បើឮអ្នកណាឃោសនាថា បើឈ្នះឆ្នោតមិនបាច់សងប្រាក់ធនាគារត្រូវចាប់ខ្លួនភ្លាម
រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍លើកឡើងចំណុចទាក់ទងវិស័យមីក្រូហិរញ្ញវត្ថុ …
រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍លើកឡើងចំណុចទាក់ទងវិស័យមីក្រូហិរញ្ញវត្ថុ …
រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍លើកឡើងចំណុចទាក់ទងវិស័យមីក្រូហិរញ្ញវត្ថុ និងស្នើឱ្យបញ្ឈប់សកម្មភាពឃោសនាបំពានរបស់អ្នកនយោបាយបោកប្រាស់ ។
ចំណុចចំនួន៣ដែលសម្តេចតេជោហ៊ុន សែនបានថ្លែងជាសាធារណៈ គឺ៖
ទី១-ទាក់ទងនឹងមីក្រូហិរញ្ញវត្ថុមិនស្របច្បាប់ដែលហាក់ដូចជាមានគោលដៅចង់រឹបអូស ហើយអនុវត្តវិធីឱ្យខ្ចី ដោយមិនគិតគូរអំពីលទ្ធភាពសង និងខ្ចីដោយគ្មានគោលដៅជំរុញការបង្កើតមុខរបរ និងជំរុញផលិតកម្មរកប្រាក់ចំណូល ។
ទី២-ចំពោះអ្នកដែលធ្វើមីក្រូហិរញ្ញវត្ថុ ឬតាំងខ្លួនធ្វើអ្នកអាជីវកម្មប្រាក់ដោយគ្មានច្បាប់ទម្លាប់ ហើយឱ្យការប្រាក់ខ្ពស់ ដែលមានចរិតជាការបោកប្រាស់ ។
ទី៣-បក្សនយោបាយណា អ្នកតំណាងរាស្ត្រ ឬក៏មេដឹកនាំបក្សណាដែលទៅបោកប្រជាពលរដ្ឋថា បើឈ្នះឆ្នោតគេនឹងលុបចោលបំណុលទាំងអស់ ព្រោះបំណុលជាបំណុលរបស់រដ្ឋ ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានប្រសាសន៍បែបនេះនាព្រឹកថ្ងៃទី១៤ មីនា ២០១៦នៅវិមានសន្តិភាពក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធបើកសន្និសីទជាតិស្តីពី «ការអភិវឌ្ឍវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា» ដែលរៀបចំធ្វើដោយធនាគារជាតិនៃកម្ពុជា និងរំឭកខួប១០ឆ្នាំ បន្ទាប់ពីរាជរដ្ឋាភិបាលបានប្រកាសឆ្នាំ២០០៦ ជាឆ្នាំមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ។
ទាក់ទិននឹងប្រសាសន៍៣ចំណុចនោះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាឱ្យចាប់ខ្លួននៅនឹងកន្លែង ភ្លាមៗ ដោយសម្តេចចាត់ទុកថាជារឿងបោកប្រាស់ ។ រដ្ឋអត់មានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទេ អំពើទាំងនោះគឺអ្នកដែលតាំងជាមីក្រូហិរញ្ញវត្ថុនោះ គឺទៅបោកប្រជាពលរដ្ឋ ។
ដូច្នេះអំពើបោកប្រាស់សម្តេចតេជោសង្កត់ធ្ងន់ថា គឺជារឿងត្រូវចាប់ខ្លួនជាការសមរម្យហើយ ចាប់ក្នុងបទល្មើសជាក់ស្តែង ។
