ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

ភ្នំពេញ៖ ដំណើរការពិនិត្យបញ្ជីឈ្មោះបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ បានចាប់ផ្តើមហើយ នៅថ្ងៃទី១២ ខែតុលា នៅតាមសាលាឃុំសង្កាត់ នៅ​ទូទាំងប្រទេស។ នៅថ្ងៃចាប់ផ្តើមដំបូងនេះ…

ភ្នំពេញ៖ ដំណើរការពិនិត្យបញ្ជីឈ្មោះបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ បានចាប់ផ្តើមហើយ នៅថ្ងៃទី១២ ខែតុលា នៅតាមសាលាឃុំសង្កាត់ នៅ​ទូទាំងប្រទេស។ នៅថ្ងៃចាប់ផ្តើមដំបូងនេះ មានប្រជាពលរដ្ឋ ទៅពិនិត្យឈ្មោះបោះឆ្នោត និងទៅចុះឈ្មោះបោះឆ្នោត ជាបណ្តើរៗហើយ។

ដំណើរការពិនិត្យបញ្ជីឈ្មោះបោះឆ្នោត និងចុះឈ្មោះបោះឆ្នោត ចាប់ផ្តើមពីថ្ងៃទី១២ ខែតុលា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅតាមសាលាឃុំសង្កាត់ទូទាំងប្រទេស។ ក្នុងនោះ ចូរចងចាំថា ទាល់តែបានចុះឈ្មោះបោះឆ្នោត នៅពេលនេះ ទើបអាចទៅបោះឆ្នោតបាន នៅពេលបោះឆ្នោតឃុំសង្កាត់ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។

តារាងស្ថិតិប្រជាពលរដ្ឋ និងចំនួនការិយាល័យបោះឆ្នោតប៉ាន់ស្មាន សម្រាប់អនុវត្តផែនការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះ​បោះឆ្នោត ឆ្នាំ២០២១ ត្រូវបានគ.ជ.ប ប្រកាសថា ប្រជាពលរដ្ឋ ១៨ឆ្នាំឡើង មានចំនួន ១០ ៤៦៧ ៩៦១នាក់។ ក្នុងនោះ គ.ជ.ប ប៉ាន់ស្មានថា អ្នកដែលត្រូវចុះឈ្មោះបោះឆ្នោតថ្មី នាពេលនេះ មានចំនួន ១ ៦៣៥ ៩៩០នាក់។ ដោយឡែក ចំនួនឈ្មោះអ្នក​បោះឆ្នោត ក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០២០ មានចំនួន ៨ ៨៣១ ៩៧១នាក់។

ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ ចាប់ពីថ្ងៃទី១២ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកានេះ គឺបងប្អូន​ប្រជាពលរដ្ឋខ្មែរ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០២០ អាចអញ្ជើញទៅពិនិត្យមើលឈ្មោះរបស់ខ្លួន ដែលបិទផ្សាយ នៅតាមសាលាឃុំសង្កាត់ និងនៅទីប្រជុំជនមួយចំនួន ក្នុងឃុំសង្កាត់ ឬអាចចូលពិនិត្យមើលតាមគេហទំព័ររបស់ គ.ជ.ប voterlist.nec.gov.kh ឬកម្មវិធីទូរស័ព្ទដៃ ( App ) Voterlist KH ដើម្បីឲ្យប្រាកដថា ខ្លួនពិតជាមានឈ្មោះ និងទិន្នន័យត្រឹមត្រូវ​នៅក្នុងបញ្ជីបោះឆ្នោត។ ក្នុងករណីឈ្មោះ ឬទិន្នន័យរបស់បងប្អូនពុំត្រឹមត្រូវ បងប្អូនត្រូវស្នើសុំក្រុមចុះឈ្មោះបោះឆ្នោត ដើម្បីធ្វើការកែតម្រូវឲ្យបានត្រឹមត្រូវទៅតាមឯកសារសំអាងច្បាស់លាស់។

ចំណែកប្រជាពលរដ្ឋខ្មែរ ដែលមានសិទ្ធិបោះឆ្នោត ហើយមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមក ប្រជាពលរដ្ឋខ្មែរ ដែលទើបគ្រប់អាយុ ១៨ឆ្នាំ គឺអ្នកដែលកើតមុន ឬត្រឹមថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០០៤ ឬប្រជាពលរដ្ឋខ្មែរ ដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលក្នុងឃុំសង្កាត់ថ្មី សូមអញ្ជើញបងប្អូនទៅចុះឈ្មោះបោះឆ្នោត តាមប្រតិទិនរបស់ក្រុមចុះឈ្មោះបោះឆ្នោត នៅតាមឃុំសង្កាត់ ដែលសាមីខ្លួន ត្រូវបោះឆ្នោត។

