុ មក​ភ្នំពេញ បាន​បុក​រថយន្ត ១​គ្រឿង ម៉ាក​សាំ​យ៉ុង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2T-4730 ដែល​ធ្វើដំណើរ​ក្នុងទិសដៅ​ស្របគ្នា ពី​ខេត្ត​ព្រះសីហនុ ទៅ​ភ្នំពេញ​ដែរ​។ នៅពេល​កើតហេតុ​នោះ មិនមាន​អ្នក​ដាក់​ប៉ា​រ៉ាស់​​បញ្ជា បិទផ្លូវ​​ឲ្យ​យានយន្ត​ឈប់ ដើម្បី​ឲ្យ​រថភ្លើង​​ឆ្លងកាត់​ឡើយ​។ ចំណែក​រថភ្លើង ក៏​បើក​ក្នុង​ល្បឿន​លឿន​​ថែម​ទៀតផង​។

​ក្រោយពេល​កើតហេតុ​នោះ រថភ្លើង ដែល​បុក​ឡាន នៅតែ​បន្តដំណើរ​ទៅមុខ រហូតដល់​ចំណត​វាលរេញ ដែលមាន​ចម្ងាយ​ប្រមាណ​ជា ២​គីឡូម៉ែត្រ ពី​កន្លែងកើតហេតុ ទើប​រថភ្លើង ឈប់​។ បុរស​អ្នកបើកបរ​រថភ្លើង ត្រូវបាន​សមត្ថកិច្ច ឃាត់ខ្លួន ពេល​កើតហេតុភ្លាមៗ តែ​រហូតដល់​ព្រឹក​ថ្ងៃទី​១៤ ខែតុលា សមត្ថកិច្ច បាន​ដោះលែង​អ្នកបើកបរ​រថភ្លើង​នោះ ឲ្យ​វិលត្រឡប់ ទៅផ្ទះ​វិញ​។​

ករណីនេះ ក្រសួង​សាធារណការ និងដឹកជញ្ជូន​ បាន​ប្រកាសនៅល្ងាចថ្ងៃទី១៤ ខែតុលាថា ​ករណីឧប្បត្តិហេតុគ្រោះថ្នាក់​ចរាចរណ៍រវាងរថភ្លើង បានប៉ះទង្គិចជាមួយនឹងរថយន្តសាំងយ៉ុង នៅវាលរេញ ស្ថិតក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១​ ពេលនេះ ត្រូវបានដោះស្រាយបញ្ចប់រួចរាល់ជាស្ថាពរហើយ​ នៅវេលាព្រឹកថ្ងៃទី១៤​ ខែតុលា​ ឆ្នាំ២០២១នេះ។ ក្រសួង បញ្ជាក់ជូនថា​ សមត្ថកិច្ច មិនបានឃាត់ខ្លួនអ្នកបើករថភ្លើងនោះឡើយ​ ដោយគ្រាន់តែធ្វើការ​សាកសួរនាំព័ត៌មានមួយចំនួនតែប៉ុណ្ណោះ ហើយបច្ចុប្បន្ននេះ​ អ្នកបើករថភ្លើង ក៏ត្រូវបានអនុញ្ញាត​ឱ្យវិលត្រលប់ទៅ​កាន់គេហដ្ឋានវិញផងដែរ។

​យ៉ាងណាក៏ដោយ កន្លងមក រថភ្លើង ដែល​ធ្វើដំណើរ​ទៅមក​ខេត្ត​ព្រះសីហនុ​-​ភ្នំពេញ ឆ្លងកាត់​ស្រុក​ព្រៃនប់ តែងតែមាន​បញ្ហា ដោយ​ជួប​គ្រោះថ្នាក់​បន្តបន្ទាប់​។ គ្រោះថ្នាក់ ច្រើន​កើតឡើង​នៅ​ផ្លូវ ដែលមាន​យានយន្ត​ឆ្លងកាត់​។ ភាគច្រើន កើត​មាននៅ​ចំណុច​ផ្លូវ​តូចៗ (​ផ្លូវលំ​) ចេញចូល​ ឆ្លងកាត់ផ្លូវរថភ្លើង។ តែ​លើក​នេះ គឺ​កើត​ឡើងលើ​ផ្លូវជាតិ​លេខ​៤ ដែល​អាច​និយាយថា ជាការ​ធ្វេសប្រហែស​។

