ព្រឹកនេះ ស្រីមុំ ទៅបំភ្លឺនៅក្រសួងមហាផ្ទៃ
រាជធានីភ្នំពេញ ៖ នាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែននៃក្រសួងមហាផ្ទៃបានធ្វើលិខិតអញ្ជើញកញ្ញា ឃុំ ច័ន្ទតារាទី ហៅស្រីមុំ ឱ្យចូលទៅបំភ្លឺចំនួន២ដង…
រាជធានីភ្នំពេញ ៖ នាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែននៃក្រសួងមហាផ្ទៃបានធ្វើលិខិតអញ្ជើញកញ្ញា ឃុំ ច័ន្ទតារាទី ហៅស្រីមុំ ឱ្យចូលទៅបំភ្លឺចំនួន២ដង…
រាជធានីភ្នំពេញ ៖ នាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែននៃក្រសួងមហាផ្ទៃបានធ្វើលិខិតអញ្ជើញកញ្ញា ឃុំ ច័ន្ទតារាទី ហៅស្រីមុំ ឱ្យចូលទៅបំភ្លឺចំនួន២ដង គឺលើកទី១-នៅថ្ងៃទី៧ មីនា ក៏ប៉ុន្តែកាលណោះ កញ្ញា ស្រីមុំ មិនបានចូលទៅបំភ្លឺតាមការអញ្ជើញនោះទេ ដូច្នេះហើយ ទើបនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែននៃក្រសួងមហាផ្ទៃ បានផ្ញើលិខិតអញ្ជើញជាលើកទី២ ឱ្យចូលមកបំភ្លឺនៅព្រឹកថ្ងៃទី១១ មីនា ឆ្នាំ២០១៦ ។ គឺការអញ្ជើញទាំង២លើកនោះហើយ បានធ្វើឱ្យកញ្ញា ស្រីមុំ មានការព្រួយបារម្ភ ទើបមកសុំអន្តរាគមន៍ពីសមាគមអាដហុកដោយផ្ទាល់តែម្ដង ទើបមានការបែកធ្លាយការបដិសេធរបស់ម្ចាស់គណនីស្រមុំ ។ ពាក់ព័ន្ធរឿងអាស្រូវតាមខ្សែអាត់ដែលបង្ហោះជាបន្តបន្ទាប់ ដោយគណនីរឿងពិតCNRP ដែលផ្ដោតត្រង់ៗទៅលើលោក កឹម សុខា នោះរហូតមកដល់ពេលនេះ លោកមិនធ្វើការបកស្រាយអ្វីនោះទេ ដោយលោកនិងគណបក្សទាំងមូលគិតតែយកចិត្តទុកដាក់អំពីការបោះឆ្នោតនា ពេលខាងមុខតែប៉ុណ្ណោះ ។
ទីបំផុតនារីវ័យក្មេងម្នាក់ដែលស្ថិតនៅចំណុចកណ្តាលនៃការចោទប្រកាន់ទៅលើ លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិបានចេញមុខមកអះអាងថា ការចោទប្រកាន់ រឿងរ៉ាវអាស្រូវផ្លូវភេទដែលបានធ្វើឲ្យភ្ញាក់ផ្អើលក្នុងបណ្តាញសង្គម និងនៅក្នុងប្រទេសកម្ពុជា គឺជារឿងប្រឌិតមួយប៉ុណ្ណោះខណៈពេលដែលការផ្សាយខ្សែអាត់សំឡេងពីគណនីរឿងពិត CNRP បានបន្តផ្សាយដល់ភាគទី២២ ហើយ ។