ក្នុងអំឡុងពេលដំណើរការពិនិត្យបញ្ជីឈ្មោះអ្នកបោះឆ្នោត និងចុះឈ្មោះអ្នកបោះឆ្នោត ចាប់ពីថ្ងៃទី១២ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកានេះ គ.ជ.ប ក៏ប្រកាសអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ រួមមានគណបក្សនយោបាយ សមាគម និងអង្គការ​មិនមែនរដ្ឋាភិបាល អង្គភាពសារព័ត៌មាននានា និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់មេត្តាជួយផ្សព្វផ្សាយខ្លឹមសារនៃសេចក្តីអំពាវនាវ ជូនប្រជាពលរដ្ឋខ្មែរ ឲ្យបានយល់ជ្រួតជ្រាប និងជួយជំរុញ ឲ្យប្រជាពលរដ្ឋ ទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា និងទាន់ពេលវេលា។ ពោលគឺអ្នករស់នៅក្នុងឃុំសង្កាត់ណា ទៅពិនិត្យ និងចុះឈ្មោះបោះឆ្នោត ក្នុងឃុំសង្កាត់នោះ។

ទន្ទឹមនឹងដំណើរការចុះឈ្មោះបោះឆ្នោតនេះ ថ្នាក់ដឹកនាំគណបក្សនយោបាយ ពិសេសគណបក្សកាន់អំណាច លើកទឹកចិត្តមន្ត្រីមូលដ្ឋាន ត្រូវបន្តបង្កើនធ្វើអំពើល្អ និងបម្រើប្រជាជន ឱ្យកាន់តែប្រសើរឡើងខ្លាំងថែមទៀត ព្រោះជាមូលដ្ឋានគាំទ្រដ៏រឹងមាំរបស់គណបក្សប្រជាជនកម្ពុជា

ក្នុងក្របខណ្ឌឆ្ពោះទៅរកការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។

ដូច្នេះក្នុងរយៈពេលចាប់ពីថ្ងៃទី១២តុលា រហូតដល់ថ្ងៃទី៣០វិច្ឆិកានេះ ប្រជាពលរដ្ឋខ្មែរយើង ដែលធ្លាប់បោះឆ្នោតរួច ឬអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ត្រូវពិនិត្យឈ្មោះរបស់ខ្លួនម្តងទៀត ដោយអាចទៅផ្ទាល់នៅតាមសាលាឃុំសង្កាត់ ដែលខ្លួនរស់នៅក៏បាន ឬក៏ពិនិត្យតាមទូរស័ព្ទ ចូលគេហទំព័ររបស់ គ.ជ.ប voterlist.nec.gov.kh ឬកម្មវិធីទូរស័ព្ទដៃ ( App ) Voterlist KH។ បើសិនជាខុសទិន្នន័យណាមួយ អាចកែតម្រូវនៅសាលាឃុំសង្កាត់។

ដោយឡែក អ្នកមិនទាន់ចុះឈ្មោះបោះឆ្នោត ឬអ្នកផ្លាស់ប្តូរទីលំនៅ ឬអ្នកទើបគ្រប់អាយុ ១៨ឆ្នាំ ត្រូវតែទៅចុះឈ្មោះបោះឆ្នោត​នៅតាមសាលាឃុំសង្កាត់ ដែលខ្លួនរស់នៅ។ លក្ខខណ្ឌនៃការចុះឈ្មោះបោះឆ្នោតនេះ ត្រូវមានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬក៏​លិខិតបញ្ជាក់ទីលំនៅ បើសិនជាអាសយដ្ឋានក្នុងអត្តសញ្ញាណបណ្ណ ខុសពីទីកន្លែងរស់នៅបច្ចុប្បន្ន។ ចូរកុំភ្លេចថា បើមិន​មាន​ឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត ឆ្នាំ២០២១ នេះទេ នោះនៅពេលបោះឆ្នោតឃុំសង្កាត់ នៅខែមិថុនា ឆ្នាំ២០២២ គឺអ្នកមិន​អាច​បោះឆ្នោតបានឡើយ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