រាជធានីភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូមួយគ្រឿងក្នុងល្បឿនលឿន ដោយព្យាយាមវ៉ារថយន្តមួយគ្រឿងទៀតដែលបើកបរស្របទិសគ្នា ជ្រុលចង្កួតទៅបុកខឿនចិញ្ចើមផ្លូវដួលបោកក្បាលធ្លោយខួរស្លាប់ភ្លាមៗនៅកន្លែងនឹងកើតហេតុកាលពីវេលាម៉ោង១០និង២០នាទីយប់ថ្ងៃទី១១ មីនា ២០១៦ នៅតាមបណ្តោយមហាវិថីព្រះស៊ីសុវត្ថិ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ។
តាមអ្នកឃើញហេតុការណ៍បាននិយាយថា មុនពេលកើតហេតុ គេឃើញបុរសរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាក DUCK ពណ៌ទឹកក្រូចលាយខ្មៅ ធ្វើដំណើរតាមបណ្តោយមហាវិថីព្រះស៊ីសុវត្ថិ ពីត្បូងទៅជើង ក្នុងល្បឿនលឿន លុះមកដល់កន្លែងកើតហេតុ ព្យាយាមបើកវ៉ាជែងជាមួយរថយន្តមួយគ្រឿងទៀតមិនស្គាល់ម៉ាក ក៏ជ្រុលទៅបុកខឿនចិញ្ចើមផ្លូវបណ្តោយដួលបោកក្បាលធ្លោយខួរស្លាប់ភ្លាមៗតែម្តង ។
សមត្ថកិច្ចចុះទៅត្រួតពិនិត្យនៅកន្លែងកើតហេតុ បានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ចាន់ រុនដា អាយុ២៦ឆ្នាំ ជាជាងជួសជុលម៉ូតូ ស្នាក់នៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក ។
សពជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅរៀបចំធ្វើបុណ្យនៅស្រុកកំណើត ។ ចំណែកម៉ូតូ ប៉ូលិសបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីឱ្យក្រុមគ្រួសារមកទទួលយកតាមក្រោយ ៕
ចែករំលែកព័តមាននេះ