កញ្ញា ច័ន្ទតារាទី ដែលទទួលស្គាល់ថានាងមានគណនីហ្វេសប៊ុកឈ្មោះMon Srey ដែលមុននេះត្រូវបានផ្សព្វផ្សាយ ដោយសារព័ត៍មាន នានាមានកាសែត ទូរស្សន៍ និងបណ្តាញសង្គមហ្វេសប៊ុកថា នាងជាស្រីស្នេហ៍ លោក កឹម សុខាត្រូវបាននាងបដិសេធថា នាងមិនបានបង្ហោះសារក្នុងហ្វេសប៊ុករបស់នាង ចោទប្រកាន់លើលោក កឹម សុខា នោះទេ និងក៏មិនបានទាក់ទងនិយាយពាក់ព័ន្ធទៅកញ្ញា ធី សុវណ្ណថា នោះដែរ។ នាងថាមិនបានបង្កើតរឿងទាំងនេះទេ នាងបង្ហោះតែរូបថតទេ ព្រោះខ្លួនរៀនសូត្របានតែត្រឹមថ្នាក់ទី៤ ហើយមិនចេះសរសេរសារដែលមានខ្លឹមសារអ្វីឡើយ ។ នាងបានឆ្លើយតប បទសម្ភាស៍ជាមួយវិទ្យុVOA ថា «អ្វីដែលខ្ញុំផុសទៅគឺមានតែរូបភាពទេ ។ ខ្ញុំអត់មានសមត្ថភាពណាទៅសរសេរអក្សរ ដែលមានអត្ថន័យថាគាត់មានស្នេហាជាមួយខ្ញុំ ហើយមានទំនាក់ទំនងជាមួយខ្ញុំ ហើយមិនទទួលខុសត្រូវជាមួយខ្ញុំ គឺខ្ញុំអត់មានបានសរសេរទេ ។ ហើយក៏អត់មានរឿងអ្វីកើតឡើងជាមួយខ្ញុំដែរ» ។
បណ្តាញសង្គមនិងសារព័ត៍មានក្នុងប្រទេសកម្ពុជាបានដកស្រង់ ការសន្ទនាតាមទូរស័ព្ទ ពីទំព័រហ្វេសប៊ុកមួយដែលមានឈ្មោះថា «រឿងពិតCNRP» ដែលគេចោទថាជាសំឡេងលោក កឹម សុខា សាសងស្នេហាជាមួយនឹងស្ត្រីដែលមានឈ្មោះ មុំ ។ នាង ច័ន្ទតារាទី បានបញ្ជាក់ថាលោក កឹម សុខា ពិតជាធ្លាប់បានទូរស័ព្ទមកនាង ក្នុងទំនាក់ទំនងការងារជាធម្មតាដែរ ។
ទាក់ទិនហ្វេសប៊ុកដែលយកឈ្មោះនាង និងដាក់រូបថតនាង ទើបបានបង្កើតតែក្នុងរយៈពេលពីរបីខែមុនផ្ទុះរឿងអាស្រូវ បានសរសេរចោទថា លោក កឹម សុខា បានធ្វើឲ្យនាងមានផ្ទៃពោះ ហើយមិនព្រមទទួលខុសត្រូវដោយលោក ប្រែចិត្តសាវ៉ាទៅស្រឡាញ់នារីផ្សេងជាមិត្តភក្តិនាងវិញ ។ នាង ច័ន្ទតារាទី បានបញ្ជាក់ថា «អ្វីដែលគេសរសេរមក គឺខូចឈ្មោះរបស់ខ្ញុំអស់ហើយ គឺកិត្តិយសរបស់នាងខ្ញុំបាត់បង់អស់ហើយ ។ ខ្ញុំចង់បានកិត្តិយសខ្ញុំមកវិញ ព្រោះថាខ្ញុំខាតបង់ពេលវេលា ។ ខាតបង់អ្នកដែលគេស្គាល់ខ្ញុំគេអត់ជឿជាក់លើខ្ញុំ» ។
នៅពេលបែកការចេញរឿងនោះដំបូង នាងបានបញ្ជាក់ថានាងចង់បកស្រាយរឿងហ្នឹងមួយរយៈដែរ ប៉ុន្មានមិនដឹងថាត្រូវធ្វើយ៉ាងណា ។ នាងបានបញ្ជាក់ថានាងស្លុតចិត្តនៅពេលដែលរឿងរ៉ាវអាស្រូវបែបនេះ ផ្ទុះឡើង ហើយនាងបានរស់នៅដោយលាក់ខ្លួនដោយមានក្តីអាម៉ាស់ ។
ក្រសួងមហាផ្ទៃបានកោះហៅនាងឲ្យទៅបំភ្លឺ នៅក្នុងពាក្យបណ្តឹងរបស់កញ្ញា ធី សុវណ្ណថា នៅថ្ងៃសុក្រខាងមុខ ។ នាង ធី សុវណ្ណថា បានដាក់ពាក្យបណ្តឹងដោយផ្អែកតាមខ្សែអាត់សំឡេងកន្លងមក ដែលមានលក្ខណៈវាយប្រហារលើរូបនាង ។
