ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ទម្លាយមូលហេតុ ដែលរៀបចំឆាប់រហ័ស ដើម្បីកែរដ្ឋធម្មនុញ្ញ កំណត់សញ្ជាតិខ្មែរ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ៖ ក្នុងពេលបើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី៨ ខែតុលានេះ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ការធ្វើសេចក្តីព្រាងច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញ ធ្វើលឿន…

រាជធានីភ្នំពេញ៖ ក្នុងពេលបើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី៨ ខែតុលានេះ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ការធ្វើសេចក្តីព្រាងច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញ ធ្វើលឿន ដោយសារតែ ទី១-យើងធ្វើការអត់ដេកអត់ពួនទេ។ អ្នកឯងធ្វើការមួយខែ យើងខ្ញុំធ្វើការតែ ៣ថ្ងៃ។ ព្រោះប៉ុន្មានមាត្រា នៅក្នុងរដ្ឋធម្មនុញ្ញ គឺបានសិក្សាបញ្ចូល។ ដូច្នេះវាអត់សាំញ៉ាំទេ គឺធ្វើការអត់ដេក។ ទី២-ដើម្បីបញ្ចប់ឋានៈរបស់ហ៊ុនសែន ឲ្យបានស្រូតបំផុត តាមដែលអាចធ្វើទៅបាន។ នៅពេលដែលធម្មនុញ្ញ ( សេចក្តីព្រាងច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញនេះ ) ចូលជាធរមានហើយ! គឺឋានៈនាទីរបស់ ហ៊ុន សែន ត្រូវបានបញ្ចប់! ព្រោះដោយសារគេចោទប្រកាន់ថា ហ៊ុន សែន មានសញ្ជាតិ២! ប៉ុន្តែប្រសិនបើ ហ៊ុន សែន អត់មានសញ្ជាតិ២ទេ! ហ៊ុន សែន នៅតែបន្ត!»។

សម្តេចតេជោ ហ៊ុន សែន ក៏បានបន្ថែមថា «ខ្ញុំបង្ហោះតាមហ្វេសប៊ុកតើ! លេងកុំខឹង ខឹងកុំលេង! ព្រោះទ្វារ បានបិទជារៀងរហូតហើយ សម្រាប់អ្នកដែលមានសញ្ជាតិ២ ហើយប៉ុនប៉ង គេហៅថា ស្វែងរកតំណែងកំពូលទាំង ៣ ពិសេសតំណែងនាយករដ្ឋមន្ត្រី! ព្រោះត្រូវបានដាក់ចូលក្នុងរដ្ឋធម្មនុញ្ញ។ លោកឯង រង់ចាំជាតិក្រោយ ក៏អ្នកឯង រក ២ ភាគ ៣ មិនបានដែរ។ អីចឹង យើងត្រូវធ្វើឲ្យបានស្រូត ដើម្បីធ្វើឲ្យមានភាពច្បាស់លាស់! ថាតើនរណា សញ្ជាតិ១? តើនរណា សញ្ជាតិ២?»។

សម្តេចតេជោ ហ៊ុន សែន បន្ថែមថា «បញ្ហា! វាមានបញ្ហាចំពោះមុខ តែវាមានផលប្រយោជន៍រយៈពេលវែង សម្រាប់ប្រទេសកម្ពុជា ដើម្បីបញ្ជៀសនូវការជ្រៀតជ្រែកពីបរទេស និងបង្ហាញភក្តីភាពចំពោះជាតិមាតុភូមិ! ហេតុអី បានជាមិនហ៊ានយកសញ្ជាតិតែ១? ហើយមកចង់ដណ្តើមយកកៅអី ( នាយករដ្ឋមន្ត្រី )? ហើយកន្លែងនេះ ( កៅអ៊ីនាយករដ្ឋមន្ត្រី ) វាទំនាស់ផលប្រយោជន៍! ការជ្រៀតជ្រែកពីបរទេសទៅលើតំណែងដ៏សំខាន់នេះ។ គឺវាអាចកើតមានច្បាស់! ព្រោះអ្នកមានសញ្ជាតិ ២ ត្រូវបង់ពន្ធឲ្យអ្នកនៅក្រៅប្រទេស! អីចឹងទេ ហើយគេអាចកំញើយថា បើមិនធ្វើតាមគេ ទ្រព្យសម្បត្តិរបស់អ្នកឯង នៅក្រៅប្រទេស គេនឹងរឹបអូស ឬក៏ស្អីអីចេះៗ ដូច្នេះនៅក្រោមឥទ្ធិពលគេ!»។

