ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

រាជធានីភ្នំពេញ៖ មកដល់​សប្តាហ៍​ទី​១ ក្រោយ​ការឈប់សម្រាកក្នុងពិធីបុណ្យ​ភ្ជុំបិណ្ឌ​នេះ នៅ​ទូទាំងប្រទេស ចាប់ផ្តើមបើក​​ដំណើរការ​ឡើងវិញ​ជា​បណ្តើរៗ​ហើយ មាន​ជាអាទិ៍៖ ​វិស័យ​ឧស្សាហកម្ម​កាត់ដេរ​​ សាលារៀន និង​ផ្សារ ជាដើម​។…

រាជធានីភ្នំពេញ៖ មកដល់​សប្តាហ៍​ទី​១ ក្រោយ​ការឈប់សម្រាកក្នុងពិធីបុណ្យ​ភ្ជុំបិណ្ឌ​នេះ នៅ​ទូទាំងប្រទេស ចាប់ផ្តើមបើក​​ដំណើរការ​ឡើងវិញ​ជា​បណ្តើរៗ​ហើយ មាន​ជាអាទិ៍៖ ​វិស័យ​ឧស្សាហកម្ម​កាត់ដេរ​​ សាលារៀន និង​ផ្សារ ជាដើម​។ ដោយឡែក រមណីយដ្ឋាន និង​ភោជនីយដ្ឋាន​នានា មិន​ថា នៅ​ភ្នំពេញ ឬ​នៅតាម​បណ្តា​ខេត្ត​នានា​នោះទេ ក៏បាន​បើក​ដំណើរការ​ឡើងវិញ តែ​ត្រូវ​បន្ត​អនុវត្ត​វិធានការ​បង្ការ និង​ទប់ស្កាត់​កូ​វីដ​១៩ តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល អាជ្ញាធរ​រាជធានី​ខេត្ត ក្រសួង​អប់រំ និង​តាម​គោលការណ៍​សុវត្ថិភាព​របស់​ក្រសួងទេសចរណ៍​។​

​​​នៅ​តំបន់​ទេសចរណ៍​អង្គរ ក្នុង​ក្រុង​សៀមរាប កាលពី​ថ្ងៃទី​១២​តុលា ក៏បាន​ប្រកាស​អនុញ្ញាត​ឲ្យ​ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន​ប្រមាណ​ជិត ៥០​កន្លែង ក្នុងចំណោម​ជិត ២០០​កន្លែង ​​បើក​ដំណើរ​អាជីវកម្ម​របស់​ខ្លួន​ឡើងវិញ ដោយ​ធ្វើឡើង ក្នុង​រូបភាព​លើសពី​ការ​វេច​ខ្ចប់​។ ពោល​គឺមាន​បម្រើសេវា​ក​ម្ម ដោយ​ទទួលភ្ញៀវ​ឱ្យ​អង្គុយ​ពិសា​អាហារ និង​ភេសជ្ជៈ​នៅនឹងកន្លែង​តែម្តង​។​

​យ៉ាងណាក៏ដោយ មុននឹង​ឈាន​មកដល់​ការប្រគល់​លិខិតបញ្ជាក់​អនុញ្ញាត​ឲ្យ​បើកហាង​ឡើងវិញ នៅខេត្តសៀមរាប បានតម្រូវ​ឲ្យម្ចាស់​សេវាកម្ម​ម្ហូបអាហារ​ទាំងនេះ ត្រូវតែ​ត្រៀមលក្ខណៈ​រួចជាស្រេច ក្នុងការ​អនុវត្ត​លក្ខ​ខណ្ឌ​ស្តង់ដា​អប្បរ​មា​ភោជនីយដ្ឋាន​-​អាហា​រដ្ឋា​ន​ទេសចរណ៍ ក្នុង​បរិបទ​កូ​វីដ​-១៩ ដើម្បី​ធានា​សុវត្ថិភាព ដោយ​ការទទួលខុសត្រូវ នៅពេល​ដំណើរការ ធ្វើយ៉ាងណា កុំ​ឲ្យ​ឆ្លង​កូ​វីដ​១៩​។ ក្នុងនោះ វិធានការ «៣​ការពារ និង​៣​កុំ​» គឺជា​វិធានការ​ដ៏​មាន​ប្រសិទ្ធភាព ក្នុងការ​ប្រយុទ្ធ​នឹង​ប្រឆាំង​ជំងឺ​កូ​វីដ​-១៩ និង​ត្រូវ​ប្រកាន់ខ្ជាប់​គ្រប់​ទីកន្លែង និង​គ្រប់ពេលវេលា​។​

