រាជធានីភ្នំពេញ ៖ មុខសញ្ញាចោរឆក់ម្នាក់ ក្នុងចំណោម២នាក់ ដែលធ្វើសកម្មភាពឆក់ទូរស័ព្ទពីយុវសិស្ស២នាក់ ត្រូវប្រជាពលរដ្ឋដេញចាប់បានស្វាគមន៍ម្នាក់មួយដៃមួយជើងទ្រោមខ្លួន ទើបប្រគល់ឱ្យសមត្ថកិច្ចបញ្ជូនទៅព្យាបាល និងម្នាក់ទៀតរត់គេចខ្លួនបាត់ស្រមោល កាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៦ នៅតាមផ្លូវវ៉េងស្រេង ត្រង់ចំណុចភ្លើងស្តុបទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ជនសង្ស័យរូបនេះ ឈ្មោះ សុខ ចំរើន អាយុ១៩ឆ្នាំ មុខរបររើសអេតចាយស្នាក់នៅក្នុងភូមិថ្មគោល សង្កាត់ចោមចៅ និងមានស្រុកកំណើត នៅក្នុងភូមិក្បាលឡាន ស្រុកអាចម៍រមាស ខេត្តកំពុងឆ្នាំង និងម្នាក់ទៀតដែលរត់រួចឈ្មោះ សួង រ៉ន អាយុ៣២ឆ្នាំ ជាអ្នករត់ម៉ូតូឌុប ស្នាក់នៅជិតគ្នាជិះម៉ូតូ ធុនសេ១០០កូរ៉េ ពណ៌ក្រហម ១គ្រឿង មិនចាំស្លាកលេខ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ មានយុវសិស្ស២នាក់ជានារី ជិះម៉ូតូ១គ្រឿង ម៉ាកហ្វីណូឌុបគ្នាទៅសាលារៀន ដោយទុកទូរស័ព្ទម៉ាកសាំស៊ុងកាឡាក់ស៊ីណូត មួយគ្រឿង នៅក្នុងឃ្លុបម៉ូតូខាងមុខ ។ លុះពេលមកដល់ចំណុចកើតហេតុ ស្រាប់តែជន២នាក់ ជិះម៉ូតូមួយគ្រឿងស្របគ្នាមកអែបជិតធ្វើសកម្មភាពលូកយកទូរស័ព្ទបានហើយព្យាយាមជិះម៉ូតូរត់គេចខ្លួន ។ ខណៈនោះ ម្ចាស់ទូរស័ព្ទក៏ជិះម៉ូតូដេញតាម និងស្រែកថា «ចោរៗ មិនដាច់ពីមាត់» រហូតមកដល់មុខសាលាបឋមសិក្សាគោកបញ្ជាន់ ប្រជាពលរដ្ឋជួយស្ទាក់ចាប់បានម្នាក់នាំគ្នាវាយស្ទើរស្លាប់ ទើបប្រគល់ឲ្យប៉ូលិស ។ ចំណែកបក្សពួកម្នាក់ទៀតជិះម៉ូតូគេចខ្លួនបាត់ស្រមោល ៕
ចែករំលែកព័តមាននេះ