រាជធានីភ្នំពេញ ៖ មន្ត្រីនគរបាលនៃក្រសួងមហាផ្ទៃម្នាក់រងរបួសធ្ងន់បាក់ជើងទាំងពីរ ខណៈដែលបើកម៉ូតូឆ្លងផ្លូវចូលទៅក្នុងក្រសួងមហាផ្ទៃត្រូវម៉ូតូមួយគ្រឿងទៀតបុកពេញទំហឹង កាលពីវេលាម៉ោង១១និង១៥នាទីព្រឹកថ្ងៃទី១៣ មីនា នៅចំណុចមុខក្រសួងមហាផ្ទៃ មហាវិថីព្រះនរោត្តម ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
បុរសរងគ្រោះឈ្មោះ លី សំអាត អាយុ៥១ឆ្នាំ ជាមន្ត្រីនគរបាល មានទីលំនៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។ មុនពេលកើតហេតុ បុរសរងគ្រោះជិះម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅលាយក្រហម មួយគ្រឿង តែម្នាក់ឯង ឆ្លងផ្លូវចូលទៅក្នុងក្រសួងមហាផ្ទៃ ត្រូវម៉ូតូម៉ាកហុងដា ធុនសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ មួយគ្រឿង បើកបរដោយបុរសម្នាក់ក្នុងល្បឿនលឿនបញ្ច្រាសទិសគ្នាបុកពេញទំហឹងបណ្តាលឱ្យរងរបួសធ្ងន់តែម្តង ចំណែកម៉ូតូខូចខាតយ៉ាងដំណំទាំង២គ្រឿងផងដែរ ។
ក្រោយពេលកើតហេតុ បុរសរងគ្រោះត្រូវបានរថយន្តសាមុយរបស់មណ្ឌលសុខភាពចាក់អង្រែដឹកយកទៅសង្គ្រោះ ។ ចំណែកម៉ូតូទាំង២គ្រឿង ក្រោយពីសមត្ថកិច្ចវាស់វែងរួច នាំយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីរង់ចាំដោះស្រាយជាក្រោយ ៕
ចែករំលែកព័តមាននេះ