​ឧបទ្ទវហេតុ​រវាងរ​ថ​ភ្លើង និង​រថយន្ត នៅ​វាលរេញ កាលពី​ថ្ងៃទី​១៣ ខែតុលា បង្ក​ឲ្យ​មានការ​លើកឡើង​ច្រើន ព្រោះ​ជាហេតុ​ការណ៍ កើតឡើង​ដដែលៗ​។ ម្យ៉ាង​ហេតុការណ៍​នេះ ក៏​គួរតែ​ការពារ និង​ទប់ស្កាត់បាន​។ មតិមួយចំនួន ​បន្ទោស​លើ​អ្នកទទួលខុសត្រូវ​បិទ​បើក​ប៉ា​រ៉ា​ស នៅ​ផ្លូវ​រថភ្លើង​ឆ្លងកាត់ ប្រសព្វនឹង​ផ្លូវជាតិ​លេខ​៤ ដែល​ក្នុងពេល​រថភ្លើង​ឆ្លងកាត់ ហើយជួបគ្រោះថ្នាក់​នោះ មិនបាន​ទាញ​ប៉ា​រ៉ា​ស់បិទផ្លូវនោះទេ។

​តែ​ករណីនេះ អាជ្ញាធរ​សមត្ថកិច្ច ក៏ត្រូវ​តែ​រក​មូលហេតុ​ឲ្យ​ច្បាស់​ ដើម្បី​ឲ្យមហាជនអស់ចម្ងល់ និងបង្ហាញការពិតដល់​សាធារណជន ថាតើកំហុស ​មកពី​អ្នកប្រចាំការ​នៅ​ចំណុចកើតហេតុ មិនបាន​ដាក់​ប៉ា​រ៉ា​ស់បិទផ្លូវ ឬក៏​រថភ្លើង ចេញមក​ខុស​ម៉ោង ខុសពេល ទើបគ្មានអ្នកប្រចាំការ បិទផ្លូវដូច្នេះ​? រថភ្លើង ដែល​បុក​ឡាន​នោះ ក៏​បើក​ក្នុង​ល្បឿន​លឿន នៅពេល​មកដល់​ផ្លូវ ដែលមាន​យានយន្ត​ឆ្លងកាត់ នៅ​ចំណុចកើតហេតុ​នោះ​។​

​យ៉ាងណាក៏ដោយ គ្រោះថ្នាក់​រថភ្លើង និង​រថយន្ត ឬក៏​អ្នកធ្វើដំណើរ​តាមផ្លូវ​ជាតិ ផ្លូវលំ ដែលមាន​រថភ្លើង​ឆ្លងកាត់ គួរតែ​កុំ​ឲ្យ​កើតមាន​តទៅទៀត​ នៅកម្ពុជាយើង ព្រោះជារឿងដដែលៗ ច្រើនលើកច្រើនសាមកហើយ​។ ​​អ្នកគ្រប់គ្រង​ផ្លូវដែក ក៏​ត្រូវតែ​ពិនិត្យ​លើ​យន្តការ និង​នីតិវិធី​នៃ​ការគ្រប់គ្រង​ផ្លូវដែក​​ឡើងវិញ​។ ទំនាក់ទំនង​រវាង​អ្នកបើក​រថភ្លើង និង​ក្រុម​អ្នកយាម​ប្រចាំការ នៅតាម​ប៉ា​រ៉ា​ស់​នានា ដែលមាន​យានយន្ត​ឆ្លងកាត់ មិន​ថា ផ្លូវ​តូច ផ្លូវធំ ឬ​ផ្លូវជាតិ​ឡើយ​។ គ្រប់​គោលដៅ ត្រូវតែមាន​អ្នក​ប្រចាំការ បិទ​បើក​ប៉ា​រ៉ា​ស់​គ្រប់ពេល គ្រប់វេលា ២៤​ម៉ោង លើ ២៤​ម៉ោង ហើយ​មិន​ថា យប់ ឬ​ថ្ងៃ ឬក៏​មាន​ភ្លៀងផ្គរ​​នោះឡើយ​។ ក្នុងនោះ អ្នកបើកបរ​រថភ្លើង ក៏ត្រូវ​បង្អង់​ល្បឿន រាល់ពេល​ឆ្លងកាត់​​ផ្លូវលំ ផ្លូវជាតិ ដែលមាន​អ្នកធ្វើដំណើរ​ឆ្លងកាត់​។ សភាពការណ៍ មិន​ស្រួល ត្រូវតែ​ចាប់​ហ្វ្រាំង ហើយ​បើ​មាន​ឧបទ្ទវហេតុ ពេល​រថភ្លើង​បើកបរ​យឺតៗ ក៏​មិនជា​​ធ្ងន់ធ្ងរ រហូតដល់​ស្លាប់​​ដូច្នេះ​ដែរ​។​

