រាជធានីភ្នំពេញ ៖ ក្រុមនិស្សិតនៅសាកលវិទ្យាល័យខេមរៈ បានដាក់លិខិតដាច់ដោយ ឡែកពីគ្នាចំនួនពីរច្បាប់ទៅកាន់ខុទ្ទកាល័យ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និង លោកអង្គ វង្សវឌ្សានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌នាព្រឹកថ្ងៃទី១៤ មីនា ។
លិខិតរបស់ក្រុមនិស្សិតនេះគឺដើម្បីសុំអន្តរាគមន៍ពីប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាលោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ឱ្យដោះលែងយុវនិស្សិតឈ្មោះគង់ រ៉ៃយ៉ា អាយុ២៤ឆ្នាំជានិស្សិតឆ្នាំទី១នៃសាកលវិទ្យាល័យខេមរៈ ដែលសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី២០ សីហា ឆ្នាំ២០១៥ក្រោមបទចោទប្រកាន់ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ។
លិខិតដដែលបានបញ្ជាក់ថា «យើងខ្ញុំទាំងអស់គ្នាជានិស្សិតកំពុងសិក្សានៅសាកលវិទ្យាល័យខេមរៈ សូមគោរពនិងជម្រាបសម្តេចតេជោ និងលោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌មេត្តាជ្រាបថា ចាប់ពីយើងខ្ញុំទាំងអស់គ្នាបានស្គាល់ និងសិក្សាជាមួយយុវជនគង់ រ៉ៃយ៉ាកន្លងមកសង្កេតឃើញថា យុវជននេះមានអាកប្បកិរិយាល្អមិនដែលបង្កការរំខាន ឬធ្វើសកម្មភាពអ្វីមូយប៉ះពាល់ដល់សង្គមឡើយ ។ ម្យ៉ាងទៀតយើងខ្ញុំជឿងជាក់ថា យុវជនគង់ រ៉ៃយ៉ា ពិតជាមិនមានបំណងធ្វើឲ្យមានចលាចលដល់សង្គមដូចការចោទប្រកាន់នោះទេ គឺគាត់គ្រាន់តែបញ្ចេញមតិផ្ទាល់ក្នុងនាមជាយុវជនម្នាក់សិក្សានៅថ្នាក់មូលដ្ឋាន ដែលមានការយល់ដឹងនូវអត្ថន័យនៃពាក្យបដិវត្តន៍ពណ៌ នៅមានកម្រិតតែប៉ុណ្ណោះ» ។
លិខិតក៏បានលើកឡើថា យុវជន គង់ រ៉ៃយ៉ា ពុំមានខ្សែបណ្តាញពុំមានតួនាទីក្នុងសង្គម ហើយក៏មិនធ្លាប់បង្កចលាចលណាមួយក្នុងសង្គមពោល គឺពុំមានលទ្ធភាពក្នុងការធ្វើឲ្យមានភាពវឹកវរដល់សង្គមជាតិនោះឡើយ ។ ការចេញលិខិតនេះគឺនៅមុនពេលប្រកាសសាលក្រមដោយសាលាដំបូងផងដែរ ហើយក៏មិនទាន់ដឹងថា នឹងទទួលបានការអនុគ្រោះទោសនេះ ឬបែបណានោះទេទាក់ទិននឹងការនិយាយដល់បដិវត្តន៍ពណ៌។
និស្សិតឆ្នាំទី១ផ្នែកវិទ្យាសាស្ត្រនយោបាយនៃសាកលវិទ្យាល័យខេមរៈ បានទទួលស្គាល់ កំហុសដែលបានអំពាវនាវឱ្យធ្វើបដិវត្តន៍ពណ៌ នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ។ និស្សិតរូបនេះស្នើឲ្យតុលាការបន្ធូរបន្ថយទោសផងដែរ ។
ការសារភាពនេះបានធ្វើឡើងក្នុងសវនាការ ជំនុំជម្រះនៅសាលាដំបូងរាជធានីភ្នំពេញកាលពី ព្រឹក ថ្ងៃទី២៦ កុម្ភៈកន្លងមក ។
យុវជននោះឈ្មោះគង់ រ៉ៃយ៉ា រហស្សនាមនៅក្នុងហ្វេសប៊ុក soriya kokoត្រូវបានតុលាការឃុំខ្លួនដាក់ពន្ធនាគារកាលពីល្ងាចថ្ងៃទី២២ សីហា ឆ្នាំ២០១៥ក្រោមការចោទប្រកាន់ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមមាត្រា៤៩៤ និង៤៩៥នៃក្រមព្រហ្មទណ្ឌ ។ បទល្មើសនេះកំណត់ការផ្តន្ទាទោសពី៦ខែទៅ២ឆ្នាំ និងពិន័យជាប្រាក់ពី១លានរៀលទៅ៤លានរៀល ។
យុវជនរូបនេះ បានសរសេរលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកថា «តើមានអ្នកណាហ៊ានធ្វើបដិវត្តន៍ពណ៌ជាមួយខ្ញុំទេ? ថ្ងៃណាមួយនៅពេលខាងមុខនេះ ខ្ញុំនឹងធ្វើបដិវត្តន៍ពណ៌ដើម្បីផ្លាស់ប្តូររបបមួយនេះចេញពីសង្គមខ្មែរទោះបីជាត្រូវជាប់គុក ឬស្លាប់ ក៏ដោយ ក៏ខ្ញុំត្រូវតែធ្វើដែរ» ។
ក្រោយការប្រកាសនេះ សមត្ថកិច្ចអគ្គស្នងការនគរបាលជាតិ បានស្រាវជ្រាវឃាត់ខ្លួនយុវជននេះដោយចាត់ទុកការប្រកាសនេះ ធ្វើឱ្យមានភាពអសន្តិសុខក្នុងសង្គម ។
ទោះជាយ៉ាងណាក្រោយការសួរដេញដោល លោកចៅក្រមហេង សុខណា សម្រេចលើកពេលប្រកាសសាលក្រមទៅរសៀលថ្ងៃទី១៥ មីនានេះ ៕
ចែករំលែកព័តមាននេះ