ក្នុងករណីនេះសម្តេចតេជោបញ្ជាក់ថា ខ្ញុំថា បើមិនពង្រឹងបញ្ហានេះទេ ប្រជាពលរដ្ឋនៅតែរងគ្រោះ ហើយរងគ្រោះដោយសារបក្សនយោបាយថែមទៀត ជំរុញឱ្យខ្ចី រួចហើយថា ដល់ពេលខ្ញុំុឈ្នះមិនចាំបាច់សង ។
កាលពីមុននៅពេលឃោសនារៀបចំការបោះឆ្នោត បានគេរៀបចំឃោសនា តែមិនដូចមុនឯណា គឺគេបានចាប់ផ្តើមតាំងពីម៉ោងនេះទៅហើយ ។ ដូច្នេះយើងក៏ត្រូវធ្វើសកម្មភាពពីម៉ោងនេះដែរ ។
សូមអ្នកការទូតកុំថា ម៉េចក៏ចាប់ដល់តំណាងរាស្ត្រ ។ ប៉ុន្តែអ្នកតំណាងរាស្ត្រនោះខូច គឺចាប់ខ្លួនក្នុងបទល្មើសជាក់ស្តែង កុំយកអភ័យឯកសិទ្ធិមកពាំង អភ័យឯកសិទ្ធិគេឱ្យអ្នកឯងនិយាយត្រង់ មិនឱ្យអ្នកឯកភូតឯណា ? បោកប្រាស់ឯណា ? ដូច្នេះស្តាប់ឱ្យច្បាស់ ។
សម្តេចតេជោមានប្រសាសន៍ក្នុងអង្គពិធីដែលមានមន្ត្រីនគរបាលអញ្ជើញចូលរួមក្នុងឱកាសនោះដែរថា សូមកុំពូកែគាំទ្ររឹបអូសផ្ទះប្រជាពលរដ្ឋ ដីធ្លី… ករណីតុលាការជារឿងមួយ តែករណីគ្រាន់តែម្ចាស់ហិរញ្ញវត្ថុឱ្យទៅជួយសូមអស់លោកកុំរពិសដៃពេក អស់លោកនគរបាល។ ប៉ុន្តែសូមរពិសខាងនេះវិញ បើឮថាបងប្អូនអើយពេលណាខ្ញុំឈ្នះឆ្នោត មិនចាំបាច់សងប្រាក់ទេ… បើឮដូច្នេះចាប់ភ្លាមតែម្តង ។
សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា ធនាគារជាតិនៃកម្ពុជាកំពុងពិនិត្យលើភាពត្រឹមត្រូវច្បាស់លាស់ ព្រមទាំងត្រួតពិនិត្យដល់ទីកន្លែងជាមុន ដើម្បីជាមូលដ្ឋានក្នុងគោលការណ៍សម្រេចផ្តល់ ឬមិនផ្តល់អាជ្ញាប័ណ្ណ ឬចុះបញ្ជីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ។
ចំពោះមុខនេះធនាគារជាតិនៃកម្ពុជាបានរួមចំណែកបង្កើនចំណេះដឹងលើការប្រើប្រាស់ហិរញ្ញវត្ថុដល់ថ្នាក់មូលដ្ឋានដែលធ្វើឱ្យប្រជាជនមានការយល់ដឹងកាន់តែច្រើនក្នុងការស្វែងរកប្រភពហិរញ្ញវត្ថុ ពុំមែនជាសកម្មភាពសប្បុរសធម៌នោះទេ ។ ត្រូវឱ្យច្បាស់កន្លែងហ្នឹង ។
ជាលទ្ធផលគួរឱ្យកត់សម្គាល់មួយទៀត គឺអត្រាការប្រាក់ឥណទានប្រចាំឆ្នាំរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មាននិន្នាការថយចុះជាបន្ត ក្នុងរយៈពេលកន្លងមក យើងបានថយចុះពី៣៦% ក្នុងឆ្នាំ២០០៦ មក៣២% ក្នុងឆ្នាំ២០០៩ បានថយចុះមកដល់២៧,៥% នៅឆ្នាំ២០១២ និងរហូតដល់២៣,៧% នៅឆ្នាំ២០១៥ ហើយរំពឹងថានឹងថយចុះបន្តបន្ទាប់ទៀត ។
ការថយចុះនេះបណ្តាលមកពីការអនុវត្តយន្តការទីផ្សារដែលមានការលើកទឹកចិត្តឱ្យមានការប្រកួតប្រជែង ហើយតម្លាភាពសំដៅពង្រឹងគុណភាពនៃសេវា និងផលិតផលហិរញ្ញវត្ថុ ។