​ម្យ៉ាងទៀត បើ​អាច គួរតែ​ធ្វើ​ផ្លូវ​រថភ្លើង វាង​ទីប្រជុំជន ឬ​ផ្លូវជាតិ ផ្លូវលំ ដែលមាន​ការ​ធ្វើ​​ចរាច​រណ៍ច្រើន​​។ តែបើ​មិនអាច​ធ្វើ​ផ្លូវ​វាងបាន​ទេ ក៏​ត្រូវតែ​រឹតបន្តឹងវិធានការ​ ពេល​រថភ្លើង​ឆ្លងកាត់​ផ្លូវជាតិ និង​ផ្លូវលំ​ទាំងអស់នោះ​។​

​កន្លងមក កាលពី​ពេល​រថភ្លើង នៅ​បើក​ដំណើរការ​ដឹកជញ្ជូន​មនុស្ស​ក្នុង​រយៈ​ចម្ងាយ​ខ្លី​ ពី​ព្រលានយន្តហោះ​ភ្នំពេញ ទៅមក​ស្ថានីយ​រថភ្លើង​ធំ ក៏មាន​អ្នករងគ្រោះ​មិនតិច​ទេ ពិសេស​ម៉ូតូ និង​ឡាន ដែល​បើក​លើផ្លូវ​មុខ​ព្រលានយន្តហោះ នៅ​ផ្លូវ​មុខ​វត្ត​តាំង​កសាង​។ កាលណោះ រថភ្លើង​តែងតែ​បុក​រះ​លើ​យានយន្ត ដែល​បើកបរ​លើផ្លូវ​ច​ង្អៀ​ត ហើយ​ជាន់​លើ​គំនូស​ផ្លូវ​រថភ្លើង ដែល​គេ​ហៅថា ត្រាំ​វេ តែ​មិន​ដល់​ថ្នាក់ មាន​មនុស្ស​ស្លាប់​នោះ​ឡើយ​​។​ អ្នកបើកបររថភ្លើង រួមទាំងក្រុមហ៊ុនរថភ្លើង ក៏មិនដែល​ទទួលខុសត្រូវ​ ចេញសំណង​ចំ​ពោះការខូចខាត​ទាំងអស់នោះទេ។​

​ចំណែក​អ្នកដំណើរ​ទាំងអស់ មិន​ថា រថយន្ត ម៉ូតូ កង់ ឬ​អ្នក​ថ្មើរ​ជើងទេ គឺ​ត្រូវតែមាន​ស្មារតី​ប្រុងប្រយ័ត្នឲ្យជាប់ជានិច្ច។ ​ពេល​ឆ្លងកាត់​ផ្លូវ​រថភ្លើង ត្រូវតែ​មើល​ឆ្វេង​មើល​ស្តាំ មុន​ឆ្លងកាត់ ហើយ​​បើ​​កន្លែង​​មាន​ប៉ា​រ៉ា​ស់ សម្គាល់ថា មានរថភ្លើងឆ្លងកាត់ ទោះជា​ប៉ា​រ៉ា​សនោះ បើក ហើយ​មិនឃើញ​រថភ្លើង​ បើកឆ្លងកាត់ ក៏អ្នកដំណើរទាំងអស់ ត្រូវតែ​​ក្រឡេច​ឆ្វេង​ស្តាំ ឲ្យ​បាន​ប្រាកដថា គ្មាន​រថភ្លើង​មក​ទេ ចាំ​ឆ្លងកាត់​ផ្លូវ​រថភ្លើង​។ ចូរកុំភ្លេចថា នៅ​ពេលមានគ្រោះថ្នាក់កើតឡើង គឺអ្នករងគ្រោះ​ មិនមែនរថភ្លើង​ឡើយ​​ ហើយរថភ្លើង ក៏មិនដឹង គេចជៀសទៅណា​ដែរ​។​ រថភ្លើង​ជាន់ហ្វ្រាំង ក៏មិនឈប់ ដូចហ្វ្រាំងឡាន ហ្វ្រាំងម៉ូតូ នោះទេ​។

ចំណែក​អ្នក​និយម ដើរ​លើផ្លូវ​រថភ្លើង ឬក៏​អង្គុយលេង ដេក​លេង​លើផ្លូវ​រថភ្លើង ក៏​ត្រូវតែ​ផ្លាស់ប្តូរ​ទម្លាប់ ព្រោះ​កន្លងមក  មាន​អ្នក​គ្រោះថ្នាក់​ច្រើន​គ្នា​រួចមក​ហើយ​​ដែរ​។ សូមចូលរួមទាំងអស់គ្នា ដើម្បីកុំ​ឲ្យរឿងច្រំដែល ដដែលៗ កើតឡើងក្នុងសង្គមយើង​តទៅទៀត៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