រាជធានីភ្នំពេញ ៖ លោកកឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិបានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គមរបស់លោកនៅថ្ងៃទី១៤ មីនា ២០១៦ ថា «នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន នាព្រឹកថ្ងៃច័ន្ទ ទី១៤ មីនា ២០១៦ លោកប្រធាន សម រង្ស៊ី និងខ្ញុំ កឹម សុខា ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ដ្រៃយ៍គណបក្សសង្គ្រោះជាតិពិសេសមួយ» ។
លោក កឹម សុខា បានបញ្ជាក់ថា របៀបវារៈនៃកិច្ចប្រជុំព្រឹកនេះ គឺ១-របាយការណ៍សកម្មភាពរយៈពេល២ឆ្នាំកន្លងមក ២-កំណត់ទិសដៅ និងគោលនយោបាយរបស់គណបក្សសម្រាប់ពេលខាងមុខ ៣-ពិភាក្សា និងអនុម័តលើសំណើររបស់សន្និបាតក្រុមប្រឹក្សាជាតិ។
លោក សម រង្ស៊ី មេដឹកនាំគណបក្សសង្គ្រោះជាតិរស់នៅក្រៅបរទេស និងថ្នាក់ដឹកនាំបក្សផ្សេងៗទៀត រួមទាំងលោក កឹម សុខា ផង បានជួបប្រជុំនៅក្រុងម៉ាលីនថ្ងៃនេះ ដើម្បីពិភាក្សាផ្ទៃក្នុងគណបក្ស និងការបោះឆ្នោតឃុំ-សង្កាត់ ឆ្នាំ២០១៧ និងការបោះឆ្នោតសកល ឆ្នាំ២០១៨ ខាងមុខនេះ។
ប្រភពពីតំណាងរាស្ដ្រគណបក្សសង្គ្រោះជាតិបានឱ្យដឹងថា នៅទី១៤ មីនា ២០១៦ នេះ គណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សនឹងបើកកិច្ចប្រជុំពិសេសនៅក្រុងម៉ានិល ប្រទេសហ្វីលីពីន ដឹកនាំដោយលោកប្រធាន សម រង្ស៊ី និងលោកអនុប្រធាន កឹម សុខា ។
ចំណែកលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិបានមានប្រសាសន៍ថា បើយោងតាមលក្ខន្ដិកៈគណបក្សសង្គ្រោះជាតិត្រូវប្រារព្ធធ្វើសមាជគណបក្សរៀងរាល់៥ឆ្នាំម្ដង ដែលសមាជលើកដំបូងបានប្រារព្ធធ្វើនៅឆ្នាំ២០១២ ហើយសមាជលើកទី២ នឹងប្រារព្ធធ្វើនៅឆ្នាំ២០១៧។ នៅចន្លោះសមាជនីមួយៗ គណបក្សសង្គ្រោះជាតិត្រូវប្រារព្ធធ្វើសន្និបាតក្រុមប្រឹក្សាជាតិជារៀងរាល់២ឆ្នាំម្ដង។
គណបក្សសង្គ្រោះជាបានលើកឡើងថា សន្និបាតក្រុមប្រឹក្សាជាតិលើកទី១ បានប្រារព្ធធ្វើនៅឆ្នាំ២០១៤ ហើយសន្និបាតក្រុមប្រឹក្សាជាតិលើកទី២ នឹងត្រូវប្រារព្ធធ្វើនៅឆ្នាំ២០១៦ នេះ ។ ក្នុងអាណត្តិទី៥ នេះ គណបក្សប្រឆាំងមួយមានអាសនៈ៥៥កៅអី ក្នុងរដ្ឋសភាមួយនេះ នឹងរៀបចំសន្និបាតក្រុមប្រឹក្សាជាតិលើកទី២ នៅថ្ងៃទី២៦ មីនា ២០១៦ នៅរាជធានីភ្នំពេញ។
ចែករំលែកព័តមាននេះ