សរុបមកខ្ញុំកត់សម្គាល់ឃើញថា មានកត្តាសំខាន់ចំនួន៤ដែលជាកត្តាពន្លឿនកំណើនវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ក្នុងនោះមាន៖
១-គោលនយោបាយ និងការលើកទឹកចិត្តរបស់រាជរដ្ឋាភិបាល ។
២-ក្របខណ្ឌបទប្បញ្ញត្តិ និងការត្រួតពិនិត្យ ដោយប្រុងប្រយ័ត្នរបស់ធនាគារជាតិនៃកម្ពុជា ។
៣-ភាពរស់រវើកនៃការច្នៃប្រឌិតរបស់ប្រតិ បត្តិការមីក្រូហិរញ្ញវត្ថុ និង៤-តម្រូវការ និងការគាំទ្ររបស់អតិថិជនដោយយល់ឃើញអំពីសារសំខាន់នៃវិស័យមីក្រូហិរញ្ញវត្ថុក្នុងការជំរុញបរិយាបត្តិហិរញ្ញវត្ថុ ។
លោកជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជាបានឱ្យដឹងថា សន្និសីទជាតិស្តីពីការអភិវឌ្ឍមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយពីសារសំខាន់អត្ថប្រយោជន៍ ពីតួនាទីរបស់វិស័យមីក្រូហិរញ្ញវត្ថុក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្រដែលជាយុទ្ធសាស្ដ្ររបស់រដ្ឋាភិបាល និងសមិទ្ធផលដែលសម្រេចបានក្នុងរយៈកាល១០ឆ្នាំ បន្ទាប់ពីសម្ដេចតេជោនាយករដ្ឋមន្ដ្រីបានប្រកាសយកឆ្នាំ២០០៦ជាឆ្នាំមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ក្នុងឱកាសសន្និសិទជាតិស្ដីពីមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី១១ដល់១៣ ខែមករា ឆ្នាំ២០០៦ ពីបញ្ហាប្រឈមនិងការកំណត់ទិសដៅសម្រាប់ការអភិវឌ្ឍទិសដៅសម្រាប់ពេលអនាគត ។
លោកទេសាភិបាលធនាគារជាតិនៃកម្ពុជា មានប្រសាសន៍បន្ដថា បន្ទាប់ពីទទួលនូវអនុ សាសន៍របស់សម្តេចនាយករដ្ឋមន្ដ្រីមក ធនាគារជាតិនៃកម្ពុជា ក្រសួងពាក់ព័ន្ធគ្រឹះស្ថានហិរញ្ញវត្ថុបានសហការយ៉ាងជិតស្និទ្ធ ដើម្បីអភិវឌ្ឍមីក្រូហិរញ្ញវត្ថុប្រកបដោយចីរភាព រួមចំណែកជំរុញបរិយាបត្រហិរញ្ញវត្ថុ លើកកំពស់ប្រជាជនតាមជនបទ និងជំរុញកំណើនសេដ្ឋកិច្ចជិត១ទសវត្សរ៍កន្លងមក ។
ការរីកចម្រើននៃវិស័យនេះ ត្រូវបានឆ្លុះបញ្ចាំងតាមរយៈកំណើននៃអត្រាបរិយាបត្ដិហិរញ្ញវត្ថុ ដែលត្រូវបានទទួលស្គាល់ថាជាកម្លាំងចលកររួមចំណែកកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។ ជាក់ស្ដែងប្រជាជនពេញវ័យដែលកំពុងប្រើប្រាស់សេវាហិរញ្ញវត្ថុ កើនប្រមាណ៨,៧ភាគរយនៅឆ្នាំ២០០៦ដល់ប្រមាណ៥១ភាគរយនៅឆ្នាំ២០១៥ ៕
ចែករំលែកព័តមាននេះ