រាជធានីភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូទៅបុករថយន្តពេញទំហឹងបណ្តាលឱ្យដួលបោកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែកឯរថយន្តបានជ្រុលចង្កូតទៅបុករថយន្តមួយគ្រឿងទៀត ដែលបើកបញ្ច្រាសទិសដៅគ្នា បណ្តាលឱ្យខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង៩និង៤០នាទីយប់ថ្ងៃទី១២ មីនា ត្រង់ចំណុចកែងផ្លូលេខ៥៦៦និងលេខ៣១៧ ស្ថិតនៅក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ។
ជនរងគ្រោះមិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ មានអាយុជាង២០ឆ្នាំ ជិះម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៦ ពណ៍ខ្មៅ មួយគ្រឿង នៅជាប់នឹងខ្លួនមានតែសំបុត្របញ្ចាំកុងទ័រម៉ូតូតម្លៃ៤៤ដុល្លារនៅថ្ងៃទី១២ ខែមីនា ។ ចំណែករថយន្តម៉ាកមីនីគូបព័រ ពណ៌ក្រហម អ្នកបើកបរមិនបានស្គាល់ឈ្មោះនោះទេ និងរថយន្តមួយគ្រឿងទៀតម៉ាកហាយឡែនឌ័រ ពណ៍ទឹកប្រាក់ អ្នកបើកបរក៏មិនត្រូវបានស្គាល់ឈ្មោះនោះដែរ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចចុះទៅកន្លែងកើតហេតុធ្វើការវាស់វែង និងនាំយករថយន្តទាំង២គ្រឿង និងម៉ូតូជនរងគ្រោះទៅរក្សារទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយជាក្រោយ ។
ចំណែកសពជនរងគ្រោះ ត្រូវបានដឹកយកទៅតម្កល់ទុកនៅវត្តសម្បូរមាស រង់ចាំក្រុមគ្រួសារមកយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