ខេត្តព្រៃវែង ៖ រថយន្តយីឌុបបុករថយន្តសាំយ៉ុង ដែលបើកបញ្ច្រាសទិសគ្នាលាន់ដូចសំឡេងគ្រាប់ផ្ទុះ បង្កឱ្យមានការភ្ញាក់ផ្អើលដល់កាលពីវេលាម៉ោង៥ព្រឹកថ្ងៃទី១៣ មីនា នៅលើកំណាត់ផ្លូវជាតិលេខ៨អា ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ៤៩និងលេខ៥០ ស្ថិតក្នុងភូមិគគ ឃុំកំពង់ពពិល ស្រុកពារាំង ។
មន្ត្រីសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលកំពង់ពពិល បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តយីឌុប ពណ៌ក្រហម ១គ្រឿង បើកពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ ក៏រេចង្កូតទៅខាងឆ្វេងដៃបុករថយន្តសាំយ៉ុង ពណ៌លឿង ១គ្រឿង ដែលបើកបញ្ច្រាសទិសគ្នា បណ្តាលរថយន្តសាំយ៉ុងប៉ើងក្រឡាប់បះជើងច្រងាងៗតែម្តង ។ ប៉ុន្តែសំណាងល្អ មិនបណ្តាលឱ្យមនុស្សជិះនៅក្នុងរថយន្តសាំយ៉ុងណាម្នាក់ស្លាប់ ឬរងរបួសធ្ងន់នោះទេ លើកលែងតែអ្នកបើកបរឈ្មោះ ជួន ចាវ ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិតាម៉ៅ ឃុំជើងកូន ស្រុកសំរោងទងខេត្តតាកែវ រងរបួសស្រាល ។ ចំណែកអ្នកបើកបររថយ្តបង្កបានរត់គេចខ្លួនបាត់ស្រមោល ។
ក្រោយកើតហេតុ រថយន្តទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចនាំយកទៅរក្សាទុកនៅអធិការដ្ឋាននគបាលស្រុក ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ ៕
ចែករំលែកព័តមាននេះ