រាជធានីភ្នំពេញ៖ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានបន្តប្រតិបត្តិ ការចុះ បង្ក្រាបទីតាំង ឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា( Online Scams ) ទីតាំងអគារអគារខុនដូរ ឈ្មោះ ប្រូវេន (PROVANCE) ។
ប្រតិបត្តិការនេះ ធ្វើឡើងថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៦ ស្ថិតនៅអគារលេខ២៤ ផ្លូវលេខ៣០២ ភូមិ២ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ក្រោមការដឹកនាំបញ្ជាផ្ទាល់ដោយ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដឹកនាំអនុវត្តការបង្ក្រាបផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ដោយបានការសម្របសម្រួលផ្លូវច្បាប់ពី លោក សេង ហៀង ព្រះរាជអាជ្ញារង ត្រួតពិនិត្យទីតាំងសង្ស័យមានលួចលាក់ប្រព្រឹត្តបទល្មើសបង្ខាំងមនុស្សខុសច្បាប់។
ជាលទ្ធផល នៃប្រតិបត្តិការបង្ក្រាបកម្លាំងសមត្ថកិច្ច ត្រួតពិនិត្យជាក់ស្តែង ទីតាំងខាងលើនេះរកឃើញមានលួចលាក់ប្រព្រឹត្តបទល្មើស ៣ករណី រួមមានករណីទី១ បានសង្គ្រោះជនជាតិជប៉ុនម្នាក់ ត្រូវបានគេអូសទាញយកមកពីខេត្តបន្ទាយមានជ័យ ក្នុងគោលបំណងជួញដូរយកទៅនៅគោលដៅផ្សេងទៀត តែបច្ចុប្បន្នសមត្ថភាពនៃស្នងការដ្ឋានរាជធានីបានសង្គ្រោះ ។
ករណីទី២ ជនបរទេសចំនួន ៤នាក់(ប្រុស) សញ្ជាតិចិន ពាក់ព័ន្ធនឹងបទល្មើសONLINE SCAMS យោងតាមការធ្វើកោសល្យវិច័យរបស់ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លើសម្ភារជាកុំព្យូទ័រ និងទូរស័ព្ទ សមត្ថកិច្ចជំនាញសន្និដ្ឋានថាជាករណីលួចលាក់ប្រព្រឹត្តបទល្មើស ONLINE SCAMSក្រោមរូបភាពបង្កើតស្ទូឌីយោក្លែងក្លាយ ក្នុងគោលបំណងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ សម្ភារៈដែលត្រូវដកហូតរួមមាន ទូរស័ព្ទដៃ ចំនួន ១២៧គ្រឿង, CPU ចំនួន ២គ្រឿង,Monitor ចំនួន ២គ្រឿង ,All In One ចំនួន ៤គ្រឿង ឧបករណ៍អេឡិចត្រូនិច , ឧបករណ៍ជីករ៉ែមាស និង អណ្តូងរ៉ែមាសចំនួន ០១ ។
សមត្ថកិច្ច នៃការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា សន្ឋិដ្ឋានបានថា សង្ស័យពាក់ព័ន្ធនឹងការក្លែងអត្តសញ្ញាណដើម្បីបម្រើការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ និងករណីទី៣ ជនបរទេសស្នាក់នៅខុសច្បាប់ដោយពុំមានលិខិតស្នាមជាប់ខ្លួនសរុបចំនួន ១២នាក់(ប្រុស)។
បច្ចុប្បន្ន ជនបរទេសទាំង ១៦នាក់ រួមនិងសម្ភារៈវត្ថុតាងត្រូវបានប្រគល់ជូន ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី ៕




ចែករំលែកព័តមាននេះ