យ៉ាងណាក៏ដោយ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា «ប៉ុន្តែយើងធ្វើនេះ សំដៅមកប៉ះពាល់មនុស្សតែ ៤នាក់ទេ! បងប្អូនខ្លះ តាមការស្ទង់មតិ សូម្បីតែលោកបណ្ឌិត សេង សារី ដែលធ្វើសម្ភាសន៍ គាត់ថា គាត់ចង់ធ្វើគ្របដណ្តប់ចាប់ពីអនុរដ្ឋលេខាធិការឡើងទៅ បានសេចក្តីថា មន្ត្រីមុខងារនយោបាយ គឺគ្របដណ្តប់ទាំងអស់ ទុកតែមន្ត្រីសាធារណៈ។ ប៉ុន្តែបើយើងធ្វើដូច្នេះ វានឹងប៉ះពាល់ដល់បងប្អូនដទៃទៀត ដែលបង្ខំរត់ទៅក្រៅប្រទេស ហើយបានទៅនៅបរទេស ត្រឡប់ចូលមកវិញ ដើម្បីរួមចំណែកកសាងប្រទេស ក្នុងឋានៈជាមន្ត្រីថ្នាក់នេះ ថ្នាក់នោះ។ បើយើងបិទច្រករបៀបនេះ វាជាភាពចង្អៀតចង្អល់មួយ ខណៈប្រទេសរបស់យើង ខុសពីប្រទេសដទៃ។ ប្រទេសដទៃ សូម្បីតែសាំងហ្គាពួរ! បើចង់ចូលសាំងហ្គាពួរ ត្រូវលាសញ្ជាតិខ្មែរ។ ខ្ញុំចុះហត្ថលេខាស្នើ ដើម្បីបញ្ជាក់អំពីបញ្ហាហ្នឹង។ ប៉ុន្តែយើងទុកឱកាសសម្រាប់ឲ្យអ្នក ដែលមានសញ្ជាតិ២ អាចធ្វើបានជារដ្ឋមន្ត្រី ជាទេសរដ្ឋមន្ត្រី ជាឧបនាយករដ្ឋមន្ត្រី ជាអនុប្រធានសភា ជាអនុប្រធានព្រឹទ្ធសភា។ ប៉ុន្តែប៉ះពាល់តែមនុស្ស ៤នាក់តើ!»។

សម្តេចតេជោ ហ៊ុន សែន បន្ថែមថា «អីចឹង ខ្ញុំរង់ចាំមើល នរណាប្រឆាំងនឹងការធ្វើនេះ! អ្នកនោះ គឺមានបំណង ចង់ធ្វើនាយករដ្ឋមន្ត្រី ឬគាំទ្រអ្នកដែលត្រៀមធ្វើនាយករដ្ឋមន្ត្រី ហើយដើម្បីស៊ីពែជាតំណែងជារដ្ឋមន្ត្រី ឬក៏រដ្ឋលេខាធិការ។ អាហ្នឹងគឺយើងនឹងចាំមើល! ព្រោះប៉ះពាល់មនុស្សតែ ៤នាក់ទេ! អ្នកកាន់តំណែងប្រធានព្រឹទ្ធសភា អ្នកកាន់តំណែងប្រធានរដ្ឋសភា អ្នកកាន់តំណែងនាយករដ្ឋមន្ត្រី អ្នកកាន់តំណែងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ។ អីចឹងផលប្រយោជន៍រយៈពេលវែង កម្ពុជាត្រូវធ្វើខ្មែរូបនីយកម្ម នៅពេលអនាគត ត្រូវធ្វើខ្មែរូបនីយកម្ម លើបញ្ហាបន្ថែមទៀត នៅពេលក្រោយ។ ពេលនោះ យើងគិតដល់។ តែឥឡូវនេះ វាមិនទាន់ដល់ពេលទេ»។

ជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែន ក៏បានពន្យល់ថា ការធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញនេះ ហេតុអ្វីត្រូវធ្វើស្រូត ប្រញាប់ដូច្នេះ។ នោះគឺដើម្បីបញ្ជាក់ ទី១-ល្បឿនការងារយើង វាលឿន។ ប៉ុន្តែ២-ដើម្បីបញ្ជាក់ឲ្យច្បាស់លើការចោទប្រកាន់ថា សម្តេចមានសញ្ជាតិ២។

ដល់ត្រង់នេះ សម្តេចតេជោ ហ៊ុន សែន បានណែនាំដល់លោកប្រាក់សុខុន រដ្ឋមន្ត្រីការបរទេស ដែលចូលរួមកិច្ចប្រជុំគណៈរដ្ឋមន្ត្រីដោយផ្ទាល់នាព្រឹកនេះ ត្រូវតែធ្វើកិច្ចការងារនេះ ឲ្យបានល្អជាមួយរដ្ឋសាយប្រ៊ីស ( Cyprus ) ដោយសម្តេចថា នេះជាទំនាក់ទំនងរដ្ឋ និងរដ្ឋ ដោយរដ្ឋទាំង២ ទទួលរងគ្រោះដូចគ្នា។ រាជរដ្ឋាភិបាលកម្ពុជា ប៉ះពាល់ទៅដល់មេដឹកនាំកម្ពុជា គឺនាយករដ្ឋមន្ត្រីកម្ពុជា ឯសាយប្រ៊ីស ខ្លួនឯង ត្រូវខូចឈ្មោះដោយសារការយកឈ្មោះប្រទេស សាយប្រ៊ីស ទៅបន្តុះបង្អាប់ថា សម្តេចហ៊ុនសែន ទិញសញ្ជាតិ និងមានប៉ាស្ព័រ។ អីចឹងទេ រដ្ឋទាំង២ ដែលជារដ្ឋរងគ្រោះដូចគ្នា ដោយសារតែសារព័ត៌មានអង់គ្លេស The Gardian។