កញ្ញាស្រីមុំបាននិយាយប្រាប់អ្នកកាសែតកាលពីល្ងាចថ្ងៃទី៩ មីនា ឆ្នាំ២០១៦ និងត្រូវបាន ចាក់ផ្សាយដោយវិទ្យុអាស៊ីសេរីថា នាងជាបុគ្គលិកបំរើការងារនៅក្នុងហាងកាត់សក់ដែលលោក កឹម សុខា តែងតែទៅទីនោះ ។ តែកញ្ញារូបនេះបាននិយាយថា នាងមិនបាននិយាយសាសងស្នេហាជាមួយលោក កឹម សុខា ដូចដែលគេបង្ហោះសម្លេងសាសងនោះទេ ។
នៅល្ងាចថ្ងៃទី៩ មីនា គឺនាងបានទៅកាន់អង្គការអាដហុកដើម្បីស្វែងរកការអន្តរាគមន៍ដោយសារមានការភ័យខ្លាចពីសុវត្ថិភាព និងសន្តិសុខផ្ទាល់ខ្លួន ។ កញ្ញាស្រីមុំបាននិយាយថា នាងមិនទាន់បានដឹងថា មានអ្វីកើតឡើងចំពោះនាងនៅឡើយទេ រហូតដល់ពេលនេះ ។ តែបន្ទាប់ពីលាក់ខ្លួនមួយរយៈនាងបានចេញមុខបកស្រាយតប នឹងអ្វីដែលសារព័ត៌មាន និងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកបានផ្សាយសំឡេងសង្ស័យថា ជាសម្លេងរបស់នាង និងលោក កឹម សុខា ។
កញ្ញាស្រីមុំបាននិយាយថា នាងចង់ឲ្យអង្គការអាដហុកជួយរកយុត្តិធម៌ដល់នាង ព្រោះនាងមិនដឹងថា មានអ្វីអាចនឹងមានចំពោះនាង ឬគេអាចនឹងធ្វើអ្វីទេ ។ កញ្ញាស្រីមុំបាននិយាយថា «ខ្ញុំចង់និយាយបដិសេធថា សម្លេងនោះមិនមែនជាសម្លេងរបស់ខ្ញុំទេ ។ ព្រោះខ្ញុំអត់មានពេលវេលាណាទៅនិយាយសាសងស្នេហាជាមួយគាត់ទេ» ។
នាងបាននិយាយថា នាងមិនដែលបានគិតថាសំឡេងនោះស្រដៀងនឹងសម្លេងរបស់នាងនោះទេ ។ នាងអះអាងថា «បើខ្ញុំនិយាយថាសម្លេងស្រដៀងសម្លេងខ្ញុំ មានន័យថាខ្ញុំទទួលស្គាល់ថាវាជាសម្លេងរបស់ខ្ញុំ តែខ្ញុំមិនដែលបានគិតផង» ។ នាងលើកឡើងថា នាងបានស្គាល់លោក កឹម សុខា មែន គឺស្គាល់នៅពេលគាត់បានអញ្ជើញទៅហាងកាត់សក់ក្នុងនាមជាភ្ញៀវ មុននឹងគាត់ទៅ គាត់បានតេ(ទូរស័ព្ទ)ទៅសួរថាជាងកាត់សក់ទំនេរឬអត់ ? ។
កញ្ញាស្រីមុំបាននិយាយទៀតថា តាមនាងដឹងលោក កឹម សុខា ធ្លាប់កាត់សក់នៅហាងនេះប្រមាណ១០ឆ្នាំមកហើយ តែនាងទើបតែមកបម្រើការងារទេ ។ នាងបានអះអាងថា នាងបានមកធ្វើការងារប្រហែល១ឆ្នាំ ។ នាងនិយាយថា «ខ្ញុំបានឮគេនិយាយថាបន្តិចទៀតលោក កឹម សុខា មកកាត់សក់ ។ ពេលនោះខ្ញុំមិនបានស្គាល់ថាលោក កឹម សុខា ជានរណាគេទេ0x017d7 ។ គេបានស្គាល់លោក កឹម សុខា ទាំងអស់នៅក្នុងហាងនេះព្រោះគាត់ជាភ្ញៀវ ។ ហាងកាត់សក់នេះមានឈ្មោះ «ខ្មែរអង្គរកាត់សក់» ម្តុំវិមានឯករាជ្យ ។
