រាជធានីភ្នំពេញ ៖ បុរសម្នាក់ធ្លាយពោះវៀនចេញក្រៅស្លាប់គួរឲ្យរន្ធត់ និងម្នាក់ទៀតរបួសធ្ងន់ ខណៈជិះម៉ូតូលឿនពេកជ្រុលទៅបុកខឿនសួនច្បារពុះចែកផ្លូវផ្លោងទៅជុងនឹងដែកនៅលើសួនច្បារ កាលពីវេលាម៉ោង៣និង១០នាទីទៀបភ្លឺថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវជាតិលេខ៦ ក្បែររង្វង់មូលជ្រោយចង្វារ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។
សពជនរងគ្រោះឈ្មោះ ហេង ហុង អាយុ២៦ឆ្នាំ ជាកម្មកររោងចក្រ ស្នាក់នៅផ្ទះជួលម្តុំកាលណាឌីយ៉ា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល ។
សាក្សីឃើញហេតុការណ៍បាននិយាយថា មុនពេលកើតហេតុ ជនរងគ្រោះមានគ្នា៤នាក់ ជិះម៉ូតូ២គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ និងមួយគ្រឿងទៀតម៉ាកMSX ពណ៌សបើកបរក្នុងទិសដៅពីជើងទៅត្បូង តាមបណ្តោយផ្លូវជាតិលេខ៦ ទើបតែចេញមកពីហូបការនៅរកាកោង ហើយពួកគេត្រឡប់ភ្នំពេញវិញ ដោយបើកបរក្នុងល្បឿនលឿនលុះមកដល់ចំណុចកើតហេតុជិតរង្វង់មូលជ្រោយចង្វារ ត្រង់ចំណុចផ្លូវកោងជនរងគ្រោះមិនបានបន្ថយល្បឿនកោងតាមផ្លូវទេ ធ្វើឲ្យម៉ូតូចាប់ហ្វ្រាំងមិនទាន់ជ្រុលទៅបុកខឿនសួរច្បារពុះចែកផ្លូវបណ្តាលឲ្យអ្នកបើកម៉ូតូផ្លោងប្រមាណ២០ម៉ែត្រទៅលើសួនច្បារចិញ្ចើមផ្លូវជុងនឹងដែកថ្នាំងអំពៅបណ្តាលឲ្យធ្លាយពោះវៀនស្លាប់ម្នាក់ និងម្នាក់ទៀតរងបួសធ្ងន់ ។ រីឯមិត្តភក្កិដែលជិះម៉ូតូ MSX មិនបានដួលទេ ឈប់ម៉ូតូជួយមើលជនរងគ្រោះ ។
ក្រោយពេលកើតហេតុ ជនរងគ្រោះរបួសធ្ងន់ ត្រូវរថយន្តសង្គ្រោះដឹកយកទៅព្យាបាលនៅគ្លីនិកឯកជន រីឯម៉ូតូជនរងគ្រោះត្រូវសមត្ថកិច្ចវាសវែងយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ជើងគោក ។ ចំណែកសពត្រូវសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ៕
ចែករំលែកព័តមាននេះ