​ជាមួយគ្នា​នោះ ប័ណ្ណ​សំគាល់​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​-១៩ គឺជា​ឧបករណ៍​ដ៏​សំខាន់​ផងដែរ សម្រាប់​ការប្រើប្រាស់​បង្កើត​ទំនុកចិត្ត​រវាង​អ្នកបំរើ​សេវាកម្ម និង​អតិថិជន​។ វា​មិនជា​ការលំបាក​នោះទេ បើ​គ្រាន់តែ​បង្ហាញ​ប័ណ្ណ​នេះ ឲ្យ​គ្នា​ឃើញ​ទៅវិញទៅមក​នោះ​។ ​​ទាំង​អ្នកបម្រើ​ការងារ​ក្នុង​ហាង និង​ទាំង​អតិថិជន ត្រូវតែ​បង្ហាញ​ប័ណ្ណ​ចាក់​វ៉ាក់សាំង ទើប​អនុវត្ត​ឲ្យ​បើកហាង និង​ចូល​ហាង ដែល​ត្រូវ​បើក​ដំណើរការ​ឡើងវិញ នៅក្នុង​ក្រុង​ទេសចរណ៍​អង្គរ​សៀមរាប​។​

​ក្រៅពីនោះ ម្ចាស់​សេវា​កម្មដ្ឋាន ម្ហូបអាហារ ក៏​ត្រូវមាន​វិធីសាស្ត្រ ក្នុង​ការរៀប​តុ​-​កៅអី ដើម្បី​ត្រៀម​ទទួលភ្ញៀវ ហើយ​ក្រៅ​អំពី​ការរក្សា​គម្លាត ដោយ​ប្រើ​តុ​តូចៗ ដាច់ដោយឡែក​ពីគ្នា​នោះ គឺអាច​រៀបចំ​តុ​ធំ​វែង​រក្សា​គម្លាត​កៅអី សម្រាប់​ទទួលភ្ញៀវ​ក្នុង​លក្ខណៈ​ជា​ក្រុមគ្រួសារ​។ តែ​បើសិនជា​លក្ខណៈ​ជា​ក្រុម ដែល​មិនមែនជា​គ្រួសារ គឺ​មិនអាច​អនុញ្ញាត​ឲ្យ​ប្រើ​តុ​រួម និង​កៅអី​ជាប់ៗ​គ្នា​នោះ​ជាដាច់ខាត​។​

​ករណី​រឹតបន្តឹង​សុវត្ថិភាព ក្នុង​ភោជនីយដ្ឋាន ដោយ​ផ្អែកលើ​ស្ថានភាព​នៃ​បញ្ហា​កូ​វីដ ក៏អាច​នឹង​តម្រូវ​ឲ្យ​មានការ​រៀបចំ​តុ​អាហារ​នីមួយៗ មាន​របាំង​កញ្ចក់​សុវត្ថិភាព ព្រោះថា នៅពេល​ទទួលទាន​អាហារ និង​ភេសជ្ជៈ​គ្រប់គ្នា មិនមាន​ពាក់​ម៉ាស​នោះឡើយ​។ នេះ​ជា​វិធានការ​ការពារ​កូ​វីដ តាម​ភោជនីយដ្ឋាន នៅ​ក្រុង​អង្គរ ខេត្តសៀមរាប​។​

​ដោយឡែក នៅ​ភ្នំពេញ ការតម្រូវ​ឲ្យ​បង្ហាញ​ប័ណ្ណ​ចាក់​វ៉ាក់សាំង ក៏ត្រូវ​អនុវត្តតាម​គ្រឹះស្ថានសិក្សា សាលារៀន អាហា​រដ្ឋា​ន និង​ទីផ្សារ​នានា មុននឹង​អនុញ្ញាត​អោយចេញចូលកន្លែងទាំងនោះ​​។ ការ​រឹតបន្តឹងដូច្នេះ ដើម្បី​បង្កើន​ប្រសិទ្ធភាព ឲ្យ​កាន់តែ​ប្រសើរឡើង​នូវ​ការគ្រប់គ្រង​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ សំដៅ​បង្កើត​ឲ្យ​បាន​ភាពស៊ាំ​សហគមន៍​រឹងមាំ​ពិតប្រាកដ​មួយ ទប់ទល់​នឹង​ជំងឺ​រាតត្បាត​សកល​កូ​វីដ​១៩ ជាពិសេស​មេរោគ​បំប្លែង​ថ្មី ប្រភេទ​ដែល​តា ក៏ដូចជា ដើម្បី​ត្រៀមលក្ខណៈ សម្រាប់​ការរស់នៅ​ជាមួយ​ជំងឺ​កូ​វីដ​១៩ តាម​គន្លង​ប្រក្រតីភាព​ថ្មី ឈានទៅរក​ការបើក​ដំណើរការ​ឡើងវិញ​លើ​គ្រប់​វិស័យ នាពេល​ឆាប់ៗ​ខាងមុខនេះ​។​