ឆ្លើយសំណួររបស់អ្នកកាសែតកញ្ញាស្រីមុំបាននិយាយថា នាងមិនមែនជាជាងកាត់សក់ឲ្យឯកឧត្តម កឹម សុខា ទេ មានជាងបុរសដទៃទៀតជាអ្នកកាត់ ។ តែនាងជាអ្នកលាបសក់ កក់សក់ និងកាត់ក្រចក ។ តែនាងនិយាយថាលោក កឹម សុខា មិនដែលបានទូរស័ព្ទហៅនាងទៅផ្ទះឬសណ្ឋាគារ គាត់កក់សក់ឬលាបសក់ និងកាត់ក្រចកនោះ គឺនាងមិនដែលទៅតែម្តង ។
កញ្ញាស្រីមុំបាននិយាយប្រាប់អ្នកកាសែតថា លោក កឹម សុខា ធ្លាប់បានទូរស័ព្ទណាត់ទៅកក់សក់ ឬកាត់សក់តែមិនបានកំណត់ថា មួយខែឬពីរទៅម្តងនោះទេ ។ នាងនិយាយថា «ពេលខ្លះមានរយៈពេល១ខែកន្លះ ឬរយៈពេលពីរខែ ឬ២០ថ្ងៃទៅម្តង ។ តែនិយាយទៅមិនទៀងសម្រាប់គាត់ ខ្ញុំបានដឹងតែប៉ុណ្ណឹង ឬក៏គាត់តេសួរថាជាងកាត់សក់ទំនេឬអត់» ។
នាងបាននិយាយថា ពេលខ្លះលោក កឹម សុខា បានទៅកាត់សក់មែន តែមិនបានលាបសក់ទេ និងពេលខ្លះលាប តែមិនបានកាត់សក់ទេ។ នាងនិយាយថា នៅពេលបំពេញការងារជាអ្នកលាបសក់ និងកាត់ក្រចកជូនលោក កឹម សុខានាងមិនអាចដឹងពីចរិតលក្ខណៈណាមួយរបស់បុគ្គលលោក កឹម សុខា ដែរ ព្រោះនាងមិនមែនជាអ្នកជំនិត ឬជាស្ត្រីកំណាន់របស់លោកទេ ។ តែគ្រាន់ថា រាល់ការនិយាយស្តីរបស់លោក កឹម សុខា មិនអាចធ្វើឲ្យនាងវិនិច្ឆ័យបានទេ ។
នាងបានឆ្លើយតបជាមួយសំណួរជាច្រើនរបស់អ្នកកាសែតថា ហ្វេសប៊ុកឈ្មោះ«មុនស្រី»ជារបស់នាង និងរូបនៅក្នុងនោះពិតជារូបថតរបស់នាងមែន នាងទទួលស្គាល់ ។ តែចំពោះខ្លឹមសារក្នុងហ្វេសប៊ុកនោះ នាងមិនបានសរសេរនិងគ្មានសមត្ថភាពសរសេរដែលថា លោក កឹម សុខា មិនទទួលខុសត្រូវចំពោះស្នេហាទេ។ ព្រោះនាងរៀនមិនបានចប់ថ្នាក់ទី៤ផង (បឋមសិក្សា) ។ហ្វេសប៊ុករបស់នាងបានលេងរយៈពេល២ឆ្នាំមកហើយ ។
នាងនិយាយទៀតថា មានគេវាយលុកក្នុងគណនីហ្វេសប៊ុករបស់នាង និងមានគេប្តូរលេខកូដរបស់នាង ។ ពេលដឹងភ្លាមនាងចង់បកស្រាយរឿងនេះដែរ តែនាងមានអារម្មណ៍ភ័យខ្លាច មានអារម្មណ៍ខ្មាសគេ មានអារម្មណ៍តក់ស្លុតមិនដឹងថា ធ្វើរបៀបណានិយាយមិនចេញនៅពេលមានរឿងនេះកើតឡើង ។ នាងនិយាយថា «នៅពេលដឹងរឿងនេះភ្លាម នាងនិយាយមិនចេញមានការតក់ស្លុតខ្លាំងណាស់ ។
នាងនិយាយថា នាងគ្មានគំនុំអីជាមួយនរណាទេ គ្មាននរណាស្អប់នាងទេ ហេតុអ្វីបានជាគេយករូបរបស់នាងបង្ហោះពេញហ្វេសប៊ុកបែបហ្នឹង។ នាងបានបញ្ជាក់ថា នាងមានការខ្មាស់គេនៅកន្លែងធ្វើការងារ និងខាតបង់ពេលវេលារបស់នាងទៀត ។ ក្រោយពេលកើតហេតុ និងរហូតដល់ពេលនេះ នាងមិនបានទាក់ទងតាមទូរស័ព្ទទៅលោក កឹម សុខា ទេ ។