សម្តេចតេជោ ហ៊ុន សែន លើកឡើងថា ពិតមែនតែសារព័ត៌មាននោះ បានកែហើយក៏ដោយ តែរដ្ឋមន្ត្រីការបរទេស លោក ប្រាក់ សុខុន ហើយបើចាំបាច់លោករដ្ឋមន្ត្រីយុត្តិធម៌ កើត រិទ្ធ ត្រូវជួបរដ្ឋមន្ត្រីការទេស ឬក៏ជួបរដ្ឋមន្ត្រីយុត្តិធម៌ របស់ប្រទេស សាយប្រ៊ីស តាមប្រព័ន្ធវិដេអូ និយាយគ្នាឲ្យច្បាស់លើរឿងនេះ។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា «រឿងនេះ មិនចប់ទេ ព្រោះយើងស្នើសុំកិច្ចសហប្រតិបត្តិការរវាងរដ្ឋ និងរដ្ឋ ហើយក៏មិនអាចយករឿងនេះ មកធ្វើជាការលេងសើច ថាជារឿងតូចតាចទេ។ មិនមែនជារឿងតូចតាចទេ! រឿងទាក់ទងជាមួយនឹងមេដឹកនាំជាតិមួយ ដែលត្រូវគេមួលបង្កាច់។ ឯនៅសាយប្រ៊ីស វាខូចខាតមុខមាត់របស់រដ្ឋាភិបាល សាយប្រ៊ីសនោះតែម្តង។ ឥឡូវរម្លឹកគាត់! ឲ្យទូតយើង នៅប៉េកាំង ជួបទូតសាយប្រ៊ីស ដែលបានបញ្ជាក់ហើយ ហើយបើគាត់មិនឆ្លើយទេ យើងធ្វើណោទទូតៗៗ ប៉ុន្តែរកការសហការ។ ឥឡូវយើង បានធ្វើណោទទូត បញ្ជូនទៅអគ្គរដ្ឋទូត EU សហភាពអឺរ៉ុបនៅភ្នំពេញ។ ធ្វើណោទទូត បញ្ជូនលិខិតរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីយុត្តិធម៌ ឲ្យបណ្តាអគ្គរដ្ឋទូតនៅសហភាពអឺរ៉ុប រាប់ទាំងអង់គ្លេស ដោយសារតែអាកាសែតហ្នឹង វាជារបស់អង់គ្លេស។ អីចឹងទេ ចាំបាច់ត្រូវធ្វើអាហ្នឹង ឲ្យលឿន ព្រោះសំឡេងគាំទ្រ វាធំមហាសាល»។ 

សម្តេចតេជោ ហ៊ុន សែន បន្តថា «ឥឡូវយើងធ្វើសេចក្តីព្រាងច្បាប់ ស្របតាមការកំណត់ក្នុងរដ្ឋធម្មនុញ្ញ រួចហើយនាយករដ្ឋមន្ត្រី ធ្វើលិខិតថ្វាយព្រះមហាក្សត្រ សូមធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ។ ព្រះមហាក្សត្រ ទ្រង់សួរទៅក្រុមប្រឹក្សាធម្មនុញ្ញ។ ក្រុមប្រឹក្សាធម្មនុញ្ញ ថ្វាយព្រះរាជយោបល់ ទៅព្រះមហាក្សត្រ។ ព្រះមហាក្សត្រ ព្រោះក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យមើល តើប៉ះពាល់អ្វីដែលរដ្ឋធម្មនុញ្ញ ហាមឃាត់ ឬអត់? ជាពិសេសរបបរាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញ និងរបបប្រជាធិបតេយ្យ សេរីពហុបក្ស។ បើមិនបានប៉ះពាល់ទេ គឺអាចធ្វើបាន។ ព្រះមហាក្សត្រ ទទួលបានយោបល់ក្រុមប្រឹក្សាធម្មនុញ្ញ ព្រះមហាក្សត្រនឹងបញ្ជាក់មករាជរដ្ឋាភិបាល រាជរដ្ឋាភិបាលជូនទៅសភា។ អីចឹងរដ្ឋធម្មនុញ្ញមួយចេញបាន។

សូមរម្លឹកថា សេចក្តីព្រាងច្បាប់ ស្តីពី វិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលកំណត់ថា តំណែងនាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវមានសញ្ជាតិខ្មែរតែមួយ ត្រូវបានគណៈរដ្ឋមន្ត្រី ក្រោមការដឹកនាំប្រជុំរបស់សម្តេចតេជោ ហ៊ុន សែន បានអនុម័ត បញ្ជូនទៅរដ្ឋសភា កាលពីព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ នេះ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