​នៅ​រាជធានី​ភ្នំពេញ អាជ្ញាធរ​បាន​ព្រមាន​ថា គណៈ​គ្រប់គ្រង​គ្រឹះស្ថានសិក្សា គណៈកម្មការ​ផ្សារ ម្ចាស់​អាជីវ​កម្មដ្ឋាន ម្ចាស់​ទីតាំង ម្ចាស់​ផ្សារ​ឯកជន ម្ចាស់​ផ្សារ​ម៉ា​ត ម្ចាស់​ភោជនីយដ្ឋាន អាហា​រដ្ឋា​ន ហាង​កាហ្វេ វិស័យ​ឯកជន និង​ម្ចាស់​ទីតាំង​ផ្សេងទៀត ដែល​ត្រូវបាន​អនុញ្ញាត​ឲ្យ​បើក​ដំណើរការ ប៉ុន្តែ​មិនបាន​អនុវត្តតាម​គោលការណ៍​ណែនាំ​ឲ្យ​អ្នក​ចេញចូល​ទីតាំង​ទាំងនោះ បង្ហាញ​កាត​ចាក់​វ៉ាក់សាំង​ទេ ត្រូវ​ប្រឈមមុខ​នឹង​ការដកហូត​អាជ្ញា​បណ្ណ ឬ​លិខិតអនុញ្ញាត និង​អាច​ឈានទៅ​បិទ​ទីតាំង ព្រមទាំង​ត្រូវ​ចាត់វិធានការ​ច្បាប់​។​

​ទន្ទឹមនឹង​វិធានការ​រឹតបន្តឹង​ខាងលើនេះ នៅ​ភ្នំពេញ និង​នៅតាម​បណ្តា​ខេត្ត​នានា មកដល់ពេលនេះ អ្វីៗ​ហាក់ដូចជា បើក​ដំណើរការ​ឡើងវិញ លើកលែងតែ​ហាង​ម៉ាស្សា ខារ៉ាអូខេ បារ និង​កន្លែង​ផឹកស៊ី​គ្រឿង​ស្រវឹង ជា​លក្ខណៈ​ប្រមូលផ្តុំ​មនុស្ស​ច្រើន​ប៉ុណ្ណោះ​។ ប៉ុន្តែ​រូបភាព​នៃ​ការជួបជុំ​មនុស្ស​ច្រើន ក៏ត្រូវ​បាន​បើក​សាកល្បង​នៅ​ពេញ​ផ្ទៃ​ប្រទេស កាលពី​បុណ្យ​ភ្ជុំបិណ្ឌ​​រួចហើយ​។​

​តាម​អ្នកជំនាញ គេ​នៅតែ​រង់ចាំ​រយៈពេល​ចន្លោះ​ពី ៧​ថ្ងៃ ទៅ ១៤​ថ្ងៃ ក្រោយ​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ ថ្ងៃទី​៥-៧​តុលា ទើប​អាច​វាយតម្លៃថា នៅ​កម្ពុជា​យើង មានករណី​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ ទ្រង់ទ្រាយ​ធំ ឬ​មិនមាន​? បើ​ការឆ្លង​រាលដាល​កូ​វីដ ១៩ មិនមាន​ច្រើន ដូច​​រៀងរាល់ថ្ងៃ ត្រឹមតែ​ជាង ២០០​នាក់​ ក្នុង ១ថ្ងៃ​​នោះ កម្ពុជា​នឹង​ឈានទៅ​បើក​ប្រទេស ដោយ​អនុញ្ញាត​ឲ្យ​ដំណើរការ​លើ​គ្រប់​វិស័យ​ឡើងវិញ។

បើសភាពការណ៍កូវីដ ដូចរាល់ថ្ងៃ នោះអ្វីៗ នឹងអាចដំណើរការឡើងវិញ ជាធម្មតា។ ក្នុងនោះ ម្នាក់ៗ ត្រូវរៀនរស់តាមគន្លងថ្មី រស់ជាមួយកូវីដ។ ចំពោះ​អ្នក​សង្ស័យ ទៅធ្វើតេស្ត ហើយ​បើ​រកឃើញ​ឆ្លង ត្រូវសម្រាកព្យាបាល។ រីឯអ្នកមិនឆ្លង មិនឈឺ នៅបន្តការងារ​ និងមុខរបរ​រកស៊ីជាធម្មតា​ដូចរាល់ថ្ងៃ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