ខេត្តមណ្ឌលគិរី ៖ ក្រុមការងារមនុស្សធម៌របស់អ្នកយកព័ត៌មានប្រចាំខេត្តមណ្ឌលគិរី ដែលដឹកនាំដោយលោកសាយ ករុណា អ្នកយកព័ត៌មានកោះសន្តិភាព និងលោក តេត សារ៉េត អ្នកយកព័ត៌មានទូរទស្សន៍ហង្សមាស បាននាំយកអំណោយជាគ្រឿងឧភោគបរិភោគសម្ភារប្រើប្រាស់ជាច្រើនមុខទៅជូនដល់ទុរគតជនចំនួនបីគ្រួសារដែលកំពុងជួបប្រទះបញ្ហាជីវភាពប្រចាំថ្ងៃនៅឃុំចុងផ្លាស់ ស្រុកកែវសីមា កាលពីថ្ងៃទី១៤ មីនា ។
អំណោយដែលក្រុមអ្នកកាសែតយកទៅជូនទុរគតជនទាំងបីគ្រួសារនោះ គឺទទួលបានពីសប្បុរសជននានាដែលមានទឹកចិត្តសប្បុរសធម៌ ក្រុមការងារមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជួយឧបត្ថម្ភថវិកាសាងសង់ផ្ទះជូនលោកយាយ នើត យឺត ចំនួន៣០០ដុល្លារ និងសម្ភារប្រើប្រាស់ក្នុងផ្ទះដូចជា ចាន ឆ្នាំង ស្លាបព្រា មុង ភួយ ខ្នើយ កន្ទេល សាប៊ូ និងគ្រឿងឧបភោគបរិភោគមួយចំនួនធំ។
ដោយឡែក ក្រុមបុប្ផាឆ្នើម ដែលដឹកនាំដោយលោក យុង ចម្រើន អ្នកស្រី ផុន សុឃាង លោកហាក់ ម៉ាលី លោកស្រី ញឹក ណារី និងសមាជិកលោក ជា វាសនា និងលោកជំទាវ លោក ថុង ណារ៉ុង និងលោកជំទាវ លោក នួន សំបូរ និងលោកជំទាវ លោកប៊ុន ហៀង និងភរិយា អ្នកស្រី កែវ រីនីដា និងស្វាមី លោកទូច ម៉េងឡាយ និងភរិយា លោកចាន់ ពិសិដ្ឋ និងភរិយា អ្នកស្រី ទូច និងស្វាមី អ្នកស្រីរ៉ានី និងស្វាមី(ពួកគាត់រស់នៅភ្នំពេញ) ជួយថវិកាចំនួន២៣០ដុល្លារ និងគ្រឿងឧបភោគបរិភោគ ដូចជាអង្ករ១០០គីឡូក្រាម ទឹកបរិសុទ្ធបីកេស ទឹកផ្លែឈើ២កេស ស្ករស២គីឡូក្រាម ទឹកដោះគោខាប់៥កំប៉ុង ទឹកដោះគោឆៅ២ឡូ ថ្នាំបំបាត់ក្តៅខ្លួន ប្រេងកូឡា២ដុំ មុង១ កន្ទេល២ ត្រីងៀត៣គីឡូក្រាម ទឹកត្រី១យួរ ទឹកស៊ីអុីវ១យួរ ។
លោកឧត្តមសេនីយ៍ត្រី ឃិន ម៉េងស្រេង មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរី មី១០កេស អង្ករ៥០គីឡូក្រាម លោក ជា អាជីវកររស់នៅក្រុងសែមនោរម្យ ទឹកដោះគោស្រស់១កេស ។ លោកមេភូមិពូហ៊ុង និងមន្ត្រីប៉ូលិសប៉ុស្តិ៍ឃុំចុងផ្លាស់ បានសម្តែងការត្រេកអរថា ក្នុងនាមពួកលោកជាអាជ្ញាធរមូលដ្ឋានពិតជាចង់ឲ្យប្រជាជនដែលរស់នៅក្នុងភូមិ-ឃុំរបស់ខ្លួនរស់នៅបានសុខស្រួលមិនចង់ឃើញពលរដ្ឋណាម្នាក់ជួបប្រទះបញ្ហាជីវភាពលំបាកទេ ។
តែដោយសារភូមិ-ឃុំមិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការជួយដោះស្រាយបញ្ហាជីវភាពជូនពលរដ្ឋបានគ្រប់គ្នា ដូច្នេះសកម្មភាពរបស់ក្រុមអ្នកយកព័ត៌មានសបញ្ជាក់ឲ្យឃើញពីវប្បធម៌ចែករំលែក និងចេះជួយគ្នាក្នុងគ្រាក្រដែលជាទង្វើដ៏ល្អសម្រាប់អ្នកជំនាន់ក្រោយយកតម្រាប់តាម។
លោកយាយ នើត យឺន អាយុ៧៩ឆ្នាំ លោកយាយ ឆ្លោ គ្រឺម អាយុ៧០ និងបងប្រុសគ្រួសារក្រីក្រដែលត្រូវជ្រូកព្រៃខ្វះដាច់សរសៃជើងស្តាំឈ្មោះ ហ្សូយ ច្រាញ់ អាយុ៣៤ឆ្នាំ ដែលពួកគាត់ទាំងបីគ្រួសារសុទ្ធតែជាជនជាតិដើមភាគតិចបាននិយាយរដឺនៗថា ពួកគាត់សប្បាយចិត្តខ្លាំងណាស់ ព្រោះពួកគាត់សព្វថ្ងៃកំពុងជួបប្រទះការលំបាកខ្លាំងណាស់ ។ តែថ្ងៃនេះគាត់សប្បាយចិត្តរកអ្វីមកប្រៀបផ្ទឹមមិនបាន ព្រោះមានសប្បុរសជនបានជួយចែករំលែកនូវការលំបាករបស់ពួកគាត់ ។ ពួកគាត់បានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់សូមជួបប្រទះតែសេចក្តីសុខ រកស៊ីមានបានគ្រប់ក្រុមគ្រួសារ ។
សូមបញ្ជាក់ថា ផ្លូវធ្វើដំណើរទៅផ្ទះរបស់ទុរគតជនទាំងបីគ្រួសារមានចម្ងាយត្រឹមតែជាង៥០គីឡូម៉ែត្រប៉ុណ្ណោះពីទីរួមខេត្តតែត្រូវចំណាយពេលធ្វើដំណើររហូតជាង៤ម៉ោងទើបទៅដល់គោលដៅ ព្រោះភូមិពូហ៊ុង ស្ថិតនៅក្នុងព្រៃដែលមានស្ថានភាពផ្លូវលំបាកជាខ្លាំង ដោយសារសម្បូរភ្នំ ជ្រោះ និងអូរ ហើយផ្លូវសុទ្ធតែថ្មរដិបរដុប ៕
ចែករំលែកព័តមាននេះ