រាជធានីភ្នំពេញ ៖ មន្ត្រីជន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញប្ញទ្ឋិ បានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គមដោយបញ្ជាក់ថា គោលនយោបាយគណបក្សសង្គ្រោះជាតិ(CNRP) គឺ “ដាំមិនឲ្យសល់ដី មិនមែនលក់មិនឲ្យសល់អ្វីនោះទេ!” ។
បើតាមលោកប្រធានគណៈកម្មការទី៧នៃរដ្ឋសភា ប្រជាពលរដ្ឋប្រមាណ ៨០% ជាកសិករ ដែលគាត់ត្រូវការ ទឹក ទុន ទីផ្សារ ។ ទី១ នយោបាយទឹក យើងមានទន្លេ ស្ទឹង បឹង ដែលអាចរៀបចំប្រព័ន្ធធារាសាស្ត្រ ខ្នាតតូច ខ្នាតមធ្យម ខ្នាតធំ ទំនប់ប្រឡាយខ្វាត់ខ្វែង ទុកទឹកស្រោចស្រពស្រែបានគ្រប់រដូវ។ ទី២ នយោបាយទុន ដូចជាដីស្រែ ស្រូវពូជ បច្ចេកទេសកសិកម្ម ។ល។ ដើម្បីជាមូលដ្ឋានក្នុងការផលិត ។ ទី៣ នយោបាយទីផ្សារ ដើម្បីធានាក្នុងការលក់កសិផលរបស់ប្រជាកសិករ។
លោក យ៉ែម បុញ្ញប្ញទ្ឋិបន្តថា ការអភិវឌ្ឍពិតពីជនបទតាមរយៈគោលនយោបាយ ទឹក ទុន ទីផ្សារ នឹងអាចជួយលើកកម្ពស់ជីវភាពគ្រួសារ តាមរយៈប្រាក់ចំណូល សេដ្ឋកិច្ចគ្រួសារ។ ពេលនោះកូនកសិករ ក៏មានឱកាសបានរៀនសូត្រ ទទួលបានចំណេះចេះដឹងផងដែរ។ ជាពិសេស គឺការកាត់បន្ថយភាពក្រីក្រ កាត់បន្ថយគម្លាតរវាងទីក្រុង និងជនបទ កាត់បន្ថយការធ្វើចំណាកស្រុក តាមរយៈការបង្កើតការងារ និងការបង្កើនប្រាក់ចំណូលទាំងនេះ ។
មិនទាន់មានប្រតិកម្មភ្លាមៗនៅឡើយទេពីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលជុំវិញសំណេររបស់លោក យ៉ែម បុញ្ញប្ញទ្ឋិ នៅព្រឹកថ្ងៃទី១៥ មីនា ២០១៦ខាងលើនេះ ៕
ចែករំលែកព័តមាននេះ