នាងនិយាយថា នៅពេលនាងបានទៅអង្គការអាដហុក នាល្ងាចថ្ងៃទី៩ ខែមីនា គោលបំណងបំភ្លឺរឿងនេះ នាងមិនបានធ្វើអ្វីមួយដែលសង្គមស្អប់ខ្ពើម និងមិនបានប្រព្រឹត្តរឿងអាស្រូវស្នេហាជាមួយលោក កឹម សុខា និងថានាងមិនមែនជាស្រីកំណាន់របស់គាត់ទេ ។ នាងនៅតែអះអាងថា គណនីហ្វេសប៊ុកនោះពិតជារបស់នាងមែន ។
កញ្ញាស្រីមុំបាននិយាយថា នាងសូមឲ្យអង្គការអាដហុកជួយរកយុត្តិធម៌ និងទាមទារនូវភាពស្អាតស្អរបស់នាងយកមកវិញ ព្រោះនាងមិនបានប្រព្រឹត្តទេ ។ នាងបាននិយាយថា រឿងនេះបានកើតឡើងកាលពីថ្ងៃទី២៩ ខែកុម្ភៈ រហូតដល់ថ្ងៃទី៩ ខែមីនា គ្មាននរណាម្នាក់បានទាក់ទងមកនាងតាមរយៈទូរស័ព្ទ ក្រៅតែពីព័ត៌មានដែលអ្នកកាសែតផ្សាយនិងចង់ដឹង ។
នាងនិយាយថា «ខ្ញុំបានលាក់ខ្លួនមួយរយៈអត់មានពេលមកបកស្រាយរឿងបែបអីចឹងទេ ។ តែមានតែបងប្អូនខ្ញុំទេ េដែលគេស្វែងរកយុត្តិធម៌សម្រាប់នាង» ។ តែនាងបានអះអាងថាក្រសួងមហាផ្ទៃបានកោះហៅនាងទៅបំភ្លឺពីបញ្ហានេះដែរតាមរយៈលិខិតចំនួន២ដង ។ នាងបានទទួលលិខិតចំនួន២មកហើយ ។ នាងនឹងចូលខ្លួនបំភ្លឺចំពោះបញ្ហានេះនៅថ្ងៃទី១១ ខែមីនា វេលាម៉ោង៧ព្រឹក ។
លោក នី សុខា ប្រធានផ្នែកស៊ើបអង្កេតសិទ្ធិមនុស្សរបស់សមាគមអាដហុកបានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិនៅព្រឹកថ្ងៃទី១០ មីនា ថា មេធាវីម្នាក់របស់សមាគមនឹងអមដំណើរជាមួយកញ្ញា ឃុំ ចាន់តារាទី ហៅស្រីមុំ ចូលទៅបំភ្លឺនៅក្រសួងមហាផ្ទៃ ទៅតាមការកោះអញ្ជើញនៅព្រឹកថ្ងៃសុក្រ ទី១១ មីនា ឆ្នាំ២០១៦ ។ ការកោះអញ្ជើញនេះ គឺដើម្បីឱ្យនាងទៅបំភ្លឺលើករណីបរិហាកេរ្តិ៍ដែលប្ដឹងឡើងដោយកញ្ញា ធី សុវណ្ណថា ទាក់ទិននឹងខ្សែអាត់សំឡេង ។
ម្យ៉ាងវិញទៀត បើតាមព័ត៌មាននៅចុងសប្ដាហ៍នេះលោក កឹម សុខា នឹងចាកចេញពីប្រទេសកម្ពុជាដើម្បីទៅជួបពិភាក្សាជាមួយលោក សមរង្ស៊ី ដែលជាប្រធានគណបក្សសង្គ្រោះជាតិអំពីស្ថានភាពនយោបាយនៅកម្ពុជានារយៈពេលចុងក្រោយនេះ ។ យ៉ាងណាក៏ដោយ កាលបរិច្ឆេទនិងទីកន្លែងនៃជំនួបនោះ មិនទាន់ត្រូវបានគេដឹងនៅឡើយទេ នេះបើយោងតាមប្រភពវិទ្យុបារាំងអន្តរជាតិផ្សាយថ្ងៃទី១០ មីនា នេះ ៕
ចែករំលែកព័តមាននេះ