ភ្នំពេញ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានចេញលិខិតសម្រេច កែសម្រួលតារាងតម្លៃគិតពន្ធគយ សម្រាប់អនុវត្តលើរថយន្តគ្មានពន្ធ និងអាករនាំចូល មានស្រាប់ក្នុងប្រទេស។ ការសម្រេចបញ្ចុះពន្ធដូច្នេះ ធ្វើឡើងតាមលិខិតចុះថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ជម្រាបជូនប្រធាននាយកដ្ឋាន សាខា និងការិយាល័យគយ និងរដ្ឋាករ។
សេចក្តីសម្រេចខាងលើ បណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកគយនិងរដ្ឋាករកម្ពុជា បានលើកឡើងថា ការសម្រេចបញ្ចុះពន្ធនេះ ដោយសារតែអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ពិនិត្យឃើញ «មានរថយន្តមួយចំនួន ជាពិសេសប្រភេទ ដែលមានឆ្នាំម៉ូដែល ក្រោមឆ្នាំ២០១៦ មានសភាពចាស់ ហើយម្ចាស់មានបញ្ហាលំបាកផ្នែកហិរញ្ញវត្ថុ ក្នុងការបំពេញកាតព្វកិច្ចពន្ធ និងអាករ និងដើម្បីជំរុញឲ្យដំណើរការបង់ពន្ធអាករលើរថយន្តមានស្រាប់ក្នុងប្រទេសកាន់តែមានភាពរលូន ប្រកបដោយសមធម៌នោះ» ទើបសម្រេចបន្ថយតម្លៃពន្ធ។
រថយន្តទំនើបអត់ពន្ធដែលអាជ្ញាធរមានសមត្ថកិច្ចបង្រ្កាបកន្លងមកនៅខេត្តព្រះសីហនុចំណែករថយន្តចង្កូតស្តាំ គ្មានពន្ធ និងអាករនាំចូល មានស្រាប់ក្នុងប្រទេស ត្រូវបន្ធូរបន្ថយតម្លៃគិតពន្ធគយ លើតម្លៃរថយន្តចង្កូតឆ្វេង តាមឆ្នាំម៉ូដែល ៣ប្រភេទ គឺ១-ឆ្នាំម៉ូដែល ចាប់ពីឆ្នាំ២០១៥ ចុះ បន្ថយ ២០%។ ២-ឆ្នាំម៉ូដេល ចាប់ពីឆ្នាំ២០១៦ ដល់ឆ្ន២០១៨ បន្ថយ ១៥% និង៣-ឆ្នាំម៉ូដែល ចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២០ បន្ថយ ១០%។
ក្នុងសេចក្តីប្រកាសដដែល អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ក៏បានកំណត់ថា ចំពោះរថយន្តស្ទួចធុនធ្ងន់ ដែលមានទម្ងន់សុទ្ធលើសពី ២០តោន ត្រូវបានលើកលែងការតម្រូវឲ្យកែចង្កូត ពីស្តាំ ទៅឆ្វេង។ ការសម្រេចនេះ យោងលិខិត ចុះថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០០៨ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕


លោក គុណ ញឹម អគ្គនាយកគយនិងរដ្ឋាករកម្ពុជា 
ចែករំលែកព័តមាននេះ