រាជធានីភ្នំពេញ ៖ តម្លៃប្រេងឥន្ធនៈលក់រាយនៅកម្ពុជា ត្រូវបានកំណត់រូបមន្ដសម្រាប់កែសម្រួល ដើម្បីឲ្យថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយប្រេងឥន្ធនៈឡើងចុះទៅតាមតម្លៃប្រេងនៅលើទីផ្សារអន្តរជាតិ ។ នេះបើយោងតាមការប្រកាសរបស់អន្តរក្រសួង ដែលចុះហត្ថលេខាដោយលោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងរ៉ែ និងថាមពល កាលពីថ្ងៃទី៩ មីនា កន្លងមក ។
សេចក្តីប្រកាសឲ្យដឹងទៀតថា គ្រប់ស្ថានីយលក់រាយប្រេងឥន្ធនៈទាំងអស់ដែលលក់ប្រេងម៉ាស៊ូត ត្រូវមានប្រភេទផលិតផលប្រេងម៉ាស៊ូតលក់ក្នុងតម្លៃមិនលើសពីថ្លៃដែលបានគណនា ។ ទន្ទឹមនឹងនេះ គ្រប់ស្ថានីយលក់រាយប្រេងឥន្ធនៈទាំងអស់ដែលលក់ប្រេងសាំង ក៏ត្រូវមានប្រភេទប្រេងសាំងធម្មតា ឬសាំងស៊ុបពែរ លក់ក្នុងតម្លៃមិនលើសពីថ្លៃដែលបានគណនាដូចនៅក្នុងប្រកាសអន្តរក្រសួងដែរ ។
សេចក្តីប្រកាសបញ្ជាក់ថា ប្រសិនបើស្ថានីយលក់រាយប្រេងឥន្ធនៈទាំងឡាយណាដែលលើ្មសនឹងប្រកាសនេះ នឹងត្រូវពិន័យអន្តរការណ៍ជាប្រាក់មិនលើសពី៤លានរៀល ។ ក្នុងករណីដែលទទួលរងការពិន័យអន្តរការណ៍ម្ដងរួចហើយ នៅតែបន្ដប្រព្រឹត្តបទល្មើសដដែល ស្ថានីយលក់រាយប្រេងឥន្ធនៈនោះ អាចនឹងរងនូវការឲ្យបិទផ្អាកប្រតិបត្តិការជាបណ្ដោះអាសន្ន ។
តម្លៃប្រេងសាំងជាក់ស្ដែងនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ មីនា ម្សិលមិញ តម្លៃសាំងធម្មតា ក្នុងរង្វង់៣.២៥០រៀលក្នុង១លីត្រ និងសាំងស៊ុបពែរ ក្នុងរង្វង់៣.៥៥០រៀលក្នុង១លីត្រ។ ចំណែកប្រេងម៉ាស៊ូតវិញ មានតម្លៃ៣.១០០រៀលក្នុង១លីត្រ ៕
ចែករំលែកព័តមាននេះ