ខេត្តរតនគិរី ៖ ស្ត្រីវ័យចំណាស់ម្នាក់ខណៈសាឡាងមកជិតដល់ច្រាំង ក៏លោតចុះពីលើសាឡាងមិនប្រយ័ត្ន ត្រូវសាឡាងបុកកៀបពីក្រោយបណ្តាលឱ្យរបួសធ្ងន់បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកអណ្តូងមាសស្លាប់នៅក្នុងមន្ទីរពេទ្យ កាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១០ មីនា ត្រង់ចំណុចកំពង់ដរទន្លេសេសានត្រើយខាងកើត ស្ថិតក្នុងភូមិកាជូត ឃុំញ៉ាង ស្រុកអណ្តូងមាស ។
មន្ត្រីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ រម៉ាម អញ់ អាយុ៥៥ឆ្នាំ ជាជនជាតិកាចក់ និងប្តីឈ្មោះ រចំ ភ្រេត អាយុ៥៧ឆ្នាំ ជាជនជាតិទំពួន និងមានកូន១០នាក់ ជាកសិករ រស់នៅភូមិតាណង ឃុំតាឡាវ ស្រុកអណ្តូងមាស ។
ទាក់ទិនទៅនឹងករណីខាងលើនេះ លោកស្រី កែវ សុខា ម្ចាស់សាឡាងចំឡង បាននិយាយថា នៅមុនពេលកើតហេតុ សាឡាងបានរំកិលខ្លួនខិតជិតដល់ច្រាំងទៅហើយខ្វះតែកន្លះម៉ែត្រទៀត ស្រាប់តែស្ត្រីរងគ្រោះបានលោតចុះទៅមុនក៏ដួលផុងជើងនឹងដីខ្សាច់ បណ្តាលឱ្យសាឡាងបុកពេញទំហឹងតែម្តង ។ ក្រោយកើតហេតុត្រូវបានម្ចាស់សាឡាង និងសមត្ថកិច្ចបញ្ជូនជនរងគ្រោះទៅមណ្ឌលសុខភាពស្រុកអណ្តូងមាស គ្រាន់តែជនរងគ្រោះទៅដល់ គ្រូពេទ្យប្រាប់ថា គាត់ស្លាប់បាត់ហើយ ៕
ចែករំលែកព័តមាននេះ