រាជធានីភ្នំពេញ ៖ រថយន្ដ Rolls Royce ស៊េរីទំនើប ដែលគេស្គាល់ថា ជារថយន្តរបស់អ្នកនាង ដេត ម៉ាលីណា អតីតភរិយារបស់លោក ឌួង ឆាយ បានបើករថយន្តទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្តាលឱ្យរបាំងថ្មពុះចែកទ្រូងផ្លូវរងកាខូចខាតអស់ចំនួនមួយកង់ និងបាក់បង្គោលភ្លើងបំភ្លឺផ្លូវអស់ចំនួន០១ដើម ចំណែករថយន្តវិញរងការខ្ទេចអស់មួយកំណាត់មុខ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ នៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ចំណុចមុខអគារ ប៊ូយ៉ុង ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
រថយន្តបង្កខាងលើនេះ ម៉ាក Rolls Royce ពណ៌ស ពាក់ស្លាកលេខ កម្ពុជា MR IDOL ហើយត្រូវបានគេស្គាល់ថា ជារថយន្តរបស់អតីតភរិយាលោក ឌួង ឆាយ តែនៅយប់កើតហេតុនោះ គេមិនច្បាស់ថា អ្នកណាជាអ្នកបើកបរនោះទេ ។
បើតាមប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់អោយដឹងថា មុនកើតហេតុ គេបានឃើញរថយន្តបង្កខាងលើ ធ្វើដំណើរតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ទិសដៅពីកើតទៅលិច លុះមកដល់ផ្លូវមានស្ថានភាពកោង រថយន្ដក៏បើកលឿនទៀត ដោយមិនប្រយ័ត្ន ក៏ជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្តាលរថយន្ដរងការខូចខាតខ្ទេចអស់មួយកំណាត់ស្ទើរតែទាំងស្រុង និងផ្ទុះពោងសុវត្ថិភាពរងការខូចខាត ព្រមទាំងបណ្តាលរបាំងថ្មពុះចែកទ្រូងផ្លូវបាក់រងការខូចខាតអស់ចំនួន០១កង់ និងបាក់បង្គោលភ្លើងបំភ្លឺផ្លូវអស់ចំនួន០១ដើមទៀតក៏រងការខូចខាតដែរ។
ប្រភពដដែលបន្តថា បន្ទាប់ពីកើតហេតុភ្លាមៗនោះ គេបានឃើញអ្នកបើកបររថយន្តជាស្ត្រីដ៏ស្រស់ស្អាតម្នាក់ បានចេញពីក្នុងរថយន្ដ រួចឡើងទៅរថយន្តផ្សេងមួយគ្រឿងទៀត ហើយក៏គេចខ្លួនចេញពីកន្លែងកើតហេតុតែម្តង ចំណែកឯស្លាកលេខរថយន្ដវិញ ក៏ត្រូវបានក្រុមអង្គរក្សដោះចេញផងដែរ ។
ក្រោយពេលកើតហេតុ រថយន្ដបង្កត្រូវបានសមត្ថកិច្ចធ្វើការវាស់ និងស្ទូចយកទៅរក្សាទុកជាបណ្តោះអាសន្ននៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយបន្តទៀតនៅពេលក្រោយ ។
គួរបញ្ជាក់ផងដែរថា ក្រោយពេលកើតមានគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ លោក ឌួង ឆាយ ក៏បានបង្ហោះសារនៅលើគណនេយ្យហ្វេសប៊ុករបស់លោកថា «អ្នកជាម្តាយកូនៗរបស់យើង ខ្ញុំសង្ឃឹមថា អ្នកនឹងមិនមានគ្រោះថ្នាក់អ្វីកើតឡើងចុះ ។ អាណិតកូនៗយើង» ៕
ចែករំលែកព័តមាននេះ